រដ្ឋាភិបាលកំណត់យកថ្ងៃ២៩ធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា និងជាបុណ្យជាតិដែលមានការឈប់សម្រាកជាផ្លូវការ ខណៈអ្នកវិភាគចង់ឱ្យរដ្ឋាភិបាលប្រកាន់យកការអនុវត្តបែបសន្តិភាព គ្មានអំពើហិង្សាដូចការបង្កើតទិវានេះ។
បើតាមមាត្រា១នៃអនុក្រឹត្យចេញកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ស្តីពីទិវាសន្តិភាពនៅកម្ពុជា សម្រេចថា ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនៅកម្ពុជា ជាការឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម និងជាការរំឮកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុងជាដើម។
លោកបណ្ឌិត មាស នី ជាអ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយមួយរូបយល់ថា ទិវាសន្តិភាពនេះមានន័យថាគូភាគីទាំងឡាយដែលស្ថិតនៅក្នុងសង្គមគឺត្រូវតែឈ្នះទាំងអស់គ្នា និងមានសុទ្ធចិត្តទាំងអស់គ្នា ទើបអាចទទួលយកថាជាទិវាជាតិនយោបាយឈ្នះឈ្នះរបស់ភាគីទាំងសងខាងពេញចិត្តទាំងអស់គ្នា។
លោកបន្តទៀតថា៖ «ប៉ុន្តែសម្រាប់ទិវាឈ្នះឈ្នះរដ្ឋាភិបាលប្រកាសនេះខ្ញុំក៏មិនទាន់យល់ដែរប្រសិនបើគេចង់និយាយថានេះជាទិវាឈ្នះឈ្នះរបស់គណបក្សកាន់អំណាច អាហ្នឹងវាត្រូវរបស់គាត់ហើយ ព្រោះថាគាត់ឈ្នះរហូតគាត់មិនដែលចាញ់ទេណា ប៉ុន្តែយើងយកមកនិយមន័យទិវាឈ្នះឈ្នះមកដាក់នៅក្នុងទិដ្ឋភាពនៃការបង្រួបបង្រួមជាតិ ហើយនិងការរកឯកភាពជាតិ នោះអាទិវាឈ្នះឈ្នះនេះវាមិនសូវត្រូវទេនៅក្នុងបរិបទនេះទេបាទ»។
លោកបានបន្ថែមថា៖«ហើយក៏មានពិធីមួយចំនួនដែលវាស្ថិតនៅក្នុងភាពចម្រូងចម្រាស់ហើយពលរដ្ឋទូទៅក៏មិនទាន់ទទួលយកគ្រប់គា្នវាជាទិវារបស់ជាតិទេ វាជាទិវាដែលបង្កើតឡើងដោយគណបក្សនយោបាយ ក្នុងនឹងសូម្បីតែទិវារំឮកថ្ងៃ៧មករានឹងក៏យើងនៅមិនទាន់ចុះសម្រុងគ្នានៅឡើយអំពីការទាញទិវានឹងមកដាក់ក្នុងបេះដូង ថាវាជាទិវារបស់ជាតិទាំងអស់ទេ គេនៅរិះគន់នៅឡើយ ហើយខ្ញុំសង្កេតឃើញថាទិវាឈ្នះឈ្នះនេះវាជារូបភាពនយោបាយជាជាងការបង្រួបបង្រួមជាតិ»។
លោកបន្តទៀតថា ប្រសិនបើនិយាយអំពីទិវា២៣តុលា គឺមិនខុសគ្នាពីអ្វីដែលគណបក្សកាន់អំណាចបានអះអាងថាបើគ្មានថ្ងៃ៧មករាទេក៏គ្មានសព្វថ្ងៃដែរ ហើយ ប្រសិនបើមិនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ កម្ពុជាក៏មិនមានសន្តិភាពដូចរាល់ថ្ងៃដែរ។
លោកបន្ថែមថា៖ «ប្រហែលជាយើងឈ្លោះគ្នាហើយច្បាំងគ្នាទាល់តែខ្ទេចរឿងខ្លួនហើយក៏មិនដឹងថារស់ឬក៏នៅដែរបាទ សម្រាប់ខ្ញុំថ្ងៃ២៣តុលាវានៅតែជាគុណតម្លៃខ្ពស់សម្រាប់អ្វីដែលកម្ពុជាមានសព្វថ្ងៃបាទ ហើយទោះបីជាគណបក្សនយោបាយគាត់អបអរសន្តិភាព ខ្ញុំក៏គិតថាសន្តិភាពនេះមិនអាខកើតឡើងប្រសិនបើគ្មាន អើ២៣តុលាបាទ»។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យផ្នែកវិទ្យសាស្រ្តនយោបាយយល់ថា ការបង្កើតទិវាសន្តិភាពនៅកម្ពុជានេះ មិនមានអ្វីជាការទាស់ខុសនោះទេ។ ប៉ុន្តែលោកថា អាជ្ញាធរគួរតែប្រកាន់គោលការណ៍សន្តិភាព ចៀសវាងអំពើហិង្សាផ្សេងៗ។
លោកបន្ថែមថា៖ «ន័យវាសំខាន់គឺចង់ឲ្យពលរដ្ឋបណ្ដុះការស្រឡាញ់គ្នានៅក្នុងសន្តិភាព តែបើខ្ញុំបញ្ជាក់ថាអ្នកអនុវត្តច្បាប់ អាជ្ញាធររដ្ឋអំណាចនេះគួរប្រកាន់គោលការណ៍សន្តិភាព បង្ក្រាបបាតុកម្មបង្ក្រាបអីអានេះជាកិច្ចការមួយប្រាស់ចាកពីគោលការណ៍សន្តិភាព»។
ចាប់តាំងពីឆ្នាំ២០២០មក រដ្ឋាភិបាលបានសម្រេចលុបចោលថ្ងៃ២៣ តុលា លែងឱ្យមានការឈប់សម្រាកជាសាធារណៈ។ ២៣ តុលា តែងត្រូវបានប្រារព្ធឡើងដើម្បីរំឮកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយភាគីហត្ថលេខីតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕