មន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារល្មើសនឹងវិន័យកងកម្លាំង។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានសម្រចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ១២រូប នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
ប្រកាសដដែលនោះបញ្ជាក់ពីមូលហេតុថា៖«ល្មើសវិន័យរបស់កងកម្លាំងនរគបាលជាតិ»។
ចំណែកប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ របស់ពួកគេ ក្រសួងបញ្ជាក់ថា នឹងត្រូវបានកាត់ផ្តាច់និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីឆ្នាំ២០២៤ តទៅ។
បើតាមប្រកាស មន្ត្រីនគរបាលដែលត្រូវបណ្តេញចេញទាំង ១២រូបនោះរួមមាន លោក ស ពិសិដ្ឋ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, លោក គង់ ចាន់រស្មី នាយផ្នែកអក្សរសម្ងាត់ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ, លោក ឌួង ចាន់សិត្សា នាយរងផ្នែក នៃការិយាល័យបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ, លោក ថា សោភ័ណ នាយរងផ្នែករដ្ឋបាល នៃការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា, លោក រស់ ឧត្តម នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា, លោក ស៊ីម ប៊ុនធឿន នាយរងផ្នែកការពារនិងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ, លោក ផាន់ ឯម នាយរងផ្នែកអន្តោប្រវេសន៍ នៃអធិការ ដ្ឋាននគរបាលខណ្ឌកំបូល, លោក ជុំ ម៉ៅ មន្ត្រីនៃការិយាល័យអន្តរាគមន៍, លោក អេង ស៊ីណាត មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, លោក ជិន សុខា មន្ត្រីផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ, លោក ហាក់ មុនីរិទ្ធ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងលោក ហេង គីមលេង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់បន្ថែមថា ការបណ្តេញមន្រ្តីនគរបាលទាំងនោះចេញពីក្របខ័ណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយរកឃើញថា ពួកគេអវត្តមាននៅក្នុងការបំពេញតួនាទីភារកិច្ច មិនគោរពបទបញ្ជា តួនាទី ភារកិច្ច ហើយមិនអនុវត្តតាមបទបញ្ជាអង្គភាពឱ្យបានត្រឹមត្រូវ និងមិនទទួលខុសត្រូវនៅក្នុងភារកិច្ចផ្សេងៗ។
លោកបញ្ជាក់ថា ការបណ្តេញចេញមន្ត្រីនគរបាលទាំងនោះ គឺមិនពាក់ព័ន្ធគ្រឿងញៀននោះទេ។
លោកបញ្ជាក់ថា៖«ទុកក៏មិនចំណេញ ដកចេញក៏មិនខាត អនុវត្តបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ០០៦ បណ្តេញចេញពីក្របខ័ណ្ឌ យោងទៅតាមគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្រ្តី គឺសម្អាតផ្ទះយើងឱ្យស្អាត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កន្លងមក ក៏បានបណ្តេញមន្ត្រីចេញពីក្របខណ្ឌមួយចំនួនផងដែរ ដោយពួកគេប្រព្រឹត្តិខុសផ្សេងៗ ហើយកាលពីពេលថ្មីៗនេះ ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។
លោកថ្លែងថា៖«ឥឡូវទិសដៅមួយដែលយើងត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ ខ្ញុំបានជជែកជាមួយឯកឧត្តម ស សុខា និងឯកឧត្តម ទៀ សីហា ដែរ គឺត្រូវបន្សុទ្ធកម្លាំងរបស់យើង ត្រូវបោសសំអាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើមុនគេ ព្រោះអ្នកអនុវត្តច្បាប់ ត្រូវតែស្អាតមុនគេ»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន លើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃ ធ្លាប់បានប្រកាសអំពីសភាពធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងញៀន និងភាពអសកម្មមួយចំនួនរបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានប្រកាសជាសាធារណៈថានឹងចាត់វិធានការទៅលើកងកម្លាំងនគរបាល ឬប្រដាប់អាវុធណាដែលល្មើសនឹងវិន័យកងកម្លាំង។
ជាមួយគ្នានេះ លោកចាត់ទុកកិច្ចការនេះ ថាជារឿងចាំបាច់ ព្រោះបើកងកម្លាំងនគរបាលសកម្ម និងអនុវត្តតាមបទបញ្ជាបានត្រឹមត្រូវ នោះបទល្មើសផ្សេងៗនឹងត្រូវបានកាត់បន្ថយ ជាពិសេសបញ្ហាគ្រឿងញៀនដែលជាកង្វល់សម្រាប់ប្រទេសជាតិ ដែលទាមទារឱ្យកម្លាំងនគរបាលខ្លួនឯងស្អាតសិន មុននឹងទៅសម្អាតបទល្មើស។
លោកបញ្ជាក់ថា៖«ការត្រួតពិនិត្យទៅលើកងកម្លាំងនគរបាល ក៏ដូចជាដាក់ពិន័យ ដាក់ទោសទណ្ឌទៅលើប៉ូលីស នគរបាលណា ដែលពាក់ព័ន្ធគ្រឿងញៀន ឬក៏អសកម្ម គឺជារឿងសំខាន់ដើម្បីបោសសម្អាតពីកងកម្លាំងមុន ហើយខ្ញុំជឿថាបើសិនជាចាត់ការរឿងនេះ ធ្វើឡើងដោយតម្លាភាព ហើយមានឆន្ទៈ និងគណនេយ្យភាពខ្ពស់ ហើយខ្ញុំជឿថាអាចនឹងជំរុញឱ្យសង្គមមានសន្តិសុខ និងពលរដ្ឋពេញចិត្ត»៕