ចលនាមាតាធម្មជាតិ ចាត់ទុកការនាំខ្លួនសកម្មជនរបស់ខ្លួន​ ១៣នាក់ ទៅសួរនាំ​​ពីសំណាក់អាជ្ញាធរខណ្ឌដូនពេញ ពេលកំពុងផ្សព្វផ្សាយអំពីតំបន់ធម្មជាតិ​កោះកុងក្រៅនោះ​ ថាជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។

កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សមាជិកចលនាមាតាធម្មជាតិ បាននាំគ្នា​ជួបជុំ​នៅសួនច្បារមាត់ទន្លេ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយធ្វើសកម្មភាពហាត់ប្រាណ និងផ្សព្វផ្សាយតំបន់កោះកុងក្រៅទៅកាន់​សាធារណជន ដែលជាសកម្មភាពមួយ ក្នុងគោលបំណងស្នើទៅរដ្ឋាភិបាលពន្លឿនការ​ដាក់​តំបន់កោះ​កុង​ក្រៅ​ទៅក្នុងឧទ្យានជាតិសមុទ្រក្រោមកិច្ចការពារអភិរក្ស។

សកម្មជន​ចលនាមាតា​ធម្មជាតិ កញ្ញា ភួន កែវ​រស្មី​ បានឱ្យដឹងថា​ ការជួបជុំគ្នា​កាលពីថ្ងៃម្សិលមិញនោះ ធ្វើឡើងក្នុងគោលបំណង​ផ្សព្វ​ផ្សាយ​ពីសារសំខាន់​នៃ​​តំបន់​​កោះកុងក្រៅ ទៅកាន់ប្រជាពលរដ្ឋ​​ និង​​ចង់ឱ្យរដ្ឋាភិបាល​ដឹងឮ និងដាក់តំបន់នោះទៅតំបន់អភិរក្សធនធាន​ធម្មជាតិ ព្រមទាំងស្នើឱ្យមានការ​​ដកអាជ្ញាប័ណ្ណ​ពីក្រុមហ៊ុន SEZ ដែលចង់ទៅអភិវឌ្ឍន៍នៅតំបន់នោះ​ជាដើម។

កញ្ញា​បន្ត​ថា មាតាធម្មជាតិក៏បានរៀបចំយុទ្ធនាការ “ថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ” ដែលធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ ពេញមួយឆ្នាំ ដោយមានជាសកម្មភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយពីកោះកុងក្រៅផងដែរ។

តែយ៉ាងណា កញ្ញាថា កំឡុងពេលពួកគេជួបប្រជុំហាត់ប្រាណ និងផ្សព្វផ្សាយនោះ អាជ្ញាធរ​ប្រមាណ ១០០នាក់ បានទៅសួរនាំ និងនាំខ្លួនពួកគេទៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីសួរនាំជាច្រើនម៉ោង មុននឹងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។  

កញ្ញា ភួន កែវរស្មី អះអាងថា៖«ការឃាត់ខ្លួនពីអាជ្ញាធរ ពួកគាត់អះអាងថាយើងមិនបានសុំច្បាប់ ហើយពួកយើងសួរថាតើការហាត់ប្រាណហ្នឹង ក៏ចាំបាច់យើងត្រូវសុំច្បាប់ដែរ? គាត់(អាជ្ញាធរ)ថាដោយសារយើងមានបដា យើងពាក់អាវដូចគ្នាអីជាដើមហ្នឹង ដែលជាហេតុគាត់[អាជ្ញាធរ]ឃាត់ខ្លួនយើង»។

សកម្មជន​ចលនា​មាតា​ធម្មជាតិមួយរូបទៀត លោក ថុន រដ្ឋា បានបញ្ជាក់ប្រាប់ថា​​ ការឃាត់ខ្លួនយុវជនទាំង១៣នាក់ ទៅសួរនាំ ពីអាជ្ញាធរខណ្ឌដូនពេញ ជាមេរៀនមួយដែលបង្ហាញ​កាន់តែច្បាស់ថា កោះកុងក្រៅ ពិតជាមិន​អាចខ្វះការមើលថែ ពីប្រជាពលរដ្ឋខ្មែរបាននោះទេ។ លោកក៏បានចាត់ទុកសកម្មភាពរបស់អាជ្ញាធរ​ដែលបានឃាត់ខ្លួនពួកគេសួរនាំអស់ជាច្រើនម៉ោង ថាជាការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។

លោកបន្ថែមថា៖ «នេះជាសកម្មភាពដែលពួកយើងមិនចង់ឃើញ ហើយនេះជាការរឹតត្បិតសិទ្ធិសេរីភាពមួយផែ្នករបស់យុវជនក្នុងសកម្មភាពការពារបរិស្ថាន ឬធនធានធម្មជាតិរបស់ប្រទេសជាតិទាំងអស់គ្នា»។

បើតាមក្រុមយុវជនមាតាធម្មជាតិ អំឡុង​ពេលអាជ្ញាធរខណ្ឌដូនពេញសួរនាំពួកគេ​នោះ ​​មន្ត្រីអន្តោប្រវេសន៍ ក៏បានពិនិត្យលើលិខិតឆ្លងដែន ទិដ្ឋការ(វីសា) និងអត្តសញ្ញាណប័ណ្ណរបស់ជនជាតិអាល្លឺម៉ងម្នាក់ ដែលជាមិត្តភក្តិរបស់កញ្ញា ភួន កែវរស្មី ផងដែរ ដោយការសួរនាំនោះធ្វើឡើងនៅបន្ទប់ដាច់ដោយឡែកមួយទៀត។

ពាក់ព័ន្ធនឹងករណីនេះ Newsroom Cambodia មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ ជា ខេមា អភិបាល​ខណ្ឌដូនពេញ​បាន​ទេ។

ចំណែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងទំព័រហ្វេស​ប៊ុករបស់ខ្លួនថា ការជួបជុំរបស់​មនុស្សមួយក្រុមដែលអះអាងថាជាសកម្មជនមាតាធម្មជាតិនោះ ជា​សកម្មភាពខុសច្បាប់ បង្ក​ប៉ះពាល់សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា៖ «ការធ្វើសកម្មភាពនេះ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ស្របតាមនីតិវិធីច្បាប់ឡើយ។ ដោយឃើញសកម្មភាពអាណាធិបតេយ្យបែបនេះ សមត្ថកិច្ចបានអញ្ជើញ​ពួកគាត់មកធ្វើការសាកសួរហើយក្នុងចំណោមពួកគេក៏មានជនបរទេសម្នាក់ចូលរួមជាមួយ»

ប្រភពដដែលបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនបរទេស​ម្នាក់នោះ​ បានប្រាប់ថារូបគេពុំបានដឹងពីគោល​​​បំណង​នៃការ​ជួបជុំនោះទេ ដោយគ្រាន់តែគេប្រាប់ថាជាសកម្មភាពហាត់ប្រាណ។ តែយ៉ាងណា ស្នងការដ្ឋានបញ្ជាក់ថា ក្រោយពី​មន្រ្តីនគរបាលអន្តោប្រវេសន៍បានសាកសួរតាមនីតិវីធីអន្តោប្រវេសន្តរួចហើយ ជនបរទេសរូបនោះ បានធ្វើលិខិតសុំទោសទទួលស្គាល់កំហុស កែប្រែបញ្ចប់ការទំនាក់ទំនងជាមួយក្រុមនេះទៀត និងបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសដើមខ្លួនវិញនៅថ្ងៃខាងមុខដោយខ្លួនឯង។

អ្នកសម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា ករណី​​ឃាត់ខ្លួនសកម្មជនបរិស្ថាន​ដែលធ្វើកិច្ចការ​ការពារធនធានធម្មជាតិនេះ មិនមែនជារឿងថ្មីនោះទេ ដោយ​​​​វាបានកើតឡើងតាំងពីរដ្ឋាភិបាលអាណត្តិមុនមកម្លេះ។ លោកចាត់ទុកករណីនេះថា​ជាការរំលោភបំពាន និងរឹតត្បិតសិទ្ធិសេរីភាពនៃការចូលរួមរបស់យុវជន ហើយក៏ជាការបំបាក់ស្មារតីទៅដល់យុវជនផ្សេងទៀត នាំឱ្យពួកគេភ័យខ្លាចក្នុងការចូលរួមកិច្ចការការពារធនធានធម្មជាតិ។

លោកថា៖«ខ្ញុំយល់ឃើញថា នេះវាគឺជាទម្រង់នៃការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ របស់យុវជនក្នុងការចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេស​ក្នុងការចូលរួមចំណែកជំរុញឱ្យមានការគ្រប់គ្រង ការការពារ ការចាត់ចែង​ ការបែងចែកទ្រព្យសម្បត្តិរបស់ជាតិហ្នឹង​ ឱ្យបានល្អប្រសើរ ហើយការឃាត់ខ្លួនទៅលើក្រុមសកម្មជននេះ វាមិនបានផ្តល់ផលចំណេញសម្រាប់រដ្ឋាភិបាលនោះទេ»។

សូមបញ្ជាក់ថា កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២៣ សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​អង្គការ​អន្តរជាតិ Right Livelihood ផ្តល់​ពានរង្វាន់​សកល (Right Livelihood Award) ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ (Nobel Peace Prize) ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​​​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​ជា ១​ទសវត្ស​កន្លងមក​នេះ។​ ​ក្រៅពីនោះ ពួកគេ​ក៏​ទទួល​​បាន​​ពានរង្វាន់​អ្នក​ការ​ពារ​​សិទ្ធិមនុស្ស​ជួរ​មុខ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Frontline Defender for Asia Pacific) ពី​អង្គការ Frontline Defender Defenders ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយប្រថាន​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិ​ស្ថាន​​នៅ​កម្ពុជា កាលពីឆ្នាំ២០២១៕