លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា ការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំទទួលបានភាពជោគជ័យ ដែលនាំឱ្យភាគីពាក់ព័ន្ធទទួលស្គាល់ថា ជំហាននេះនាំឱ្យកម្ពុជាមានរបថនៃវប្បធម៌ថ្មីសម្រាប់សង្គមទាំងមូល និងមនុស្សជំនាន់ថ្មីផង។
ការអះអាងដូចនេះ របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត OCIC នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ។ថ្លែងនៅចំពោះមុខសិស្សនិទ្ទេស A ជិត២ពាន់នាក់(១៦៩១) ដែលទើបឆ្លងកាត់ការប្រឡងបាក់ឌុបថ្មីៗនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថាតាមរយៈលទ្ធផលល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ គឺជាវឌ្ឍនភាពមួយដ៏ល្អប្រសើរនៃការធ្វើកំណែទម្រង់ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់» ចាប់តាំងពីឆ្នាំ២០១៤ ពោលដែលមានរយៈពេលជិត១០ឆ្នាំ ខណៈគ្រាដំបូងនៃការធ្វើកំណែទម្រង់នេះ អ្នកជាប់មានចំនួន ប្រមាណ២០ភាគរយ ហើយការប្រឡើងនោះទៀតសោត ត្រូវរៀបចំ ចំនួន២ដង។ប៉ុន្តែនៅក្នុងសម័យប្រឡង២០២៣វិញ មានអ្នកជាប់កើនជាង៧០ភាគរយ ដែលតួលេខនេះធ្វើឱ្យសិស្សដែលជាប់និទ្ទេស A ជិត២ពាន់នាក់(១៧០០)។
បើទោះបែបណា លោកនាយករដ្ឋមន្រ្តី ចាត់ទុកថា ការធ្វើកំណែទម្រង់នេះមិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនលុបចោលនូវគោលនយោបាយពីមុនៗនោះទេ គឺជាការពង្រឹង និងសម្រួចនូវសមិទ្ធផលបន្ថែមទៀត ដើម្បីភាពរីកចម្រើន ជាផលប្រយោជន៍ជាតិ។
លោកបន្តថា៖«ថ្ងៃនេះយើងមានជាប់រហូតទៅដល់ក្បែរជិត៧៣% ហើយនិទ្ទេសAឡើងដល់ជិត១៧០០នាក់ មានន័យថាមិច បានន័យថាប្រព័ន្ធការងារនេះបានដើរ ដើរបានន័យថាមិច បានប្រព័ន្ធដើរ មានន័យថា ចីរភាព ចីរភាពដើរ មានន័យថាសង្គមទាំងមូល ប្រជាជនយើងទាំងមូល បានគាំទ្រ និងទទួលនូវការកែទម្រង់នេះ ហើយយកជាវប្បធម៌ថ្មីនៃការប្រឡងតែម្តង នេះជាជោគជ័យរបស់យើង»។
បើតាមលោក ហ៊ុន ម៉ាណែត ភាពជោគគជ័យនៃការធ្វើកំណែទម្រង់នេះ តម្រូវឱ្យមានកត្តាមួយចំនួនដូចជា ត្រូវមានចក្ខុវិស័យច្បាស់លាស់ ផ្អែកលើប្រយោជន៍ជាតិ និងប្រជាជនជាដើម។ជាងនេះទៀត ការប្តេជ្ញាចិត្តខ្ពស់ពីអ្នកអនុវត្ត គឺថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តន៍ វាក៏ជាផ្នែកមួយដែលខ្វះមិនបានដែរ។
លោកបន្តថា៖ «“យុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្ស” ដែលស្ថិតក្នុងចំណោមយុទ្ធសាស្ត្របញ្ចបកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺផ្ដោតលើការអប់រំបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ ហើយក៏ផ្ដោតលើការអប់រំសីលធម៌ ភាពជាពលរដ្ឋល្អផងដែរ ទើបយើងទទួលបានធនធានមនុស្សប្រកបដោយសក្ដានុពលខ្ពស់ ដែលមានលទ្ធភាពបន្តកសាងមូលធនមនុស្សសម្រាប់ជាតិទៅថ្ងៃមុខទៀត» ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា កំណែទម្រង់ប្រព័ន្ធអប់រំជារឿងចាំបាច់ ហើយប្រទេសណាក៏ដូចប្រទេសណាដែរ ដែលទាមទារឱ្យមានកំណែទម្រង់បែបនេះ ឱ្យត្រូវនឹងការវិវត្តន៍នៃបច្ចេកវិទ្យា សេដ្ឋកិច្ចសង្គម និងបរិបទពិភពលោក។ ជាមួយគ្នានេះលោកក៏គាំទ្រចំពោះកំណែទម្រង់នេះ ព្រោះដើម្បីឱ្យសង្គមជាតិមានធនធានមនុស្សល្អៗ ការអប់រំមួយប្រកបដោយស្តង់ដា និងយុវជនមានសមត្ថភាពស្របតាមបរិបទបច្ចេកវិទ្យា។
លោកបញ្ជាក់ថា៖«យើងឃើញកម្ពុជាបានធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំច្រើនដែរ ក៏ប៉ុន្តែយើងឃើញថាលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំមានភាពរីកចម្រើនគួរសម ប៉ុន្តែយើងមិនទាន់អាចវាយតម្លៃទៅលើគុណភាពបានទាំងស្រុងទេ ដោយសារតែធនធានដែលប្រឡងជាប់បាននិទ្ទេសAច្រើន ក៏ប៉ុន្តែមិនទាន់ដឹងថាគាត់ក្លាយទៅជាធនធានមួយដ៏មានតម្លៃសម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិបានឬយ៉ាងណានៅឡើយទេ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា ការដែលមានការដាក់គោលនយោបាយថ្មីដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាព្រោះរដ្ឋាភិបាលថ្មីដឹងថាប្រព័ន្ធអប់រំនៅកម្ពុជាមិនទាន់មានស្តង់ដា និងមិនទាន់អាចទទួលយកបាន ដែលជាកត្តាជំរុញឱ្យរដ្ឋាភិបាលថ្មីគិតគូរ និងដាក់ចេញនៅគោលនយោបាយថ្មីដែលតម្រូវឲ្យគ្រូទាំងអស់យកចិត្តទុកដាក់ជាមួយសិស្សានុសិស្ស ដើម្បីពង្រឹងវិស័យអប់រំឲ្យមានគុណភាពឡើងវិញ។
អ្នកស្រីបន្តថា៖«យើងឃើញថាមួយរយៈនេះសិស្សនិទ្ទេស A មានការកើនឡើង១០០០ជាងនាក់មែន ប៉ុន្តែសិស្សដែលទទួលបានពិន្ទុទាបក៏មានច្រើនដែរ»។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២១ ការចំណាយលើវិស័យអប់រំមានចំនួន ៨១០ លានដុល្លារអាមេរិក។ចំនួននេះបើធៀបនឹងការចំណាយក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ មានការកើនឡើង ដែលការចំណាយលើប្រព័ន្ធអប់រំនៅក្នុងឆ្នាំចាស់មានចំនួន ៧៩៧ លានដុល្លារអាមេរិក។
ដោយឡែកអត្រាចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាមាន ៨៦.៨ ភាគរយសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ អង្គការនេះក៏រកឃើញដែរថា បញ្ហាសាលារៀននៅតាមទីក្រុងផ្តល់នូវគុណភាពអប់រំ និងហេដ្ឋារចនាសម្ព័ន្ធខ្ពស់ជាងសាលារៀននៅតាមជនបទ និងតំបន់ដាច់ស្រយាល ជាមួយគ្នានេះលោកគ្រូអ្នកគ្រូក៏ប្រឈមផ្នែកបច្ចេកវិទ្យា និងការត្រៀមខ្លួនឌីជីថល៕