សមត្ថកិច្ច បានរកឃើញជនបង្កម្នាក់ដែលបានផ្សព្វផ្សាយប្រកាសជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល នៅតាមបណ្តាញសង្គម ខណៈដែលកម្ពុជា និងអ៊ីស្រាអែល នៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយក្នុងការបញ្ជូនពលករទៅធ្វើការនៅទីនោះនៅឡើយ។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមតេឡេក្រាម ជុំវិញការប្រកាសជ្រើសរើសពលករខ្មែរទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល។ ការផ្សព្វផ្សាយនេះ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រតិកម្ម និងបានសហការជាមួយសមត្ថកិច្ច ស្រាវជ្រាវតាមរកអត្តសញ្ញាញជនបង្ក(បុគ្គលដែលបានផ្សព្វផ្សាយ) ដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រាងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលទេ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានរកឃើញអត្តសញ្ញាណបុគ្គលដែលបានផ្សព្វផ្សាយនោះហើយ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ហើយបុគ្គលរូបនោះក៏បានបង្ហាញខ្លួននៅក្រសួងការងារ ដើម្បីធ្វើការសុំទោសផងដែរ។
លោកស្រីថា៖«បើតាមដឹងករណីនេះ គឺខាងអគ្គស្នងការដ្ឋាន[នគរបាលជាតិ]យើង បានស្វែងរកមនុស្សហ្នឹងឃើញហើយ ហើយគេបានទៅជជែក ទៅសុំទោសខាងក្រសួងការងារ ប៉ុន្តែខ្ញុំគិតថា ប្រហែលជាអាចមានដល់កិច្ចសន្យាអីចឹងពីព្រោះអត់ចេះតែបណ្តែតបណ្តោយបានទេ ថាអត់ទាន់បានរើសមនុស្សបាននៅឡើយទេ តែទោះបីជាយ៉ាងណាគាត់មានចេតនានៅក្នុងការអូសទាញគេរួចហើយ»។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានបដិសេធអត្ថាធិប្បាយ ដោយលោកបង្វែរឱ្យសួរទៅកាន់អគ្គស្នងការរងនគរបាលមួយរូបទៀត គឺលោក ជីវ ផល្លី ។
លោកមានប្រសាសន៍ថា៖«សុំការញ្ជាក់ពីឯកឧត្តម ជីវ ផល្លី ទើបច្បាស់» ។
តែយ៉ាងណា Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយករណីនេះពីលោក ជាវ ផល្លី បានទេ។
ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ជនបង្កដែលបានផ្សព្វផ្សាយជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះ បានចូលខ្លួនទៅបំភ្លឺនៅក្រសួង ដោយបានទទួលស្គាល់កំហុស និងសុំទោសរួចរាល់ហើយ ហើយក្រសួងក៏ពុំមានវិធានការផ្លូវច្បាប់បន្តទៀតដែរ។
លោកមានប្រសាសន៍ថា៖ «សាម៉ីខ្លួនបានសុំទោស និងលុបចេញការបង្ហោះរបស់ខ្លួន ដោយខ្លួនទទួលស្គាល់កំហុស ព្រោះមានការយល់ច្រឡំព័ត៌មាន សាម៉ីខ្លួនសន្យាថានឹងមិនប្រព្រឹត្តជាថ្មីទៀតទេ»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ «បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេឡេក្រាមថា MEAN Sodara បានបង្កើតតេឡេក្រាមកាណាល់ឈ្មោះ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែល” ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រអែលដោយខុសច្បាប់»។
ករណីនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាគ្មានគោលការណ៍បញ្ជូនពលករឱ្យទៅធ្វើការងារនៅទីនោះ។
ស្របពេលគ្នានោះ ក្រសួងការងារ ក៏បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ដល់សាធារណៈជនដែរថា កម្ពុជាពុំទាន់មានកិច្ចព្រមព្រាងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលទេ ដោយបច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករនេះ។ ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងក៏បានបញ្ជាក់ដែរថា ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេសដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ គួរធ្វើការស៊ើបអង្កេតលើករណីនេះឱ្យបានច្បាស់លាស់ ថាតើការផ្សព្វផ្សាយជ្រើសរើសពលករដោយខុសច្បាប់នេះ ធ្វើឡើងមានចេតនាអ្វី ដើម្បីកុំឱ្យមានការភាន់ច្រឡំ និងជៀសវាងកុំឱ្យមានពលរដ្ឋរងគ្រោះដោយសារបញ្ហានេះ។
លោកថ្លែងថា៖«ការសុំទោសជារឿងមួយ យើងទទួលស្គាល់ តែត្រូវសិក្សាឱ្យបានច្បាស់លាស់ថាតើចេតនា និងគោលបំណងគាត់ចង់បានអ្វីពិតប្រាកដ ដើម្បីកុំឱ្យមានការភាន់ច្រឡំ […] ក្រសួងត្រូវធ្វើការស៊ើបអង្កេតបន្តទៀត មិនមែនត្រឹមតែសុំទោស គឺចប់នោះទេ»។
យោងតាមមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ក្នុងគោលដៅប្រគល់ ឬនាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំដល់ ១៥ (ដប់ប្រាំ) ឆ្នាំ៕