សមត្ថកិច្ច​​ ​បាន​រកឃើញជន​បង្ក​​ម្នាក់​ដែល​​បានផ្សព្វ​​ផ្សាយ​​​​​​ប្រកាស​ជ្រើស​​រើស​​ពលករទៅ​​បម្រើការងារនៅប្រទេស​អ៊ីស្រាអែល នៅតាមបណ្តាញ​សង្គម ខណៈដែលកម្ពុជា និងអ៊ីស្រាអែល នៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយក្នុងការបញ្ជូនពលករទៅធ្វើការនៅទីនោះនៅឡើយ។

កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមតេឡេក្រាម ជុំវិញការប្រកាសជ្រើស​រើស​ពលករខ្មែរទៅបម្រើការងារនៅប្រទេស​អ៊ីស្រាអែល។ ការផ្សព្វផ្សាយនេះ ត្រូវ​បាន​ក្រសួង​ការ​​ងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រតិកម្ម និងបានសហការជាមួយសមត្ថកិច្ច ស្រាវ​ជ្រាវ​​​តាម​​រក​អត្តសញ្ញាញជនបង្ក​(បុគ្គល​ដែលបាន​ផ្សព្វផ្សាយ) ដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់​មានកិច្ចព្រម​ព្រាង​ស្តីពី​ការ​​បញ្ជូនពលករពីកម្ពុជា​ទៅធ្វើការ​នៅប្រទេស​អ៊ីស្រាអែលទេ។

រ​ដ្ឋលេខាធិកា​រ​ក្រសួង​មហា​ផ្ទៃ និង​ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​នៃគណៈក​ម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ជួញ​​ដូរ​មនុស្ស​ ​​លោកស្រី ជូ​ ប៊ុនអេង មានប្រសាសន៍ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ​បាន​រកឃើញអត្តសញ្ញាណ​បុគ្គល​ដែលបាន​ផ្សព្វ​ផ្សាយនោះហើយ កាលពីថ្ងៃទី០៥ ខែ​មករា ឆ្នាំ២០២៤ ហើយបុគ្គលរូបនោះក៏បាន​បង្ហាញខ្លួននៅ​ក្រសួងការងារ ដើម្បីធ្វើការសុំទោសផង​ដែរ។

លោកស្រី​ថា​៖«​​បើតាមដឹងករណីនេះ គឺខាងអគ្គស្នងការដ្ឋាន​[នគរបាលជាតិ​]​យើង​ បានស្វែងរកមនុស្សហ្នឹង​ឃើញហើយ ហើយគេបានទៅជជែក ទៅសុំទោសខាងក្រសួងការងារ ប៉ុន្តែខ្ញុំគិតថា ប្រហែលជាអាចមានដល់កិច្ចសន្យា​អីចឹងពីព្រោះអត់ចេះតែបណ្តែតបណ្តោយបានទេ ថាអត់ទាន់បានរើសមនុស្សបាននៅឡើយទេ តែទោះបីជាយ៉ាងណា​គាត់​មានចេតនា​នៅក្នុងការអូសទាញគេរួចហើយ»។

អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បាន​បដិសេធអត្ថាធិប្បាយ ដោយលោកបង្វែរឱ្យសួរទៅកាន់អគ្គស្នងការ​រងនគរបាល​មួយរូប​ទៀត គឺលោក ជីវ ផល្លី ។

លោកមានប្រសាសន៍ថា៖«សុំការញ្ជាក់ពីឯកឧត្តម ជីវ ផល្លី ទើបច្បាស់» ។

តែយ៉ាងណា Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយករណីនេះ​ពីលោក ជាវ ផល្លី បានទេ។

ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មាន​ប្រសាសន៍​​ថា ជនបង្កដែលបានផ្សព្វផ្សាយ​​ជ្រើស​រើស​ពលករទៅធ្វើការនៅប្រទេស​អ៊ីស្រាអែល​នោះ បានចូល​ខ្លួន​ទៅ​បំភ្លឺនៅក្រសួង ដោយ​​បាន​ទទួលស្គាល់កំហុស និង​​សុំទោសរួចរាល់ហើយ​ ហើយ​ក្រ​សួងក៏ពុំមានវិធានការផ្លូវច្បាប់​បន្តទៀតដែរ។ ​​

លោកមានប្រសាសន៍ថា​៖ «សាម៉ីខ្លួនបានសុំទោស​ និងលុបចេញ​ការបង្ហោះ​របស់​ខ្លួន​ ដោយ​ខ្លួន​ទទួលស្គាល់​កំហុស​ ព្រោះមានការយល់ច្រឡំព័ត៌មាន សាម៉ី​ខ្លួនសន្យាថានឹង​មិនប្រព្រឹត្តជាថ្មីទៀតទេ»

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ​បានបង្ហោះសារ​នៅលើ​បណ្តាញសង្គមហ្វេស​ប៊ុករបស់លោក​​ថា៖ «បុគ្គលមួយរូបដែលមានឈ្មោះក្នុង​តេឡេក្រាម​ថា MEAN Sodara បានបង្កើតតេឡេក្រាមកាណាល់ឈ្មោះ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែល” ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេស​អ៊ីស្រអែល​ដោយខុសច្បាប់»

ករណីនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា​​គ្មាន​គោលការណ៍​​បញ្ជូន​ពលករ​ឱ្យទៅធ្វើការងារនៅទីនោះ។

ស្របពេលគ្នានោះ​ ក្រសួងការងារ ក៏​បានចេញសេចក្តីជូន​ដំណឹងមួយដោយ​បញ្ជា​ក់​​ដល់​​សាធារណៈជនដែរ​​ថា កម្ពុជាពុំ​ទាន់មានកិច្ចព្រម​ព្រាង​ស្តីពី​ការ​​បញ្ជូនពលករពីកម្ពុជា​ទៅធ្វើការ​នៅប្រទេស​​អ៊ីស្រាអែលទេ ដោយបច្ចុប្បន្ន ក្រសួង​កំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សា​លើ​សេ​ចក្តីព្រាង​អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជ្រើស​រើស​ និងការបញ្ជូនពលករនេះ​។ ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងក៏បាន​បញ្ជាក់ដែរថា ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេស​ដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត ​យល់ឃើញថា ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ គួរធ្វើការស៊ើបអង្កេតលើ​ករណីនេះឱ្យបានច្បាស់លាស់ ថាតើការ​ផ្សព្វផ្សាយជ្រើសរើសពលករ​ដោយខុសច្បាប់នេះ ធ្វើឡើង​មានចេតនាអ្វី ដើម្បីកុំឱ្យមានការភាន់​ច្រឡំ និងជៀសវាងកុំឱ្យមានពលរដ្ឋ​រងគ្រោះដោយសារបញ្ហានេះ។

លោកថ្លែងថា៖«ការសុំទោសជារឿងមួយ យើងទទួលស្គាល់ តែត្រូវសិក្សាឱ្យបានច្បាស់លាស់ថាតើចេតនា និងគោលបំណងគាត់ចង់បានអ្វីពិតប្រាកដ ដើម្បីកុំឱ្យមានការភាន់ច្រឡំ […] ក្រសួងត្រូវធ្វើការស៊ើបអង្កេតបន្តទៀត មិនមែនត្រឹមតែសុំទោស​ គឺចប់នោះទេ»

យោង​តាមមាត្រា​១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ក្នុងគោលដៅប្រគល់ ឬនាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំដល់ ១៥ (ដប់ប្រាំ) ឆ្នាំ៕