ក្រសួងការងាររៀបចំវេទិកាការងារ និងឱកាសកម្មសិក្សា នៅអាគារទីភ្នាក់ងារជាតិមុខរបរ និងការងារក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការងារជាង៥០០កន្លែង។
យោងតាមហ្វេកប៊ុកផេករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សាយថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា វេទិកាការងារ និងឱកាសកម្មសិក្សារបស់ NEA នឹងប្រារព្ធឡើងថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង៥ល្ងាចរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងវេទិកាការងារនិងឱកាសកម្មសិក្សានេះ នឹងមានក្រុមហ៊ុនចំនួន៧ ដើម្បីផ្តល់ឱកាសការងារបន្ថែម។
ក្រសួងការងារបានបន្ថែមថា៖ «ស្អែកនេះក្រុមហ៊ុនធំៗ៧នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង៥០០កន្លែង ក្នុងវេទិកាការងាររបស់ NEA! ដាក់ពាក្យភ្លាម សម្ភាសភ្លាម!។ ក្រុមហ៊ុនទាំង៧ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន DevelocusInvestment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimexនិងពន្លឺអលង្កការ»។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ក្នុងវេទិការនេះនឹងចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកា។
ក្រសួងបញ្ជាក់ថា៖ «ចំពោះសិស្ស/និស្សិតនិងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យនិងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»៕