ក្រសួង​ការងារ​រៀបចំ​​វេទិកា​ការងារ​ និងឱ​កាស​កម្ម​សិក្សា នៅ​អាគារ​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ ​និង​ការងារ​ក្នុង​បរិវេណ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយមានការងារ​ជាង​៥០០កន្លែង​។

យោង​តាម​ហ្វេក​ប៊ុក​ផេក​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ចុះ​ផ្សាយ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ​បាន​បញ្ជាក់​ថា វេទិកា​ការងារ​ និង​ឱកាស​កម្ម​សិក្សា​របស់​ NEA ​នឹង​ប្រារព្ធ​ឡើង​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៣០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ ចាប់​ពី​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង​៥​ល្ងាច​រៀប​ចំ​ឡើង​ដោយ​ទី​ភ្នាក់​ងារ​ជាតិ​មុខរបរ​ និង​ការងារ ​(NEA) ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ សហការ​ជា​មួយ​សហភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា​វិស័យ​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។ ក្នុង​វេទិកា​ការងារ​និង​ឱកាស​កម្ម​សិក្សា​នេះ ​នឹង​មាន​ក្រុមហ៊ុន​ចំនួន​៧ ​ដើម្បី​ផ្តល់​ឱកាស​ការងារ​បន្ថែម​។

ក្រសួងការងារ​បាន​បន្ថែម​ថា​៖ «​ស្អែក​នេះ​ក្រុម​ហ៊ុន​ធំៗ​៧​នឹង​ផ្តល់​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត​ជាង​៥០០​កន្លែង​ ក្នុង​វេទិកា​ការងារ​របស់ ​NEA!​ ដាក់​ពាក្យ​ភ្លាម​ សម្ភាស​ភ្លាម!​។ ​ក្រុម​ហ៊ុន​ទាំង​៧​ដែល​នឹង​ចូល​រួម​ក្នុង​វេទិកា​ការងារ​នា​ថ្ងៃ​ស្អែក​នេះ​រួម​មាន​៖ ​ក្រុមហ៊ុន ​​JACCS,​ ​ក្រុមហ៊ុន ​Develocus​Investment, ​ផ្សារ​ទំនើប​ ម៉ាក្រូ,​ ​ធនាគារ​ស្ថាបនា​, ​ធនាគារ​ឯកទេស​ ​AEON​,​ Sokimex​និង​ពន្លឺ​អលង្កការ​»។

ទី​ភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​ (NEA) ​នៃ​ក្រសួង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ លើក​ឡើង​ថា ​ក្នុង​វេទិការ​នេះ​នឹង​ចូលរួម​ផ្តល់​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត​ដល់​យុវជន​ ​សិស្ស​/និស្សិត ​និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ​នា​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ​ខែ​វិច្ឆិកា។

ក្រសួង​បញ្ជាក់​ថា​៖ «​ចំពោះ​សិស្ស/និស្សិត​និង​អ្នក​កំពុង​តែ​ស្វែង​រក​ការងារ​ធ្វើ​ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ​អាច​យក​ប្រវត្តិ​រូប​សង្ខេប(CV) ដើម្បី​ចូល​រួម​ដាក់​ពាក្យនិង​សម្ភាស​ផ្ទាល់​ជា​មួយ​តំណាង​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ ចាប់​ពី​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង ​៥​ ល្ងាច​ នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​»៕