ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសកំណត់យកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣។
យោងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការរៀបចំផែនការនិងកាលបរិច្ឆេទសំខាន់ៗផ្សេងៗពីគ្នា។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្ត កណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស»។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនថ្នាក់វិទ្យាសាស្ត្រច្រើនជាងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម។ ចំណែកឯការរៀបចំបន្ទប់សម្រាប់បេក្ខជនប្រឡងគឺតាមមណ្ឌលសំណេរ រាជធានី ខេត្តនីមួយៗ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់(ស្រី៧៣.២៧៨នាក់ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ចំពោះកាលបរិច្ឆេទក្រសួងនឹងបិទប្រកាសឈ្មោះរបស់បេក្ខជនចំនួនពីរដងតាមរាជធានីខេត្ត ដើម្បីឱ្យបេក្ខជនបានពិនិត្យនិងរកមើលឈ្មោះតាមមណ្ឌលប្រឡង។
សេចក្តីប្រកាសបន្ថែមថា៖ «ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានីខេត្តចំនួនពីរដង គឺលើកទី១នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជនបានពិនិត្យនិងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ»។
ក្រសួងអប់រំយុវជននិងកីឡាអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ ផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ៕