ក្រសួង​អប់រំ យុវជន និង​កីឡា ​ប្រកាស​កំណត់​យក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ជាថ្ងៃ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ឆ្នាំ​២០២៣​។​

​យោង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ចេញ​នៅ​​​ថ្ងៃ​ទី​២៧​ ខែ​តុលា ​ឆ្នាំ​២០២៣ ​បាន​បញ្ជាក់​ថា ​ការ​រៀប​ចំ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​សម័យ​ប្រឡង​ថ្ងៃ​ទី​០៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ដោយ​មាន​ការ​រៀប​ចំ​ផែន​ការ​និង​កាល​បរិច្ឆេទ​សំខាន់ៗ​ផ្សេងៗ​ពី​គ្នា​។

សេច​ក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​​​ថា​៖ «ដំណើរ​ការ​សំណេរ​ ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ​គឺ​ថ្ងៃ​ទី​០៦​ និង​ថ្ងៃ​ទី​០៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ដំណើរ​ការ​កំណែ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ដល់​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ដំណើរ​ការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​ និង​ផ្ទៀង​ផ្ទាត់​ពិន្ទុ​ ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ក្រសួង​កំណត់​យក​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ​ពេល​រសៀល ​សម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង​ នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​     កណ្តាល​ និង​នៅ​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ​សម្រាប់​ខេត្ត​ផ្សេងៗ​នៅ​ទូ​ទាំង​ប្រទេស​»។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​​​ដដែល​បាន​បន្ថែម​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ច្រើន​ជាង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ​ចំណែក​ឯ​ការ​រៀប​ចំ​បន្ទប់​សម្រាប់​បេក្ខជន​ប្រឡង​គឺ​តាម​មណ្ឌល​សំណេរ​ រាជធានី ​ខេត្ត​នីមួយៗ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​​​​ថា​៖ «សម័យ​ប្រឡង​ ០៦​ វិច្ឆិកា ​២០២៣ ​មាន​បេក្ខជន​ចុះ​ឈ្មោះ ​ប្រឡង​សរុប​ចំនួន​១៣៧.៤១២​នាក់(ស្រី៧៣.២៧៨នាក់ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ​មាន​ចំនួន​៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។

សេចក្តី​ប្រកាស​ព័ត៌មាន​​បញ្ជាក់​ថា ​ចំពោះ​កាល​បរិច្ឆេទ​ក្រសួង​នឹង​បិទ​ប្រកាស​ឈ្មោះរ​បស់​បេក្ខជន​ចំនួន​ពីរ​ដង​តាម​រាជធានី​ខេត្ត​ ដើម្បី​ឱ្យ​បេក្ខជន​បាន​ពិនិត្យ​និង​រក​មើល​ឈ្មោះ​តាម​មណ្ឌល​ប្រឡង​។

សេចក្តី​ប្រកាស​បន្ថែម​ថា​៖ «​ក្រសួង​នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​នៅ​តាម​រាជធានីខេត្ត​ចំនួន​ពីរ​ដង​ គឺ​លើក​ទី​១​នៅ​ថ្ងៃ​ទី​៣០ ​ខែ​តុលា ​ឆ្នាំ​២០២៣ ​ដើម្បី​ឱ្យ​បេក្ខជន​បាន​ពិនិត្យ​និង​រក​មើល​ឈ្មោះ​តាម​មណ្ឌល​ប្រឡង​ និង​លើក​ទី​២​នៅ​ថ្ងៃ​ទី​០៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ដើម្បី​ពិនិត្យ​មើល​និង​បញ្ជាក់​ម្តង​ទៀត​អំពី​មណ្ឌល​ប្រឡង ​លេខ​បន្ទប់​ និង​លេខ​តុ​»។

ក្រសួង​អប់រំ​យុវជន​និង​កីឡា​អំពាវ​នាវ​ដល់​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ឱ្យ​បាន​ល្អ​ប្រសើរ ជាពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ ឬ​សំណៅ​ឯកសារ​ ផ្សេងៗ​ចូល​ក្នុង​មណ្ឌល​ប្រឡង​ ឬ​បន្ទប់​ប្រឡង​ជា​ដាច់​ខាត​។ បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ ​ក្នុង​ករណី​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ ​និង​កម្រិត​វិន័យ​៕