កំពុងដើរមើលបន្លែដែលដាំលើទឹកក្នុងរោងមួយកន្លែងស្ថិតក្នុងភូមិតួសំពៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ពុធ ចាន់ណា អ្នកមើលការខុសត្រូវរោងប្លែនិយាយថា ការដាំបន្លែលើទឹកទទួលបានផលលឿនជាងការដាំបន្លែលើដីធម្មតា។
កំពុងចាប់កាន់សាលាដលើកឡើង លោក ចាន់ណា និយាយថា៖ «បន្លែលើទឹកវាងាយជាងនៅលើដី វាផ្ដល់ការលូតលាស់៥០ភាគរយលឿនជាងលើដី ហើយយើងដាំបន្លែលើទឹកយើងមិនងាយជួបបញ្ហាច្រើន»។
កាដាំបន្លែលើទឹក បានក្លាយជាកសិកម្មបែបថ្មីដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កសិករដូចជាលោក ចាន់ណា ឱ្យទទួលបន្លែស្អាត មានសុវត្ថិភាព ចំណាយថវិការតិចលើការដាំ ទទួលផលបានច្រើន និងចំណេញពេលវេលា។
លោក ពុធ ចាន់ណា បន្ថែមថា បន្លែលើទឹកប្រភេទស្ពៃ អាចលក់បាន មួយគីឡូ ៦,០០០ រៀល ចំណែកប្រភេទសាឡាដ ដូចជាប្រភេទរ៉ែត ប៉ាតា អាយស្បឺក រ៉ូម៉ាណ គ្រីនអូក គឺអាចបានមួយគីឡូ៨,០០០ រៀល ទៅ ១០,០០០រៀល។
លោក ពុធ ចាន់ណា បន្តថាការដាំបន្លែលើទឹកពុំប្រើថ្នាំបាញ់សត្វល្អិតដូចការដាំបន្លែលើដីឡើយ។
លោក ពុធ ចាន់ណា បានបញ្ជាក់ថា៖ «ពេលណាដែលសត្វវាច្រើនយើងអាចដកចោល ឬមួយយើងអាចដកឱ្យសត្វចេញ ហើយយើងសម្លាប់មេរោគឲ្យអស់ទើបយើងអាចដាំឡើងវិញ ហើយយើងក៏អត់ប្រើថ្នាំបាញ់ដែរ»។
ចំណែកកសិករដាំបន្លែលើទឹកម្នាក់ទៀត លោកស្រី អន ផល្លី រស់នៅឃុំឈល្វែង ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រាប់ Newsroom cambodia ដោយសម្តីច្បាស់ៗ និងសើចសប្បាយរីករាយថា ការដាំបន្លែលើទឹកស្រួលជាងការដាំលើដី ដោយអត់ពិបាកកាប់ដី ស្រោចទឹក ដកស្មៅ អត់ហត់នឿយខ្លាំង ព្រោះមានប្រព័ន្ធចំហាយទឹកក្នុងការប្រើប្រាស់។
លោកស្រី ផល្លី បន្តថាការដាំបន្លែលើទឹក៖ «អាចដាំវិលជុំ មួយឆ្នាំទល់មួយឆ្នាំបាន ហើយយើងមានអត់រើសខែដូចដាំលើដីទេ ឧទាហរណ៍លើដី ពេលខែទឹកឡើងដាំអត់បានទេ!។
លោកស្រី ផល្លី បន្តថាកាលចំណាយដំបូងអស់ខ្ទង់ ៥,០០០ ដុល្លារ ទទួលបាន៤រោង ហើយអាជីវកម្មដំណើរការល្អក៏បានបោះទុនសរុបប្រែល ៤០,០០០ ដុល្លារបន្ថែម នាំឱ្យមានកន្លែងដាំបន្លែសរុប ២០ រោង។
លោកស្រី ផល្លី បានបង្ហាញពីរបៀបដាំបន្លែលើទឹកថា ដំបូងអ្នកស្រីត្រូវសាបកូនក្នុងប្រអប់ ក្នុងក្រដាសជូតមាត់រយៈពេល៣ថ្ងៃ បានយកទៅគៀបនឹងអេប៊ុង ហើយយកទៅគៀបដាក់ក្នុងថាសរយៈពេល៧ថ្ងៃ ទើបយកទៅដាក់លើថ្នាលឱ្យលាស់ស្លឹកបាន ៣ ទៅ៤ ស្លឹក បានយកទៅដាំក្នុងរោង។ ប្រសិនបើប្រភេទស្ពៃរយៈពេល១ខែ បានកាត់។ ហើយនៅក្នុងរោងបន្លែត្រូវមានម៉ូទ័របូមទឹក ២៤ ម៉ោង ដើម្បីទឹកអាចហូរជាប់។
និយាយបណ្តើរសើចបណ្តើរ លោកស្រី ផល្លី បន្តថា បន្លែលើទឹកដែលដាំហើយពុំមានបញ្ហាទីផ្សាទេ គឺស្ពៃ សាលាដ ខាត់ណាដើម និងស្លឹកខ្ទឹម ហើយពេលខ្លះក៏ដាំឱ្យអ្នកទិញមិនទាន់ផងដែរ។
លោកស្រី ផល្លី បន្តថា៖ «ចំណូលអាចម៉ាទប់ទល់ជីវភាពគ្រួសារ បើយើងមានច្រើនចំណូលច្រើនដែរ»។
ចំណែកកញ្ញា យុទ្ធ សុផា កសិករដាំបន្លែលើទឹក មានទំហំប្រមាណ ១០៨ ម៉ែត្រការ៉េ នៅស្រុកកំចាយមារ ខេត្តត្បូងឃ្មុំ លើកឡើងថា មូលហេតុដែលកញ្ញាជ្រើសរើសការដាំបន្លែលើទឹក ដោយសារចំណេញពេលវេលា ការថែទាំងាយស្រួល ដោយគ្រាន់តែដាក់ទឹក ដាក់ជី វាសពេហាស (PH) អ៊ីស៊ិ (EZ) និងឧស្សាហ៍ទៅពិនិត្យរាល់ព្រឹក។
កញ្ញាសុផា បន្តថា៖ «បន្លែងលើទឹកស្រាលជាងបន្លែលើដី ហើយរសជាតិស្រួយ ឆ្ងាញ់ អត់ល្វីងទេ ចំណែកបន្លែងលើដីទន់ៗ ហើយល្វីង»។
កញ្ញាសុផាបន្តថា ការប្រមូលផលបន្លែលើទឹក មួយខែប្រមូលផលពីរដង ដោយសារការដាំឆ្លាស់ និងមាន៤កន្លែង។ ពីរកន្លែងប្រមូលផលដើមខែ និងពីរកន្លែងទៀតប្រមូលពាក់កណ្តាលខែ ហើយការប្រមូលផលស្ពៃតឿម្តងបាន ៦០គីឡូ តម្លៃក្នុង ១ គីឡូ លក់បាន៥០០០រៀល។
កញ្ញាសុផា បញ្ជាក់ពីភាពខុសគ្នារវាងតម្លៃបន្លែលើទឹក និងបន្លែលើដីថា៖ «លើទឹកបាន១គីឡូ ៥០០០រៀល ខាងលើដី ១គីឡូ ៤០០០រៀល»។
ខណៈដែលទីផ្សារបន្លែលើទឹកមិនមានបញ្ហាទីផ្សារ ប៉ុន្តែកសិករមួយចំនួនត្រូវមានបច្ចេកទេសក្នុងការដាំដើម្បីធានាអំពីទិន្នផល។
កញ្ញាសុផាបន្តថា ការដាំបន្លែលើទឹកមានច្រើនរបៀប តែកញ្ញាជ្រើសរើសយករបៀបដាក់ទុយពីខាងចុងមកខាងដើម រួចទំលាក់មកក្រោម រួចឡើងលើវិញ។ បច្ចេកទេសនៃការដាំ ដំបូងត្រូវបណ្តុះកូន យកទៅដាក់នៅក្នុងអេប៊ុងរយៈពេល១២ ថ្ងៃ បន្ទាប់មកគៀបដាក់កន្ត្រក ហើយមុនពេលដាំត្រូវដាក់ជីអាប៊េ (ជីAB) ដែលវាស់នឹងទឹកសិន។
កញ្ញាសុផាបន្ថែមថា ការដាំបន្លែលើទឹកក៏មានជួបបញ្ហាដូចជា សត្វល្អិតតិចតួច ជំងឺផ្សិត ការថ្លឹកពេហាស (PH) អ៊ីស៊ី (EC)មិនស្នើគ្នា។ ជំងឺផ្សិតដោយសារអេប៉ុងដែលប្រើមិនបានសម្អាតឱ្យល្អដែលអាចរលួយពាក់កណ្តាលដើម។
កញ្ញាសុផា បន្តថា ចំពោះការដាំរបស់ខ្លួនពុំមានបញ្ហាទីផ្សារឡើយ ពលរដ្ឋចូលចិត្តបន្លែលើទឹក ដោយសារបន្លែមិនប៉ះពាល់ដល់សុខភាព។ ប្រសិនការដាំបន្លែមានលក្ខណៈទ្រង់ទ្រាយធំ គឺត្រូវធ្វើកិច្ចសន្យា និងការដាំបន្លែឆ្លាស់ កុំដាំតែមួយមុខ។
ស្របពេលដែលការដាំបន្លែលើទឹកងាយស្រួលដាំ និងងាយរកទីផ្សារសម្រាប់លក់ កញ្ញា យុទ្ធ សុផា ចង់ឱ្យប្រជាពលរដ្ឋផ្សេងទៀតងាកមកដាំបន្លែលើទឹកដែរ ដើម្បីជីវភាព និងសុខភាពបានប្រសើរ។
កញ្ញានិយាយថា៖ «ចង់ឱ្យពួកគាត់ដាំបែបហ្នឹងដែរ ដោយអី គឺអាចផ្គត់ផ្គង់ក្នុងគ្រួសារគាត់បាន ហើយអាចដាំបន្លែលក្ខណៈប្រភេទខុសគ្នាដូចជា ស្ពៃ ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ខាត់ណា អីច្រើនមុខបាន ហើយវាអត់មានសត្វល្អិត ឬជំងឺទេ»៕