មន្ទីរ​សុខាភិបាល​ភ្នំពេញ ស្នើ​ម្ចាស់​ផេក​ហ្វេស​ប៊ុក​ឈ្មោះ ​Mekong​ News ​និង​ចំណេះ​ដឹង​ទូទៅ​ ​​លុប​រូបភាព​វីដេអូ​ចេញ​ពី​គេហ​ទំព័រ​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​ពុំ​មាន​ប្រភព​​ និង​កាលបរិច្ឆេទ​មិន​ច្បាស់​លាស់​ព្រម​ទាំង​សរសេរ​ខ្លឹម​សារ​មិន​ត្រឹម​ត្រូវ​។​

​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ចេញកាលថ្ងៃទី១១ខែតុលា ឆ្នំា២០២៣បានឱ្យដឹងថា ផេក​ហ្វេក​ប៊ុក​ឈ្មោះ ​Mekong​ News​ និង​ចំណេះ​ដឹង​ទូទៅ​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​រូបភាព​វីដេអូ​នៃ​ការ​ដឹក​ជញ្ជូន​ជនរង​គ្រោះ​ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​សរសេរ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​។

ក្នុង​សេចក្តី​ជូនដំណឹង​ដដែល​បន្ថែម​ថា៖ ​«​ផេក​ហ្វេក​ប៊ុក​ឈ្មោះ ​Mekong​ News ​យក​ទៅ​សង្គ្រោះ​តែ​បើ​អត់​មាន​លុយ​គឺ​ទម្លាក់​ចុះ​វិញ​ហើយ​ និង​ផេក​ហ្វេស​ប៊ុក​មួយ​ទៀត​ ឈ្មោះ ​ចំណេះ​ដឹង​ទូទៅ​ បាន​ផុស​រូប​ភាព​វីដេអូ​ដដែល ​និង​សរសេរ​ខ្លឹម​សារ​ថា​(Caption)​ ឡាន​ពេទ្យ​មួយ​នេះ​មក​យក​អ្នក​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ពេល​ដែល​លើក​ដាក់​ ហើយ​គ្មាន​លុយ​លើក​ចុះ​ពី​ឡាន​មក​វិញ​»។

មន្ទីរសុខាភិបាល​បញ្ជាក់ថា ​​រូបភាព​វីដេអូ​ដែល​បាន​ចុះ​ផ្សាយ​នេះ​​​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ​២០២៣​មក​ម្លេះ​។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា ​មន្ទីរ​សុខា​ភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​វិធាន​ការ​ផ្លូវ​ការ​ស្រប​តាម​ច្បាប់​ ជា​ពិសេស​នឹង​មិន​មាន​ករណី​នេះ​កើត​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​ឡើយ​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​បាន​បន្ថែម​ថា​៖ «ស្នើ​ដល់​ម្ចាស់​ផេក​ហ្វេក​ប៊ុក​ទាំង​ពីរ​លុប​រូប​ភាព​វីដេអូ​នេះ​ចេញ​ពី​គេហទំព័រ​របស់​ខ្លួន​ជា​បន្ទាន់ ​ជាពិសេស​ដើម្បី​ជៀស​វាង​ធ្វើ​ឪ្យ​សាធារណៈ​ជន​មាន​ការ​ភាន់​ច្រឡំ ​និង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សុខាភិបាល​»។

មន្ទីរ​សុខាភិបាល​ក៏​បាន​​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ​ក្នុង​ករណី​ជួប​ប្រទះ​គ្រោះ​ចរាចរណ៍​នៅ​មូល​ដ្ឋាន​រាធានីភ្នំពេញ​ សូម​ហៅ​ទៅ​កាន់​លេខ​រថយន្ត​គិលាន​សង្រ្គោះ​១៩៩ ​ឬ​លេខ​ទំនាក់​ទំនង​របស់​មន្ទីរ​ពេទ្យ​បង្អែក​ដែល​នៅ​ជិត​បំផុត​ ដើម្បី​ជួយ​សង្រ្គោះ ​និង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បាន​ទាន់​ពេល​វេលា​៕