រដ្ឋបាលរាជធានីភ្នំពេញបញ្ចៀសចរាចរជុំវិញទីតាំងប្រារព្ធពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣បញ្ជាក់ថា ការបញ្ចៀសចរាចរនេះត្រូវបានហាមឃាត់យាន្តជំនិះគ្រប់ប្រភេទធ្វើដំណើរបណ្តោះអាសន្ន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «មិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់មហាវិថីឈ្នះឈ្នះចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ផុតរយៈពេលហាមឃាត់បណ្តោះ អាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ»។
រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាបយោគយល់អធ្យាស្រ័យនិងបញ្ចៀសការធ្វើដំណើឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។
រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់មន្រ្តីក្រសួង រដ្ឋបាលដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕