រដ្ឋបាល​រាជធានី​ភ្នំពេញ​​បញ្ចៀស​ចរាចរ​ជុំវិញ​ទី​តាំង​ប្រារព្ធ​ពិធី​សម្ពោធ​មន្ទីរ​ពេទ្យជាតិ​ តេជោ​សន្តិភាព​ ដែល​ស្ថិត​នៅភូមិកប់​ស្រូវ​ធំ​ សង្កាត់​គោករកា ​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​នៅ​ថ្ងៃ​ទី​១៩​ ខែ​តុលា ​ឆ្នាំ​២០២៣​បញ្ជាក់​ថា ​ការ​បញ្ចៀស​ចរាចរ​នេះ​ត្រូវ​បាន​ហាម​ឃាត់​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន​ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ ​សុវត្ថិភាព ​សណ្ដាប់​ធ្នាប់ ​និង​របៀបរៀប​រយ​សាធារណៈ​។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា​៖ «​មិន​អនុញ្ញាត​ឱ្យ​យាន​យន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ឆ្លង​កាត់​មហា​វិថី​ឈ្នះឈ្នះ​ចាប់​ពី​ស្ពាន​ព្រែកព្នៅ ​រហូត​ដល់ ​ផ្លូវ​ជាតិ​លេខ​៤ ​នៅ​ថ្ងៃ​ទី​២៤ ​ខែ​តុលា ​ឆ្នាំ២០២៣​ ចាប់​ពី​វេលា​ម៉ោង ​០៥:០០​នាទី​ រហូត​ដល់​បញ្ចប់​កម្មវិធី​។ ​ផុត​រយៈពេល​ហាម​ឃាត់​បណ្តោះ ​អាសន្ន​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតា​វិញ​»។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​អ្នក​បើកបរ​យានយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ខាង​លើ​មេត្តា​ជ្រាប​យោគយល់​អធ្យាស្រ័យនិង​បញ្ចៀស​ការ​ធ្វើ​ដំណើ​ឆ្លង​កាត់​ទី​តាំង​ប្រារព្ធ​ពិធី​តាម​កាល​បរិច្ឆេទ​ខាង​លើ​ដោយ​អនុគ្រោះ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​មន្រ្តី​ក្រសួង ​រដ្ឋបាល​ដែល​ពាក់​ព័ន្ធ​ទាំងអស់ ​ត្រូវ​ធ្វើការ​​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ ​និង​ចាត់​តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​៕