មន្រ្តីអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកការចាប់ខ្លួនសកម្មជនសង្គម លោក នី ណាក់ ថាជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ។
ការលើកឡើងរបស់អង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពីអាជ្ញាធរចាប់ខ្លួន លោក នី ណាក់ និងបញ្ជូនខ្លួនលោកទៅតុលាការ ពាក់ព័ន្ធនឹងបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្រោយមានការប្តឹងផ្តល់ពីរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។ បច្ចុប្បន្ន លោក នី ណាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្រោមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ។
នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា បង្ហាញការសោកស្តាយចំពោះការចាប់ខ្លួនសកម្មជនសង្គម លោក នី ណាក់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់គាត់ ខណៈកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ និងជាប្រទេសដែលផ្តល់សច្ចាប័នឱ្យសន្ធិសញ្ញាសិទ្ធិមនុស្សជាច្រើន បើប្រៀបធៀបទៅប្រទេសនៅក្នុងអាស៊ាន។
លោកមានប្រសាសន៍ថា៖ «សោកស្តាយមែនទែនដែលអាជ្ញាធរគាត់នៅតែមិនទាន់យល់អំពីក្របខណ្ឌនៃការបញ្ចេញមតិនៅប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជាយើងជារដ្ឋមួយគោរពនៅប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ អាជ្ញាធរមិនគួរចាត់ទុករឿងនេះជាបទបរិហាកេរ្ត៍នោះទេ បទចោទប្រកាន់នេះ គឺមិនសមស្របនឹងបទដ្ឋានសិទ្ធិមនុស្សឡើយ»។
ករណីនេះ លោកស្នើដល់តុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក នី ណាក់ ឱ្យមានសេរីភាពឡើងវិញ ដោយលោកថា ការបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោក នី ណាក់ គ្រាន់តែជាការសម្តែងមតិរបស់គាត់តែប៉ុណ្ណោះ។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក នី ណាក់ ដែលតែងតែរិះគន់អំពីភាពអវិជ្ជមានក្នុងសង្គម ជាពិសេសវិស័យកសិកម្មនោះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ក្នុងន័យដើមថា «កាត់ដីឱ្យលោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ ២០០០ និងធ្វើការិយាល័យ ឱ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថា ធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬអាទិត្យឡើយ»។
ចំណែក កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ លោក នី ណាក់ បានបង្ហោះសារបន្ថែមក្នុងន័យដើមថា៖ «តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ»។
នាយកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការចាប់ខ្លួនលោក នី ណាក់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់គាត់នៅលើបណ្តាញសង្គមនោះ ជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការគំរាមគំហែងមួយដល់ប្រជាពលរដ្ឋ។ ករណីនេះ លោកបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ក្នុងការបើកលំហសេរីភាពបញ្ចេញមតិ ដើម្បីជៀសវាងរងការរិះគន់ពីអន្តរជាតិ។
លោកថ្លែងថា៖ «ដោយសារកម្ពុជាយើងរងការរិះគន់ជាច្រើនមកហើយ ទាក់ទងនឹងការធ្លាក់ចុះនៃសិទ្ធិមនុស្ស ជាពិសេសគេចាត់ទុកថាមានការរឹតត្បិត ហើយកន្លងមកត្រូវបានអន្តរជាតិកាត់ EBA ២០ភាគរយ និងGSP ដែលមិនទាន់បន្តអនុគ្រោះឡើងវិញ អញ្ចឹងសូមព្យាយាមពិចារណាឱ្យបានច្បាស់លាស់ ដើម្បីបើកលំហសេរីភាពបញ្ចេញមតិឱ្យបានទូលំទូលាយ អាជ្ញាធរក៏ដូចជាតុលាការគួរតែពិនិត្យឱ្យបានច្បាស់ថាអ្វីជាសេរីភាពបញ្ចេញមតិ អ្វីជាបទញុះញង់»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យសេរី គេលើកទឹកចិត្តឱ្យប្រជាពលរដ្ឋលើកឡើងអំពីការយល់ឃើញរបស់ខ្លួន ទាំងការគាំទ្រ និងការជំទាស់ ព្រោះជាការចូលរួមចំណែកក្នុងការឆ្លុះបញ្ចាំងអំពីការពេញចិត្ត ឬមិនពេញចិត្តចំពោះសកម្មភាពនៃការដាក់ចេញនូវគោលនយោបាយ ឬការអនុវត្តគោនយោបាយណាមួយនៃរដ្ឋាភិបាល។
លោកបន្តថា៖ «ប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យសេរី គ្រាន់រិះគន់ប៉ុណ្ណឹង គេមិនប្រកាន់ទោសអូសដំណើររហូតចាប់ដាក់គុកដាក់ច្រវាក់ទេ គេគ្រាន់តែសួរនាំនូវអ្វីដែលគាត់បានបង្ហោះបានសរសេរ»។
លោកបន្ថែមថា៖ «ករណីលោក នី ណាក់ តិចឬច្រើនអាចប៉ះពាល់ដល់ស្មារតី បង្កឱ្យមានការខ្លាចរអារខ្លះដែរ ដល់ប្រជាពលរដ្ឋដ៏ទៃទៀតក្នុងសង្គម ហើយទង្វើបែបនេះជាការគំរាមគំហែងដល់សេរីភាពនៃការបញ្ចេញមតិនៅក្នុងសង្គម»។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ យល់ថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិលនេះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ។
លោកថ្លែងថា៖ «អ្វីដែលអង្គការសង្គមស៊ីវិលភាគតិចបំផុតនោះ បានលើកឡើងអ្វីផ្សេងៗតាមអារម្មណ៍របស់គាត់នោះ ខ្ញុំគិតថា នោះជាការសម្តែងទេ ការសម្តែងដែលគេជួលឱ្យសម្តែង គាត់យកលុយពីបរទេសមកដើម្បីសម្តែងចឹងៗ ដូច្នេះខ្ញុំមិនចាប់អារម្មណ៍ចំពោះការសម្តែងនេះទេ»។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ក្តីបារម្ភដ៏ធំបំផុតរបស់ក្រសួង ក៏ដូចជារដ្ឋាភិបាល គឺសន្តិភាពរបស់ប្រទេសជាតិទាំងមូល។
លោកលើកឡើងថា៖ «សន្តិភាពក្តី សង្គ្រាមក្តី មិនមែនកើតឡើងដោយសារបញ្ហាធំទេ ជួនកាលវាផ្តើមឡើងពីបញ្ហាតូចតាចជួនកាល ហើយក្នុងនោះខ្ញុំចាត់ទុកថា លោក នី ណាក់ ក៏ជាសមាសភាពមួយដែរ ដែលនាំកម្ទេចភ្លើងដើម្បីអាចបញ្ឆេះធ្វើឱ្យផ្ទះគេឆេះខ្ទេច»។
ពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោក នី ណាក់ ដែលដាក់ឈ្មោះក្នុងហ្វេសប៊ុកថា Iman-KH នោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ធ្លាប់បានបញ្ជាក់ថា បុគ្គលឈ្មោះ ហេង សួរ ដែលត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលដីគម្របព្រៃឈើនៅក្រុងបូកគោ ឱ្យកាន់កាប់ជាកម្មសិទ្ធិនោះ មិនមែនជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនោះទេ។ លោកក៏បានស្នើដល់ស្ថាប័នសារព័ត៌មាន ដែលបានផ្សាយព័ត៌មានមិនពិតជុំវិញករណីនេះ ធ្វើការកែតម្រូវឡើងវិញផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៤ បញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានបង្គាប់ឱ្យឃុំខ្លួនលោក នី ណាក់ នៅពន្ធនាគារព្រៃស ក្រោមបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យមានការរើសអើង» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ ដោយយោងតាមមាត្រា ៨៨ មាត្រា ៣០៧ មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
កន្លងមក លោក នី ណាក់ ធ្លាប់បានជាប់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ «ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុករបស់លោក រឿងទិញម៉ាស់ពាក់ឱ្យមាន់ អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩៕