មន្រ្តីអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកការចាប់ខ្លួនសកម្មជនសង្គម ​លោក នី ណាក់ ថាជាការ​​​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិរបស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ​។​

ការលើកឡើង​របស់អង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពីអាជ្ញាធរចាប់ខ្លួន លោក នី ណាក់  និងបញ្ជូនខ្លួន​លោក​ទៅតុលាការ ពាក់ព័ន្ធនឹង​​​បទ «បរិហារកេរ្តិ៍​ជាសាធារណៈ និងញុះ​ញង់​ឱ្យមាន​ការ​រើស​អើង​» កាលពីថ្ងៃទី​៥ ខែ​មករា ឆ្នាំ២០២៤ ក្រោយមានការប្តឹងផ្តល់ពីរដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារ​នៅលើហ្វេសប៊ុករបស់លោក។ បច្ចុប្បន្ន​ លោក នី ណាក់ ​កំពុងស្ថិត​នៅ​ក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្រោមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ។

នាយក​​ផ្នែក​​តស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា បង្ហាញ​ការ​​សោក​ស្តាយ​​ចំពោះ​ការ​​ចាប់ខ្លួន​សកម្មជន​សង្គម ​លោក​ នី ណាក់​​ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់គាត់ ខណៈ​កម្ពុជា​ ជាប្រទេសប្រជាធិបតេយ្យ និងជាប្រទេសដែលផ្តល់សច្ចាប័នឱ្យសន្ធិសញ្ញាសិទ្ធិមនុស្សជា​ច្រើន​ បើ​ប្រៀបធៀបទៅប្រទេសនៅក្នុងអាស៊ាន​​។

លោកមានប្រសាសន៍ថា៖​ «សោកស្តាយមែនទែនដែលអាជ្ញាធរគាត់នៅតែមិនទាន់​យល់អំពីក្របខណ្ឌនៃការបញ្ចេញមតិ​នៅប្រទេសកម្ពុជា ពីព្រោះប្រទេស​កម្ពុជាយើង​ជារដ្ឋមួយគោរពនៅប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស។ អាជ្ញាធរមិនគួរចាត់ទុក​រឿងនេះជា​ប​ទ​បរិហាកេរ្ត៍នោះទេ បទចោទប្រកាន់នេះ គឺមិនសមស្របនឹងបទដ្ឋានសិទ្ធិមនុស្សឡើយ»

ករណីនេះ លោកស្នើដល់តុលាការ​ទម្លាក់​ចោលបទចោទប្រកាន់ និ​ងដោះលែង​លោក នី ណាក់ ឱ្យ​មានសេរីភាពឡើងវិញ ដោយលោកថា ការបង្ហោះសារ​​នៅ​លើ​បណ្តាញ​សង្គម​របស់​​​លោក នី ណាក់ គ្រាន់​តែ​ជាកា​រ​សម្តែង​មតិ​របស់គាត់តែ​ប៉ុណ្ណោះ។

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក នី ណាក់ ដែលតែងតែរិះគន់​អំពីភាពអវិជ្ជមានក្នុងសង្គម ជាពិសេសវិស័យកសិកម្មនោះ បាន​បង្ហោះសារនៅលើបណ្តាញសង្គម​ហ្វេស​ប៊ុករបស់លោក ក្នុងន័យដើម​ថា​ «កាត់​ដី​ឱ្យ​លោក ​ហេង សួរ ​ប្រហែល​ជា​ទុក​សង់​រោងចក្រ ​២០០០ ​និង​ធ្វើ​ការិយា​ល័យ ​ឱ្យ​​មន្ត្រី​ក្រសួង​ការងារ​ ព្រោះ​ឃើញ​​គាត់​​ប្រាប់​​ថា ​ធ្វើ​ការ​រហូត​គ្មាន​ថ្ងៃ​សៅរ៍​ ឬ​អាទិត្យ​ឡើយ»។​

ចំណែក កាល​ពី​ថ្ងៃទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣​ លោក ​នី ណាក់​ បាន​បង្ហោះ​សារ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​ «តើ​លោក ​ហេង សួរ​ បាន​សាង​ស្នាដៃ​ធំធេង​អ្វី​ដល់​ជាតិ​ខ្មែរ ​បាន​ជា​រដ្ឋាភិបាល​កាត់​ដី​ព្រៃ​ផ្តល់​​ឱ្យ​ធ្វើ​ជា​កម្ម​សិទ្ធិ? ​RIP ​ព្រៃ​ឈើ​ខ្មែរ»។

នាយកចាត់ការទូទៅនៃ​អង្គការការពារ​សិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត យល់ឃើញថា​ ​​ការ​ចាប់​​ខ្លួន​​លោក នី ណាក់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់គាត់នៅលើបណ្តាញសង្គម​នោះ ជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និង​​ជា​ការគំរាម​គំហែងមួយ​ដល់ប្រជា​ពលរដ្ឋ។ ករណីនេះ លោក​បានអំពាវនាវ​ដល់​រដ្ឋាភិបាលកម្ពុជា​ ពិចារណាឡើងវិញ ក្នុងការបើកលំហសេរីភាពបញ្ចេញ​មតិ ដើម្បីជៀសវាងរង​ការរិះគន់​ពីអន្តរជាតិ។

លោកថ្លែងថា៖ «ដោយសារកម្ពុជាយើងរងការរិះគន់ជាច្រើនមកហើយ ទាក់ទងនឹងការធ្លាក់ចុះនៃសិទ្ធិមនុស្ស ជាពិសេសគេចាត់​ទុកថា​មាន​ការ​រឹត​​ត្បិត​ ហើយ​កន្លងមក​ត្រូវបានអន្តរជាតិកាត់ EBA ២០ភាគរយ និងGSP ដែលមិនទាន់​បន្ត​អនុ​គ្រោះឡើ​ង​វិញ អញ្ចឹង​សូមព្យាយាមពិចារណាឱ្យបានច្បាស់លាស់ ដើម្បី​បើក​លំហសេ​រីភាពបញ្ចេញ​មតិឱ្យបានទូលំទូលាយ អាជ្ញាធរ​ក៏ដូចជាតុលាការគួរតែពិនិត្យឱ្យបានច្បាស់ថាអ្វីជាសេរីភាពបញ្ចេញមតិ អ្វីជាបទញុះញង់»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ លោក​ ប៉ា ចន្ទរឿន ​លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យសេរី គេលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​លើកឡើងអំពីការយល់ឃើញរបស់ខ្លួន​ ទាំងការគាំទ្រ និងការ​ជំទាស់ ព្រោះជាការចូលរួមចំណែកក្នុងការឆ្លុះបញ្ចាំង​អំពី​ការ​ពេញ​ចិត្ត ឬ​មិនពេញចិត្តចំពោះសកម្មភាពនៃ​ការដាក់ចេញនូវគោលនយោបាយ ឬការអនុវត្តគោនយោបាយណាមួយនៃរដ្ឋាភិបាល។

លោកបន្តថា៖ «ប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យសេរី គ្រាន់រិះគន់ប៉ុណ្ណឹង គេមិនប្រកាន់ទោសអូសដំណើររហូតចាប់​ដាក់គុកដាក់ច្រវាក់ទេ គេគ្រាន់តែសួរនាំនូវអ្វីដែលគាត់បានបង្ហោះបានសរសេរ»។

លោកបន្ថែម​ថា៖ «​ករណីលោក នី ណាក់ តិច​ឬ​ច្រើន​អាច​ប៉ះពាល់ដល់​ស្មារតី បង្កឱ្យមានការខ្លាចរអារខ្លះដែ​រ ដល់ប្រជា​ពលរដ្ឋដ៏ទៃទៀតក្នុងសង្គម ហើយទង្វើបែបនេះជាការគំរាមគំហែង​ដល់សេរីភាព​នៃការបញ្ចេញមតិនៅក្នុងសង្គម»។

តែយ៉ាងណា អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុ​ភ័​គ យល់​ថា ការ​លើក​ឡើង​របស់​អង្គការ​សង្គមស៊ីវិលនេះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ។

លោកថ្លែងថា៖ «អ្វីដែលអង្គការសង្គមស៊ីវិលភាគតិចបំផុតនោះ បានលើកឡើង​អ្វីផ្សេងៗតាមអារម្មណ៍របស់គាត់នោះ ខ្ញុំគិត​ថា​ នោះជាការសម្តែងទេ​ ការសម្តែង​ដែល​គេជួល​ឱ្យ​សម្តែង​ គាត់​យកលុយ​ពី​បរទេស​មក​ដើម្បី​សម្តែង​ចឹង​ៗ​ ដូច្នេះខ្ញុំ​មិនចាប់​​អារម្មណ៍​ចំពោះការ​សម្តែង​នេះ​ទេ​»

អ្នកនាំពាក្យរូបនេះ បន្ថែមថា​​ ក្តីបារម្ភដ៏ធំបំផុតរបស់ក្រសួង ក៏ដូចជារដ្ឋាភិបាល គឺសន្តិភាពរបស់ប្រទេស​ជាតិទាំងមូល។

លោកលើកឡើង​ថា៖ «សន្តិភាព​ក្តី សង្គ្រាមក្តី ​មិនមែនកើតឡើងដោយសារ​បញ្ហាធំទេ ជួនកាលវាផ្តើមឡើងពីបញ្ហាតូចតាចជួនកាល ហើយក្នុងនោះខ្ញុំចាត់ទុកថា​ លោក នី ណាក់ ក៏ជា​សមាសភាពមួយដែរ ដែល​នាំកម្ទេចភ្លើងដើម្បីអាចបញ្ឆេះ​ធ្វើឱ្យផ្ទះគេឆេះខ្ទេច​»

ពាក់ព័ន្ធនឹងការ​​បង្ហោះសារ​របស់លោក នី ណាក់ ដែលដាក់​ឈ្មោះក្នុងហ្វេស​ប៊ុក​ថា Iman-KH នោះ អ្នកនាំពាក្យក្រសួង​ការ​ងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ​ធ្លាប់​បាន​បញ្ជាក់ថា បុគ្គល​ឈ្មោះ ហេង សួរ ដែលត្រូវ​បាន​រដ្ឋាភិបាលកាត់ឆ្វៀលដីគម្របព្រៃឈើនៅក្រុង​​បូកគោ ឱ្យ​​កាន់​កាប់​ជាកម្មសិទ្ធិ​នោះ មិនមែន​ជាលោក ហេង សួរ ​រដ្ឋមន្ត្រីក្រសួងការងារនោះទេ។ លោក​ក៏បាន​​ស្នើដល់​ស្ថាប័នសារព័ត៌មាន ដែលបានផ្សាយ​ព័ត៌​មាន​មិនពិតជុំវិញករណីនេះ ធ្វើការកែតម្រូវឡើងវិញផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៦​ ខែ​មករា​ ឆ្នាំ​ ២០២៤ ​បញ្ជាក់​ថា​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក ​ញឹម ពិសាល ​បាន​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​លោក​ នី ណាក់ ​នៅ​ពន្ធនាគារ​ព្រៃ​ស ​ក្រោម​បទ​ចោទ ​«ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម ​បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»​ ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី១២​ និង​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣​ ដោយ​យោង​តាម​មាត្រា​ ៨៨​ មាត្រា​ ៣០៧ ​មាត្រា ​៤៩៥ ​និង​មាត្រា ​៤៩៦ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​

កន្លងមក លោក​ នី ណាក់ ​ធ្លាប់បាន​​ជាប់​ពន្ធនាគារ​ ១៨​ខែ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន ​២​លាន​រៀល ​ពី​បទ ​«ជេរ​ប្រមាថ​ជា​សាធារណៈ ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ​កាល​ពី​ថ្ងៃទី​៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​​ហ្វេសប៊ុក​របស់​លោក​ ​រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់ ​អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ-១៩៕