ក្រសួងព័ត៌មានហាមប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផលិតគ្រឿងស្រវឹងទាំងអស់ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ដែលប្រើសកម្មភាពជំរុញ និងអូសទាញពលរដ្ឋដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងអសន្តិសុខសង្គម ខណៈសង្គមស៊ីវិលសង្ឃឹមថា រដ្ឋមន្ត្រីអាណត្តិថ្មីនឹងអនុវត្តបំរាមនេះឱ្យមានប្រសិទ្ធភាព។
តាមរយៈលិខិតរបស់ក្រសួងព័ត៌មានបានចុះកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងសម្រេចហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុ។
ក្រសួងព័ត័មានក៏បានហាមយកស្រ្តី និងកុមារក្រោមអាយុ១៨ឆ្នាំ មកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរ និងបានតម្រូវឱ្យការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងត្រូវភ្ជាប់សារព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។
ក្រសួងព័ត៌មានបន្ថែមថា ក្រសួងសម្រេចដូច្នេះដោយសារមានការសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានរង្វាន់តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទរួមមានទាំងវិទ្យុ និងទូរទស្សន៍យ៉ាងគគ្រឹកគគ្រេង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងការប៉ះពាល់សុខភាពដោយការពិសាគ្រឿងស្រវឹង។
លិខិតរបស់ក្រសួងព័ត៌មានចេញបន្ទាប់ពីកាលពីសប្ដាហ៍មុន មានផ្ទុះការរិះគន់ពីសំណាក់ពលរដ្ឋជុំវិញការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV ដែលមានការបង្ហោះរូបភាពយុវជន យុវតីចំនួនបួននាក់ពិសាស្រាបៀរកម្ពុជានៅលើសៃវៀនប្រដាល់ក្បាច់គុនខ្មែរ។
លោក នុត ពណ៌ ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា បើសិនលុបបំបាត់បញ្ហាគ្រឿងស្រវឹងបានគឺល្អច្រើន ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការបើកបរពិសារគ្រឿងស្រវឹង។ ព្រោះ
លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្រមួយរយភាគរយក្នុងការលុបបំបាត់បញ្ហាហ្នឹង»។
កញ្ញា ហ៊ល កញ្ញា និស្សិតសិក្សាជំនាញអក្សរសាស្រ្តភាសាអង់គ្លេសនៃសាកលវិទ្យាល័យកម្ពុជាបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាមានការបើកទូលំទូលាយខ្លាំងទាក់ទងនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង។
កញ្ញាថា៖ «មួយទៀតអាចនិយាយបានថាផ្ទាំងប៉ាណូធំៗនៅតាមដងផ្លូវអ៊ីចឹងខ្ញុំគិតថាកន្លែងហ្នឹងវាប៉ះពាល់ខ្លាំងដល់ក្មេងៗតូចៗ មានន័យថាវាបណ្តុះគំនិតគាត់តាំងពីតូចទៅ ពេលគាត់ទៅកន្លែងណាគាត់ឃើញរូបភាពបែបហ្នឹង អ៊ីចឹងធំឡើងក៏គំនិតរបស់គាត់ក៏ទំនោរទៅខាងហ្នឹង»។
កញ្ញាសំណូមពរទៅដល់យុវជនជំនាន់ក្រោយថា៖ «ពេលខ្លះរាល់ការជួបជុំរបស់គាត់គឺសុំឲ្យការញ៉ាំគ្រឿងស្រវឹងរបស់គាត់និង សុំឲ្យមានកម្រិត ហើយទាក់ទងជាមួយនឹងបញ្ហាសុខភាពអ៊ីចឹង ហើយគាត់ត្រូវដឹងថា កម្រិតមួយណាដែលគាត់អាចទទួលយកបានដាក់ក្នុងខ្លួន ហើយមួយណាដែលគាត់មិនត្រូវធ្វើ សំខាន់មួយទៀតគឺប៉ះពាល់ដល់ជីវិត អ៊ីចឹងប្រសិនបើគាត់ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ សុំឱ្យគាត់គិតទុកជាមុន»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពយល់ថា ការសម្រេចនេះជារឿងល្អ ក៏ប៉ុន្តែលោកថាអ្វីសំខាន់គឺការអនុវត្តបំរាមនេះ។
លោក គិមអេង ថា៖ «ការចេញសេចក្ដីសម្រេចនេះវាជារឿងមួយល្អ ខ្ញុំមើលទៅខ្លឹមសារនៃសេចក្ដីសម្រេចគឺល្អណាស់ ល្អមែនទែន ប៉ុន្តែសំខាន់បំផុតគឺរឿងអនុវត្តទេ ថាតើក្រសួងចេញហ្នឹងគឺមានគោលដៅនៃការអនុវត្តយ៉ាងជាក់លាក់ ឬក៏គ្រាន់តែធ្វើឱ្យមហាជនហនឹងបានស្ងប់ចិត្តនេះជារឿងមួយសំខាន់ណាស់»។
លោកបានបន្តថា នេះមិនមែនជាលើកទីមួយទេដែលក្រសួងព័ត៌មានបានហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តែកន្លងមកមិនមានអនុវត្តឡើយ។
លោកបញ្ជាក់ថា៖ «សេចក្ដីសម្រេចនេះគឺជាការសាកល្បងមួយដ៏សំខាន់ និងចំបាច់បំផុតសម្រាប់ឯកឧត្តមរដ្ឋមន្ត្រីថ្មីថាលោកនឹងអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពបែបណានោះគឺយើងនឹងរង់ចាំមើលទាំងអស់គ្នា។ ប៉ុន្តែយើងសង្ឃឹមៗទៅលើលោករដ្ឋមន្ត្រីថ្មីថាលោកនឹងជំរុញការអនុវត្តសេចក្ដីសម្រេចដែលលោកបានចេញហ្នឹងឱ្យមានប្រសិទ្ធភាព»។
លោក យង់ គិមអេង បន្ថែមថា កន្លងមកលោកសង្កេតឃើញថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាបញ្ហាប្រឈមមួយដោយបានអូសទាញយុវជនកម្ពុជាធ្លាក់ក្នុងភាពអបាយមុខ។ លោកក៏បានសំណូមពរឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ហាមជនក្រោមអាយុ១៨ឆ្នាំពិសាគ្រឿងស្រវឹង និងតំឡើងពន្ធលើផលិតផលទាំងនោះឱ្យប្រហាក់ប្រហែលនឹងប្រទេសជិតខាង។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញសរុបចំនួនជាង ៩០០ករណី ក្នុងនោះមានស្លាប់ ៣០៣នាក់។ បើធៀបជាមួយឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន ១៨ករណី ឯចំនួនអ្នកស្លាប់កើនចំនួន ៣០នាក់។ មូលហេតុនៃគ្រោះថ្នាក់ចរាចណ៍មួយក្នុងចំណោមមូលហេតុផ្សេងទៀតនោះគឺ ការបើកបរក្រោមស្ថានភាពស្រវឹង៕