ក្រសួងព័ត៌មាន​​ហាមប្រព័ន្ធផ្សព្វផ្សាយ និង​ក្រុមហ៊ុនផលិត​គ្រឿង​ស្រវឹង​ទាំងអស់​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹ​ង​ផ្ដល់រង្វាន់ ដែលប្រើសកម្មភាពជំរុញ និងអូសទាញពលរដ្ឋ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និងអសន្តិសុខសង្គម ខណៈសង្គមស៊ីវិល​សង្ឃឹម​ថា រដ្ឋមន្ត្រី​អាណត្តិថ្មី​នឹង​អនុវត្ត​បំរាម​នេះ​ឱ្យមា​នប្រសិទ្ធ​ភាព។

តាមរយៈលិខិតរបស់ក្រសួងព័ត៌មានបានចុះកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងសម្រេច​​ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង​ផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាង​យករង្វាន់ និង​ពាក្យ​ស្លោក​ដែល​មាន​ចរិត​លើក​ទឹក​ចិត្តហួសហេតុ។

ក្រសួងព័ត័មាន​ក៏​បានហាមយកស្រ្តី និងកុមារក្រោមអាយុ១៨ឆ្នាំ មកផ្សាយ​ពាណិជ្ជកម្មគ្រឿ​ងស្រវឹ​ង​ដែល​ធ្វើឱ្យប៉ះពាល់សិទ្ធិ និង​សេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរ និង​បាន​តម្រូវ​ឱ្យ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ត្រូវ​ភ្ជាប់សារ​ព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។

ក្រសួងព័ត៌មានបន្ថែម​ថា ក្រសួង​​សម្រេច​ដូច្នេះ​ដោយសារមាន​ការសង្កេត​ឃើញ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រ​វឹង​បានរង្វាន់តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទរួមមានទាំងវិទ្យុ និងទូរទស្សន៍យ៉ាងគគ្រឹកគគ្រេង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងការប៉ះពាល់សុខភាពដោយការពិសាគ្រឿងស្រវឹង។

លិខិត​របស់​ក្រសួង​ព័ត៌មាន​ចេញ​បន្ទាប់ពីកាលពីសប្ដាហ៍មុន មានផ្ទុះការរិះគន់​ពីសំណាក់​ពលរដ្ឋ​ជុំវិញ​ការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV ដែល​មាន​ការបង្ហោះរូបភាពយុវជន យុវតីចំនួនបួននាក់ពិសា​ស្រាបៀរកម្ពុជា​នៅលើសៃវៀនប្រដាល់​ក្បាច់គុនខ្មែរ។

​លោក នុត ពណ៌ ពលរដ្ឋម្នាក់រស់នៅ​រាជធានីភ្នំពេញ បានលើកឡើងថា បើសិនលុប​បំបាត់​បញ្ហា​គ្រឿងស្រវឹ​ង​បា​ន​គឺ​ល្អ​ច្រើន ដើម្បី​ទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​ការ​បើកបរ​ពិសារ​គ្រឿង​ស្រវឹង។ ព្រោះ

លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្រមួយរយភាគរយក្នុងការលុបបំបាត់បញ្ហាហ្នឹង»។

កញ្ញា ហ៊ល កញ្ញា និស្សិតសិក្សាជំនាញអក្សរសាស្រ្តភាសាអង់គ្លេសនៃសាកលវិទ្យាល័យ​កម្ពុជា​បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាមានការបើក​ទូលំទូ​លាយ​ខ្លាំងទាក់ទង​នឹងការផ្សព្វផ្សាយគ្រឿងស្រវឹង។

កញ្ញាថា៖ «មួយទៀតអាចនិយាយបានថាផ្ទាំងប៉ាណូធំៗ​នៅតាមដង​ផ្លូវ​អ៊ីចឹង​ខ្ញុំគិតថា​កន្លែង​ហ្នឹង​វា​ប៉ះពាល់ខ្លាំង​ដល់​ក្មេងៗតូចៗ មានន័យថា​វា​បណ្តុះគំនិត​គាត់​តាំង​ពីតូចទៅ​ ពេល​គាត់​ទៅក​ន្លែងណា​គាត់ឃើញរូបភាពបែបហ្នឹង អ៊ីចឹងធំឡើងក៏គំនិតរបស់គាត់ក៏ទំនោរទៅខាងហ្នឹង»។

កញ្ញាសំណូម​ពរទៅដល់យុវជនជំនាន់ក្រោយថា៖ «ពេលខ្លះរាល់ការជួបជុំរបស់គាត់គឺសុំឲ្យការ​ញ៉ាំ​គ្រឿង​ស្រវឹង​របស់គា​ត់និង សុំឲ្យមា​ន​កម្រិត ហើយ​ទាក់ទង​ជាមួយនឹ​ងប​ញ្ហាសុ​ខភាព​អ៊ីចឹង ហើយ​គាត់​ត្រូវដឹង​ថា កម្រិត​មួយណា​ដែលគាត់អាចទទួលយកបានដាក់ក្នុងខ្លួន ហើយមួយណាដែលគាត់មិនត្រូវធ្វើ សំខាន់​មួយ​ទៀត​គឺ​ប៉ះពាល់​ដល់ជីវិត អ៊ីចឹងប្រសិនបើគាត់ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ សុំឱ្យគាត់គិតទុកជាមុន»។

លោក​ យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាពយល់ថា ការសម្រេ​ចនេះ​ជា​រឿង​ល្អ ក៏ប៉ុន្តែលោកថាអ្វីសំខាន់គឺការអនុវត្តបំរាមនេះ។

លោក គិមអេង ថា៖ «ការចេញសេចក្ដីសម្រេចនេះវាជារឿងមួយល្អ ខ្ញុំមើលទៅខ្លឹមសារ​នៃ​សេចក្ដី​សម្រេច​គឺ​ល្អណា​ស់ ល្អ​មែនទែន ប៉ុន្តែសំខាន់បំផុតគឺរឿងអនុវត្តទេ ថា​តើ​ក្រសួង​ចេញ​ហ្នឹង​គឺ​មាន​គោលដៅនៃ​ការអនុវត្ត​យ៉ាងជាក់​លាក់ ឬក៏គ្រាន់តែធ្វើឱ្យមហាជនហ​នឹងបានស្ងប់ចិត្តនេះជារឿងមួយសំខាន់ណាស់»។

លោកបានបន្តថា នេះមិនមែនជាលើកទីមួយទេដែលក្រសួងព័​ត៌មានបានហាមផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង តែកន្លងមកមិនមានអនុវត្តឡើយ។

‌លោកបញ្ជាក់ថា៖ «សេចក្ដីសម្រេចនេះគឺជាការសាកល្បងមួយដ៏សំខាន់ និងចំបាច់បំផុតសម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី​​ថ្មី​ថាលោកនឹងអនុវត្តសេចក្ដីសម្រេចនេះឱ្យមាន​ប្រសិទ្ធភាពបែបណានោះគឺយើងនឹង​រង់ចាំ​មើល​ទាំងអស់​គ្នា។ ប៉ុន្តែយើងសង្ឃឹមៗទៅ​លើ​លោករដ្ឋមន្ត្រីថ្មី​ថា​លោក​នឹង​ជំរុញ​ការអនុវត្ត​សេចក្ដី​សម្រេច​ដែល​លោក​បាន​ចេញ​ហ្នឹងឱ្យមានប្រសិទ្ធភាព»។

លោក យង់ គិមអេង បន្ថែម​ថា កន្លងមកលោកសង្កេតឃើញថា ការផ្សាយពាណិជ្ជកម្មគ្រឿង​ស្រវឹង​ជា​បញ្ហា​ប្រឈម​​មួយដោយបានអូសទាញយុវជនកម្ពុជាធ្លាក់ក្នុងភាពអបាយមុខ។ លោក​ក៏​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ពន្លឿនការអនុម័តច្បាប់​ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ហាមជន​ក្រោមអាយុ​១៨ឆ្នាំ​ពិសា​គ្រឿង​ស្រវឹង និងតំឡើងពន្ធលើផលិតផលទាំងនោះឱ្យប្រហាក់ប្រហែលនឹងប្រទេសជិតខាង។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានីភ្នំ​ពេញ​ស​រុបចំនួនជាង ៩០០ករណី ក្នុងនោះមានស្លាប់ ៣០៣នាក់។ បើធៀបជាមួយឆ្នាំ២០២២ ករណី​គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន ១៨ករណី ឯចំនួនអ្នកស្លាប់កើនចំនួន ៣០នាក់។ មូលហេតុនៃ​គ្រោះថ្នាក់ចរាចណ៍​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងទៀត​នោះ​គឺ ​ការបើកបរក្រោមស្ថានភាពស្រវឹង៕