លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការចំនួនពីរ គឺយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីលើកកម្ពស់សេវាយុត្តិធម៌។
ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានសម្រេចដាក់ចេញឱ្យអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះតទៅ ក្នុងគោលបំណងលើកកម្ពស់សេវាយុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ត្រូវធ្វើទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋរដ្ឋប្បវេណី ដើម្បីលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ ដោយដាក់ឱ្យអនុវត្តរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះតទៅ។
លោក កើត រិទ្ធ លើកឡើងពីគោលបំណងនៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការថា៖ «ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវអភិក្រម លឿន ត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់ ដោយត្រូវជៀសវាងឱ្យបានជាដាច់ខាតនូវស្ថានភាព ត្រីងៀត ឆ្លៀតពង»។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ថែមថា សម្រាប់យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវពិនិត្យភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ចតាមតុលាការ ភាពមិនប្រក្រតីលើដំណើរសំណុំរឿង និងការសម្រេចសេចក្តីរបស់តុលាការ ហើយដាក់ឱ្យអនុវត្តរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះតទៅ។
លោក កើត រិទ្ធ បន្តលើកឡើងពីការអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការថា៖ «ជាច្រកផ្លូវការមួយសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ដោយ ការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលាការ អាចដាក់ពាក្យបណ្ដឹងអំពីភាពមិនប្រក្រតីក្នុងចំណាត់ការរបស់តុលាការ ដើម្បីឱ្យយន្តការទទួលបន្ទុកជួយត្រួតពិនិត្យ និង ជួយដោះស្រាយរកយុត្តិធម៌»។
ជុំវិញការប្រកាសដាក់ចេញយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ លោក កែវ ពន្លឺចន្ទ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងច្បាប់មិនរំពឹងថាមានប្រសិទ្ធភាពនោះទេ បើទោះបីជាមានយន្តការល្អ វិធានល្អ ព្រោះអំពើពុករលួយវាមានវិសាលភាពខ្លាំងពេកសម្រាប់កម្ពុជា។
លោក កែវ ពន្លឺចន្ទ បន្តថា៖ «ការពន្លឿនរឿង ឬធ្វើឱ្យមានគុណភាពរឿងអី សុទ្ធតែខ្ញុំមិនមានសង្ឃឹមទេ ចំណុចសំខាន់ គឺចំណុចពុករលួយនេះឯង»។
លោក កែវ ពន្លឺចន្ទ បន្ថែមថា ឱ្យតែមានរូបភាពអំពើពុករលួយនៅកន្លែងណា កុំសង្ឃឹមថាទទួលបានយុត្តិធម៌ ពុំមានការអនុវត្តត្រឹមត្រូវ ហើយភាគីទាំងសងខាងក៏ពុំអស់ចិត្ត ដោយសាររឿងខ្លះទាក់ទងអំណាច រឿងនយោបាយ និងអ្នកមានលុយ។
លោក កែវ ពន្លឺចន្ទ បន្តថា៖ «រឿងវិស័យតុលាការហាក់បីដូចជារឿងដដែលៗ គ្រាន់តែយន្តការដាក់លម្អសង្គមប៉ុណ្ណឹង យន្តការច្បាប់ប្រទេសកម្ពុជាល្អ គ្រាន់តែការអនុវត្តមិនបានល្អប៉ុណ្ណឹង»។
ចំណែកលោក វ៉ា ឈុនហុង អ្នកសិក្សាផ្នែកច្បាប់ និងសង្គម មានយោបល់ថា យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ដែលបានដាក់ចេញទៅលើការពន្លឿន ការត្រួតពិនិត្យភាពមិនប្រក្រតី ការដោះស្រាយរឿងក្តីនៅតាមតុលាការ គឺគ្រាន់តែជាយន្តការផ្នែករដ្ឋបាលរបស់អង្គនីតិប្រតិបត្តិ។ ហើយមានប្រសិទ្ធភាពកម្រិតណា គឺអាស្រ័យទៅលើស្ថាប័នតុលាការ។
លោក ឈុនហុង បន្តថា ស្ថាប័នតុលាការ ដែលមានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គួរតែបង្កើតនៅក្រុមការងារត្រួតពិនិត្យ ដោះស្រាយការពន្លឿនរឿងក្តី ភាពអសកម្មនៃរឿងក្តី ឬបញ្ហាផ្សេងទៀត ព្រោះតុលាការជាអ្នកអនុវត្តច្បាប់ អាចមើលឃើញពីបញ្ហានៅក្នុងសង្គមជាក់ស្តែង។
លោក ឈុនហុង បន្តថា៖ «ប្រធានស្ថាប័នតុលាការ រាល់សំណុំរឿងនីមួយៗ គឺមានការចាត់ឱ្យធ្វើការងារទៅតាមលំដាប់នីមួយៗរៀងៗខ្លួន ដូច្នេះហើយស្ថាប័នតុលាការគឺគាត់ដឹងច្បាស់អំពី តើសំណុំរឿងហ្នឹងកកស្ទះដោយសារអ្វី មានការយឺតយ៉ាវដោយសារអ្វី មូលហេតុអ្វីរឿងហ្នឹងអត់ទៅមុន ឬក៏មានបញ្ហាដោះស្រាយមិនចេញ»។
លោក ឈុនហុង បន្តថា លោកចង់ឱ្យមានការបែងចែកឱ្យដាច់រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដោយអំណាចនីតិប្រតិបត្តិអាចធ្វើការងារផ្នែករដ្ឋបាល ហើយអំណាចតុលាការ ត្រូវអនុវត្តកិច្ចការងារទៅតាមអង្គហេតុ អង្គច្បាប់ និងការសម្រេចសេចក្តីដោយមិនមានសម្ពាធពីខាងស្ថាប័នណាមក។
លោក វ៉ា ឈុនហុង មានការបន្ថែមជាចុងក្រោយថា៖ «ស្ថាប័នតុលាការ […] ចៅក្រម អ្នកធ្វើការនៅស្ថាប័នតុលាការមានចំនួនតិច ដូច្នេះហើយគួរជ្រើសរើសធនធានមនុស្សឱ្យបានច្រើន ជៀសវាងការកកស្ទះសំណុំរឿង ការដោះស្រាយមិនទាន់ និងមួយទៀតពាក់ព័ន្ធប្រសិទ្ធភាពនៃដោះស្រាយរឿងក្នុងស្ថាប័នតុលាការ»។
ពាក់ព័ន្ធចំនួនចៅក្រមធ្វើការនៅតាមតុលាការ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើកឡើងថា ចៅក្រមត្រូវធ្វើការជ្រើសរើសដោយប្រុងប្រយ័ត្ន ដើម្បីទទួលបានធនធានមនុស្សល្អៗ។
បើតាមឯកសារខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ទំព័រ១៧ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា៖ «ការបន្តពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកាចំនួន ១០,៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ២,៥ លានដុល្លារអាម៉េរិក»។
បន្ទាប់ពីក្រសួងយុត្តិធម៌បិទបញ្ចប់សន្និសីទសារព័ត៌មាន គឺមានការផ្សព្វផ្សាយសេចក្តីជូនដំណឹងដែលមានខ្លឹមសារអាចឱ្យសាធារណជនអាចទាក់ទងទៅ ក្រុមការងារទទួលពាក្យបណ្តឹង តាមរយៈលេខទូរសព្ទ ០៩៩ ៤៤៤ ១៨១ និងដែលមានលោក ជិន ម៉ាលីន លោក សេង ឌីណា និងអ្នកផ្សេងទៀតជាក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ៕