នៅក្នុងច្បាប់អន្តរជាតិ មនុស្សម្នាក់ៗមានសិទ្ធិស្មើគ្នាក្នុងការជ្រើសរើសដៃគូជីវិត ជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ មិនថាភេទដូចគ្នា ឬផ្ទុយគ្នា ហើយការស្រលាញ់ភេទដូចគ្នាក៏មិនមែនជាកំហុស។
កំពុងផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានយុវជន សុទ្ធ ពៅ សំណាង សកម្មជនការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាលើកឡើងថា អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា នៅតែបន្តរងការរើសអើងទាំងនៅសាលារៀន កន្លែងធ្វើការ ក្នុងសង្គម និងតាមបណ្តាញអ៊ីនធឺណិត។
សំឡេងរបស់សំណាងហាក់ប្តូរបន្តិច នៅពេលរៀបរាប់អំពីការរើសអើងដែលកើតមានលើអ្នកស្រលាញ់ភេទដូចគ្នា។ សកម្មជនរូបនេះបន្តថា៖ «ការរើសអើងនៅក្នុងសាលា ឧទាហរណ៍មួយចំនួន គ្រូមួយចំនួនរើសអើងយើង មិនសូវសប្បាយរីករាយជាមួយយើង ហើយពេលខ្លះគ្រូមួយចំនួនមានវិន័យ ប្រុសមានភេទកំណើតប្រុសត្រូវស្លៀកខោ ស្រីត្រូវស្លៀកសំពត់ មួយទៀតប្រុសមិនអាចទុកសក់វែងបានទេត្រូវកាត់សក់អ៊ីចឹងទៅ អ៊ីចឹងអាហ្នឹងនៅមើលឃើញរូបភាពនិងនៅក្នុងស្រុកខ្មែរ»។
បើទោះបីជាសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាត្រូវបានលើកស្ទួយដោយអង្គការសង្គមស៊ីវិលមួយចំនួនក៏ដោយ ប៉ុន្តែច្បាប់សម្រាប់ការពារនៅមិនទាន់មានគ្រប់គ្រាន់ ហើយការរើសអើង និងការមើលងាយនៅតែកើតមានសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ដូចជាសំណាង។
សំណាង ដែលមានអាយុ២៦ឆ្នាំ បន្ថែមថា ការទទួលស្គាល់ផ្នែកសង្គមមានភាពប្រសើរ ដោយសារពួកគេអាចបង្ហាញភាពជាខ្លួនឯងបាន។
ខែន គឹមហុង អ្នកស្រលាញ់ភេទម្នាក់ទៀតលើកឡើងដែរថា ការស្រឡាញ់ភេទដូចគ្នាគឺការស្រឡាញ់ភេទតែមួយ ដូចជាប្រុសស្រឡាញ់ប្រុស ស្រីស្រឡាញ់ស្រី ប៉ុន្តែការស្រឡាញ់ភេទដូចមិនតម្រូវឱ្យយើងកែរភេទទៅជាមនុស្សស្រីឬក៏ជាប្រុសនោះទេ។
គឹមហុងថា៖ «បញ្ហាប្រឈមរបស់ពួកយើងមានរឿងច្រើន ដូចជាឳពុកម្ដាយ បងប្អូន និងមនុស្សជុំវិញខ្លួន ប៉ុន្តែពួកយើងនឹងប្រឹងជំនះនៅបញ្ហានេះ»។
អ្នកស្រលាញ់ភេទដូចគ្នាម្នាក់ទៀត គុយ ធីតា ស្ថាបនិក Lovelsdiversity ថា ស្ថានភាពអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាមានភាពប្រសើរឡើងបើធៀបនឹងកាលពីមុន តែនៅតែមានចន្លោះខ្វះខាត។
ធីតានិយាយថា៖ « បើយើងប្រៀបធៀបកាលពីដប់ឆ្នាំមុនឬក៏ប្រាំឆ្នាំមុនយើងឃើញថាស្ថានភាពសេរីភាព ការទទួលស្គាល់មានការកើនឡើងប៉ុន្តែនៅតែអត់ទាន់គ្រប់គ្រាន់ អ្នកស្រឡាញ់ភេទដូចគ្នានៅតែទទួលរងនូវការរើសអើងជាប្រចាំថ្ងៃ»។
ធីតា បានឲ្យដឹងថា បញ្ហាដែលអ្នកស្រលាញ់ភេទដូចគ្នាតែងតែជួបប្រទះមាន ៣ធំៗគឺទាក់ទងនឹងបញ្ហាគ្រួសារ ដែលគ្រួសារមួយចំនួនមិនទទួលស្គាល់ការស្រលាញ់ភេទដូចគ្នា និងបង្ខុំឲ្យមានការកែប្រែខ្លួន បង្ខំឲ្យផ្តាច់ទំនាក់ទំនងជាមួយភេទដូចគ្នានិងឲ្យទៅរៀបការជាមួយភេទខុសគ្នាវិញ។ បញ្ហាទីពីរ គឺក្នុងវិស័យអប់រំ និងកន្លែងការងារ ដោយពួកគាត់មិនត្រូវបានទទួលស្គាល់និងផ្តល់សិទ្ធិមនុស្សធម្មតា ក្នុងនោះ មានដូចជាការរើសអើងនៅសាលារៀន ឬរើសអើងពេលសម្ភាសន៍ការងារ។ ចំណែកបញ្ហាទីបី គឺមិនមានការការពារដោយច្បាប់ពេញលេញ ដូចជាមិនមានច្បាប់អនុញាតិឲ្យអ្នកស្រលាញ់ភេទដូចគ្នាបានចុះអ៊ីតាវិលជាដើម។
រដ្ឋាភិបាលកម្ពុជាថា ចំនួនអ្នកស្រឡាញ់ភេទដូចគ្នាមានជាង៣៣,០០០ នាក់ និងប្រហែល ៥,000 គូ។យ៉ាងណាមិញច្បាប់នៅមិនទាន់ទទួលការរៀបការរបស់ពួកគាត់ ជារឿងស្របច្បាប់នៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់ខ្មែរថាមស៍ ឆ្នាំ២០១៩។
ឡុង ម៉ាឡែន ជាអ្នកស្រលាញ់ភេទដូចគ្នាម្នាក់ទៀតលើកឡើងដែរថា ស្ថានភាពអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាមានភាពប្រសើរឡើងបើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅតែមិនទាន់មានភាពទូលំទូលាយនៅឡើយ។
ម៉ាឡែន បានឲ្យដឹងថាមនុស្សមួយចំនួននៅមិនទាន់ដឹងថាអ្វីជា LGBTQ នៅឡើយ ជាពិសេសអ្នកនៅសហគមន៍ជនបទ។
ម៉ាឡែននិយាយថា៖ «សហគមន៍គាត់ដើរតួយ៉ាងសំខាន់ដែរក្នុងការជួយជំរុញទៅលើការស្វែងយល់ និងទទួលស្គាល់ LGBT ព្រោះថាគ្រួសាររបស់អ្នកស្រលាញ់ភេទដូចគ្នាគឺគាត់ទទួលសម្ពាធពីសហគមន៍ ហើយដល់ពេលចឹងគ្រួសារគាត់ផ្តល់សម្ពាធដល់សមាជិក LGBT បន្តទៀត»។
ម៉ាឡែន បន្ថែមដោយសង្ឃឹមថា រដ្ឋាភិបាលនឹងជួយជំរុញឲ្យមានការស្វែងយល់ពីអ្នកស្រលាញ់ភេទដូចគ្នាក្នុងសង្គម ដើម្បីឲ្យការស្រលាញ់ភេទដូចគ្នានេះក្លាយទៅជារឿងធម្មតា។ ម៉ាឡែនថា រដ្ឋាភិបាលមិនគួរទុកតួនាទីផ្សព្វផ្សាយពីការស្រលាញ់ភេទដូចគ្នាទាំងស្រុងទៅឲ្យ អង្គការក្រៅរដ្ឋាភិបាល ឬក្រុមអ្នកស្រលាញ់ភេទដូចគ្នាធ្វើទាំងស្រុងឡើយ ព្រោះពួកគាត់ក៏ជាប្រជាជនទូទៅម្នាក់ ដែលគួរតែទទួលបានការការពារដូចគ្នា។
ត្រលប់មកយុវជន សុទ្ធ ពៅសំណាង វិញ សំណាងចង់ឱ្យសង្គមទទួលយកភាពចម្រុះនៃក្តីស្រលាញ់ ដូចការទទួលយកភាពចម្រុះនៃជាតិសាសន៍ដែរ។
សំណាងនិយាយថា៖ «សង្គមទទួលយកភាពចម្រុះនៃអាយុ ភាពចម្រុះនៃសញ្ជាតិមានសញ្ជាតិខ្មែរ ចិន ចាម វៀតណាម និងភាពចម្រុះនៃពណ៌សម្បុរ ប៉ុន្តែហេតុអ្វីសង្គមមិនអាចបើកចិត្តទទួលនូវភាពចម្រុះនៃក្តីស្រឡាញ់បាន»៕