មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនមនុស្សចំនួន៤នាក់នៅក្នុងការិយាល័យអង្គការលីកាដូដោយគ្មានមូលហេតុ ខណៈពួកគេកំពុងទទួលការប្រឹក្សាយោបល់ផ្នែកច្បាប់ទាក់ទងនឹងករណីសកម្មជនបញ្ចេញមតិលើបណ្តាញសង្គម។ នេះបើតាមការលើកឡើងរបស់អង្គការលីកាដូ។
យោងតាមសាររបស់ទំព័រហ្វេសប៊ុកលីកាដូបានសរសេរនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣បញ្ជាក់ថា អ្នកទាំង៤ រូបនោះ រួមមានឈ្មោះ ហង្ស ត្រឹប ត្រូវជាភរិយាលោក កង សារ៉ន ឈ្មោះ សេង ចន្ថា ត្រូវជាកូនស្រីរបស់លោក សារ៉ន ព្រមទាំងអ្នកជិតខាងពីនាក់ផ្សេងទៀត។
លីកាដូបន្តថា៖ «អ្នកទាំង៤រូបត្រូវបានចាប់ខ្លួន ១០នាទីក្រោយពេលចូលមកដល់ការិយាល័យរបស់អង្គការលីកាដូ បន្ទាប់ពីអ្នកទាំងនោះបានទៅសួរសុខទុក្ខលោកសារ៉ន នៅក្នុងពន្ធធនាគារកាលពីពេលព្រឹក»។
ទំព័រហ្វេសប៊ុកខាងលើបន្តថា ពួកគេបានស្នើសុំឱ្យមន្ត្រីនគរបាលទាំងនោះបង្ហាញឯកសារពាក់ព័ន្ធ ប៉ុន្តែមន្ត្រីនគរបាលទាំងនោះមិនបានបង្ហាញនោះទេ ហើយបែរជានិយាយថា ពួកគេ «ធ្វើតាមបទបញ្ជា» ទៅវិញ ។ មន្ត្រីនគរបាលទាំងនោះក៏បានបញ្ជាឱ្យបុគ្គលិកលីកាដូ លុបចោលរូបភាពដែលបុគ្គលិកថតបាន អំពីវត្តមានរបស់មន្ត្រីនគរបាលទាំងនោះចូលក្នុងបរិវេណការិយាល័យដោយមិនមានបង្ហាញដីកា។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា អ្វីដែលអង្គការលីកាដូបានសរសេរនៅលើទំព័រហ្វេសប៊ុក គឺសរសេរអំពីអ្វីដែលកើតឡើងនៅក្នុងស្នាក់ការអង្គការលីកាដូ ព្រោះលីកាដូជាអង្គការការពារសិទ្ធិមនុស្ស ជាការជំរុញដល់ការអនុវត្តច្បាប់ តែសមត្ថកិច្ចដែលចូលទៅក្នុងអង្គការលីកាដូបែរជានាំខ្លួនអ្នកទាំងបួននាក់ទៅវិញ។
លោកបន្តថា៖ «សមត្ថកិច្ចអនុវត្តច្បាប់គាត់គួរតែដឹងត្រូវធ្វើយ៉ាងម៉េច ត្រូវបង្ហាញឯកសារ ឬក៏ប្រាប់ពីមូលហេតុនៃការនាំខ្លួនច្បាស់លាស់ ពីព្រោះបើសិនជាការចាប់ ឬបទល្មើសជាក់ស្តែងវាត្រូវតែមានដីកា ឃាត់យកទៅប៉ុន្តែរឿងផ្សេងទៀតក៏គួរតែបញ្ជាក់ទៅ បុគ្គលិកលីកាដូថាយកគាត់ទៅធ្វើអីមិនមែនគ្រាន់តែថតរូបហើយគំរាមឲ្យលុប ពេលសួររកឯកសារថាអនុវត្តតាមបទបញ្ជា»។
លោកបន្ថែមថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ ក្រុមគ្រួសារលោក កង សារ៉ន បានបញ្ជាក់មកអង្គការលីកាដូថា មនុស្សទាំង៤នាក់ដែលត្រូវបានចាប់ខ្លួននោះ បានត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ នៅប្រហែលម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានទេ ដោយខលចូល លោកប្រាប់ថារវល់ហើយផ្តាច់ទូរស័ព្ទភ្លាមៗ៕