មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនមនុស្សចំនួន៤នាក់​នៅក្នុងការិយាល័យអង្គការលីកាដូដោយ​គ្មានមូលហេតុ ខណៈពួកគេ​កំពុង​ទទួល​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ទាក់ទង​នឹង​ករ​ណី​សកម្មជន​បញ្ចេញ​មតិ​លើ​បណ្តាញស​ង្គម។ នេះ​បើតាម​ការ​លើកឡើង​របស់​អង្គការ​លីកាដូ។​​

យោង​តាម​សាររបស់ទំព័រហ្វេសប៊ុកលីកាដូបានសរសេរនៅល្ងាចថ្ងៃទី០៦​ ខែធ្នូ ឆ្នាំ​២០២៣​ប​ញ្ជាក់ថា អ្នកទាំង៤ រូបនោះ រួមមានឈ្មោះ ហង្ស ត្រឹប ត្រូវ​ជា​ភរិយា​លោក ​កង​ ​សារ៉ន​ ​ឈ្មោះ សេង ចន្ថា ត្រូវជា​កូនស្រី​របស់​លោក សារ៉ន ព្រមទាំងអ្នកជិតខាងពីនាក់​ផ្សេងទៀត។​

លីកាដូ​បន្តថា៖ «អ្នកទាំង៤​រូបត្រូវបានចាប់ខ្លួន ១០នាទី​ក្រោយ​ពេល​ចូល​មក​ដល់​ការិយាល័យ​របស់​អង្គការ​លីកាដូ បន្ទាប់ពីអ្នកទាំងនោះបានទៅសួរសុខទុក្ខលោកសារ៉ន នៅ​ក្នុង​ពន្ធធនាគារ​កាល​ពី​ពេល​ព្រឹក»​។​

ទំព័រ​ហ្វេសប៊ុក​ខាងលើ​បន្តថា ពួកគេបានស្នើសុំ​ឱ្យមន្ត្រី​នគរបាល​ទាំងនោះ​បង្ហាញ​ឯកសារពាក់ព័ន្ធ​ ​ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំងនោះ​មិនបាន​បង្ហាញ​នោះ​ទេ​ ​ហើយ​បែរជា​និយាយ​ថា​ ​ពួកគេ​ «ធ្វើតាម​បទបញ្ជា​» ​ទៅវិញ​ ​។​ ​មន្ត្រី​នគរបាល​ទាំងនោះ​​​ក៏បាន​បញ្ជា​ឱ្យ​បុគ្គលិក​​​លី​កា​ដូ ​លុបចោល​រូបភាព​​ដែល​បុគ្គលិក​ថត​បាន​ ​អំពី​វត្តមាន​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ចូលក្នុង​បរិវេណ​ការិយាល័យ​ដោយ​មិន​មាន​បង្ហាញ​ដីកា​​​។​

លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ បានប្រាប់ញូវស៍រូមខេមបូឌា​ (Newsroom Cambodia) ថា អ្វីដែលអង្គការលី​កាដូ​បាន​សរសេរ​នៅ​លើ​ទំព័​រ​ហ្វេសប៊ុក គឺ​សរសេរ​អំពីអ្វី​ដែលកើតឡើងនៅក្នុងស្នាក់ការអង្គការលីកាដូ ព្រោះលីកាដូជាអង្គការការពារសិទ្ធិ​មនុស្ស ជា​ការជំរុញ​ដល់​ការអនុវត្ត​ច្បាប់ តែ​សមត្ថកិច្ចដែលចូលទៅក្នុងអង្គការលីកាដូបែរជានាំខ្លួនអ្នកទាំងបួននាក់ទៅវិញ។

លោកបន្តថា៖ «សមត្ថកិច្ចអនុវត្តច្បាប់គាត់គួរតែដឹងត្រូវធ្វើយ៉ាងម៉េច ត្រូវបង្ហាញ​ឯកសារ ឬ​ក៏​ប្រាប់​ពី​មូលហេតុ​នៃ​ការនាំ​ខ្លួន​ច្បាស់​លាស់ ពីព្រោះ​បើសិនជា​ការចាប់ ឬ​បទល្មើស​ជាក់ស្តែង​វា​ត្រូវ​តែ​មាន​ដីកា ឃាត់យកទៅប៉ុន្តែរឿងផ្សេងទៀតក៏គួរតែបញ្ជាក់ទៅ បុគ្គលិក​លីកាដូ​ថា​យក​គាត់​ទៅ​ធ្វើ​អី​មិនមែន​គ្រាន់​តែ​ថត​រូប​ហើយ​គំរាម​ឲ្យ​លុប ពេលសួររកឯកសារថាអនុវត្តតាមបទបញ្ជា»។

លោកបន្ថែមថា នៅព្រឹក​ថ្ងៃទី០៧ ​ខែធ្នូ នេះ ​ក្រុម​គ្រួសារ​លោក ​កង ​សារ៉ន ​បាន​បញ្ជាក់​មក​អង្គការ​លីកាដូ​ថា ​មនុស្ស​​ទាំង​៤នាក់​​ដែល​ត្រូ​វបាន​​ចាប់ខ្លួន​នោះ បាន​ត្រឡប់​ទៅផ្ទះ​របស់​ពួកគេវិញហើយ​ ​នៅប្រហែល​ម៉ោង ៦​​ និង៣០នាទី​ល្ងាច ​ថ្ងៃទី០៦​​ ខែធ្នូ ​ឆ្នាំ២០២៣នេះ។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ុំ រាត្រី​ អភិបាលនៃ​គណៈអភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​ទេ​ ដោយខលចូល លោកប្រាប់ថារវល់ហើយផ្តាច់ទូរស័ព្ទភ្លាមៗ៕​