សហគមន៍ជនជាតិដើមភាគតិចកួយ ស្នើដល់អង្គភាពប្រឆាំងបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះវិហារ ចុះអន្តរាគមន៍ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជំរកសត្វព្រៃព្រះរការ ក្រោយពួកគេរកឃើញថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតំបន់ការពារមួយនេះ នៅតែបន្តកើតមានក្នុងឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយ ស្តីពី លទ្ធផលនៃបទល្មើសធនធានធម្មជាតិក្នុងឆ្នាំ២០២៣ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានរកឃើញថា ក្នុងឆ្នាំ២០២៣ សហគមន៍បានចុះល្បាតនៅតំបន់ដែនជម្រកសត្វព្រៃព្រះរការចំនួន ៥ដង។ សេចក្តីប្រកាសព័ត៌មាន បានស្រង់របាយការណ៍មកបង្ហាញថា មានបទល្មើសព្រៃឈើតួយ៉ាងដូចជា គល់ឈើដែលបានកាប់ផ្តួល អារជ្រៀកចំនួន ៣៦៦គល់, ក្ដារបន្ទះចំនួន ៣៤២បន្ទះ, ឈើតាប់ចំនួន៣.២ម៉ែត្រគូប, ឈើប្រភេទសសរចំនួន២៧ដើម ព្រមទាំងមានបទល្មើសសត្វព្រៃផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «បច្ចុប្បន្នតំបន់ដែលកំពុងបន្តកាប់បំផ្លាញយ៉ាងសកម្ម មានលេខនិយាមការ X៖ 515731 Y៖1546629 ដែលមានម៉ាស៊ីនអារឈើយ៉ាងសកម្មប្រហែល១០គ្រឿង នៅតំបន់ អូរស្ពង់ ដែលជាតំបន់សក្ដានុពលចម្ការច្បោះរបស់បងប្អូនជនជាតិដើមភាគតិចយើងអាស្រ័យផល[…]ទាំងនេះជាអ្វីដែលយើងបានប្រទះឃើញ ហើយចំពោះស្ថានភាពជាក់ស្តែងនាចុងឆ្នាំ២០២៣ គឺកំពុងកើតមានបទល្មើសយ៉ាងសកម្ម»។
តាមអ្វីដែលបានរកឃើញនិងបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មាននេះ សហគមន៍ជនជាតិដើមភាគតិចកួយ បានស្នើដល់អង្គភាពប្រឆាំងបទល្មើសធនធានធម្មជាតិ និងអាជ្ញាធរខេត្តព្រះវិហារ ជួយចុះអន្តរាគមន៍ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ក្នុងដែនជម្រកសត្វព្រៃនេះ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖«អ្វីដែលសហគមន៍យើងស្នើសុំមេត្តាកុំឆ្លើយតបថា ការរកឃើញទាំងនេះ ជាការបំភ្លៃការពិត ឬខុសច្បាប់។ សហគមន៍យើងរាប់តាមអ្វីសហគមន៍ជួបប្រទះជាក់ស្ដែង និងមានភ្ជាប់ជូននូវលេខនិយាមការទីតាំងច្បាស់លាស់ រួមជាមួយរូបថតបញ្ជាក់ផងដែរ។ ប្រសិនបើក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ដព្រះវិហារ ថារបាយការណ៍ ឬការរកឃើញនេះមិនត្រឹមត្រូវ សូមបង្ហាញភស្ដុតាង ព្រោះសហគមន៍យើងមានគោលបំណងតែមួយគឺថែរក្សាព្រៃឈើ បើព្រៃឈើបាត់បង់ ជីវិតជនជាតិដើមភាគតិចយើង វប្បធម៌ ប្រពៃណីយើងក៏បាត់បង់»។
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក អឿ ចាន់ធឿ ដែលបានចូលរួមចុះល្បាត បានឱ្យដឹងថា ស្ថានភាពព្រៃឈើនៅតំបន់ដែនជំរកសត្វព្រៃព្រះរការ នៅតែមានការកាប់បំផ្លាញ ជាពិសេសនៅពេលយប់ ដោយពុំឃើញមានមន្ត្រីបរិស្ថាន និងអាជ្ញាធរចុះទៅហាមឃាត់ និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធិភាពនោះទេ។
លោកថា៖«មិនដែលឃើញមន្ត្រីបរិស្ថានទៅហាមឃាត់ មើលទៅការបំផ្លាញព្រៃឈើនោះ នៅតែមានបន្តទៅមុខរហូត»។
គណៈកម្មការសហគមន៍ជនជាតិដើមភាគតិចគួយភូមិប្រមេរុ លោក ស៊ុត សាវន បង្ហាញការព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅតំបន់ការពារមួយនេះ ដោយសារតែបទល្មើសនៅបន្តកើតមាន។ លោកថា ពួកគាត់ជាជនជាតិដើមភាគតិច ពុំមានមុខរបរអ្វីផ្សេង ក្រៅពីការរស់នៅអាស្រ័យផលអនុផលពីព្រៃឈើ ដូចជា ដងជ័រទឹក និងការរកបន្លែបង្កាផ្សេងៗ។
បុរសវ័យ ៣៧ឆ្នាំរូបនេះ បន្ថែមថា៖ «ព្រៃឈើមានសារៈសំខាន់ណាស់មិនថាមនុស្ស និងសត្វ ហើយការបាត់បង់ព្រៃឈើ គឺជាការបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិច ប្រពៃណីវប្បធម៌របស់ពួកគាត់ ពួកគាត់ជឿថា ព្រៃឈើមានអារុកអារក្សអ្នកតា ត្រូវតែថែរក្សាការពារឱ្យបានគង់វង្ស»។
លោកក៏បានអំពាវនាវដល់មន្រ្តីជំនាញ និងអាជ្ញាធរ ជួយអភិរក្សធនធានធម្មជាតិ និងដាក់ទោសទណ្ឌទៅលើអ្នកដែលកាប់បំផ្លាញព្រៃឈើទៅតាមច្បាប់។
ចំណែក ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ថាប់ សុខឃី អាយុ ៣៧ឆ្នាំ ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ បញ្ឈប់ការរឹតត្បិត និងបើកទូលាយឱ្យមានការចូលរួមចុះល្បាតព្រៃឈើនៅតំបន់ការពារ ពីសំណាក់សហគមន៍ និងយុវជន ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។
លោកបន្តថា៖«សូមសំណូមពរឱ្យក្រសួងបរិស្ថាន ចុះទៅពិនិត្យកន្លែងកាប់ឈើដោយផ្ទាល់ ទី២ សូមឱ្យមន្រ្តីដែលមានប្រាក់ខែ ការពារឱ្យបានម៉ឺនម៉ាត់ និងខ្ញុំសំណូមពរថា មន្រ្តីបរិស្ថានគួរតែសហការល្អជាមួយសហគមន៍ ដើម្បីមានការចូលរួមទប់ស្កាត់ជាបទល្មើសព្រៃឈើ»។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បដិសេធអត្ថាធិប្បាយ ដោយលោកស្នើឱ្យ Newsroom Cambodia ដាក់លិខិតស្នើសុំឯកសារនៅមន្ទីរបរិស្ថានខេត្តព្រះវិហារដោយផ្ទាល់វិញ។
លោកមានប្រសាសន៍ថា៖ «បងចង់បានព័ត៌មាន បងអញ្ជើញមកមន្ទីរបរិស្ថានមក»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោកលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថាន និងអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានទេ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។
ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង សង្កេតឃើញថា បទល្មើសធនធានធម្មជាតិ នៅតែបន្តកើតមាន បើទោះបីជាមានការប្រកាសប្តេជ្ញាចិត្តពីសំណាក់ក្រសួងបរិស្ថានយ៉ាងណាក៏ដោយ ដែលនេះជាការឆ្លុះបញ្ចាំងអំពីស្ថានភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងប្រសិទ្ធភាពនៃការអនុវត្តកិច្ចការពារអភិរក្សរបស់អាជ្ញាធរជំនាញ។
លោកបន្ថែមថា៖«ដើម្បីជំរុញការដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព ខ្ញុំយល់ថា ក្រសួងត្រូវបង្កើនវិធានការរបស់ខ្លួនបន្ថែមទៀត រួមមានការល្បាត ហើយនឹងការអនុវត្តទោសទៅលើអ្នកប្រព្រឹត្តបទល្មើស ដោយយកវិធានការច្បាប់ដាក់ទោសទៅលើជនទាំងឡាយណាដែលបំផ្លិចបំផ្លាញ ដោយមិនមានការលើកលែង ឬយោគយល់ណាមួយទេ គឺអនុវត្តច្បាប់តែម្តង»។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យដាក់ព្រៃព្រះរការ ដែលមានទំហំ ៩០ ៣៦១ហិកតា នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ ជាតំបន់ដែនជម្រកសត្វព្រៃ។ បើតាមអនុក្រឹត្យដដែលនេះ ការបង្កើតដែនជម្រកសត្វព្រៃព្រះរការ គឺដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕