សហគមន៍ជនជាតិដើម​ភាគតិច​កួយ ស្នើដល់​អង្គភាពប្រឆាំងបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័ន​ពាក់ព័ន្ធ និងអាជ្ញាធរ​ខេត្តព្រះវិហារ​ ចុះអន្តរាគមន៍ និងទប់ស្កាត់​បទល្មើស​កាប់បំផ្លាញព្រៃឈើ​នៅ​ក្នុងដែនជំរកសត្វព្រៃព្រះរការ ក្រោយពួកគេ​រកឃើញថា បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅតំបន់ការពារមួយនេះ នៅតែបន្តកើត​មាន​ក្នុងឆ្នាំ២០២៣។

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់​សហគមន៍ជនជាតិដើម​ភាគតិច​កួយ ស្តីពី លទ្ធផលនៃបទ​ល្មើសធនធានធម្មជាតិ​ក្នុងឆ្នាំ២០២៣ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលផ្សព្វផ្សាយលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានរកឃើញថា ក្នុងឆ្នាំ២០២៣ សហគមន៍​បានចុះល្បាតនៅតំបន់ដែនជម្រកសត្វព្រៃព្រះរការចំនួន ៥ដង។ សេចក្តីប្រកាសព័ត៌មាន បាន​ស្រង់របាយការណ៍មកបង្ហាញ​ថា មានបទល្មើសព្រៃឈើ​តួយ៉ាង​ដូច​ជា គល់ឈើដែលបានកាប់​ផ្តួល អារជ្រៀកចំនួន ៣៦៦​គល់, ក្ដារបន្ទះចំនួន ៣៤២បន្ទះ, ឈើតាប់ចំនួន៣.២ម៉ែត្រគូប, ឈើប្រភេទសសរចំនួន២៧ដើម ព្រមទាំងមានបទល្មើសសត្វព្រៃផងដែរ។

សេចក្តីប្រកាសព័ត៌មាន​​បន្តថា៖ «បច្ចុប្បន្នតំបន់ដែលកំពុងបន្តកាប់បំផ្លាញយ៉ាងសកម្ម មានលេខនិយាម​ការ X៖ 515731 Y៖1546629 ដែលមានម៉ាស៊ីនអារឈើយ៉ាងសកម្មប្រហែល១០គ្រឿង នៅតំបន់ អូរស្ពង់ ដែលជាតំបន់សក្ដានុពលចម្ការច្បោះរបស់​បង​ប្អូន​ជនជាតិដើមភាគតិចយើងអាស្រ័យផល[…]ទាំងនេះជាអ្វីដែលយើងបានប្រទះឃើញ ហើយចំពោះស្ថានភាពជាក់ស្តែងនាចុងឆ្នាំ២០២៣ គឺកំពុងកើតមានបទល្មើសយ៉ាងសកម្ម»។

តាមអ្វីដែលបានរកឃើញ​និងបង្ហាញ​ក្នុង​​សេចក្តីប្រកាសព័ត៌មាននេះ​ សហគមន៍ជនជាតិដើមភាគតិចកួយ បាន​ស្នើ​ដល់អង្គភាពប្រឆាំងបទល្មើស​ធនធាន​ធម្មជាតិ និងអាជ្ញាធរ​ខេត្តព្រះវិហារ​ ជួយចុះ​អន្តរាគមន៍​ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ក្នុងដែនជម្រកសត្វព្រៃនេះ។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖«​អ្វីដែលសហគមន៍យើងស្នើ​សុំមេត្តាកុំឆ្លើយតបថា ការរកឃើញទាំងនេះ ជាការបំភ្លៃការពិត ឬខុសច្បាប់។ សហគមន៍យើងរាប់តាមអ្វីសហគមន៍ជួបប្រទះជាក់ស្ដែង និងមានភ្ជាប់ជូននូវលេខនិយាមការទីតាំងច្បាស់​លាស់ រួម​ជាមួយ​រូប​ថត​បញ្ជាក់​ផង​ដែរ។ ប្រសិនបើក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ដព្រះវិហារ ថារបាយការណ៍ ឬការរកឃើញ​នេះ​មិន​ត្រឹមត្រូវ សូមបង្ហាញភស្ដុតាង ព្រោះសហគមន៍យើងមានគោលបំណងតែមួយគឺថែរក្សាព្រៃឈើ បើព្រៃឈើបាត់បង់ ជីវិតជនជាតិដើមភាគតិចយើង វប្បធម៌ ប្រពៃណីយើងក៏បាត់បង់»។

សមាជិក​សហគមន៍ជនជាតិដើមភាគតិច​កួយនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក អឿ ចាន់ធឿ ដែលបានចូល​រួម​ចុះល្បាត​ បានឱ្យដឹងថា ស្ថានភាពព្រៃឈើនៅតំបន់ដែនជំរកសត្វ​ព្រៃព្រះរការ នៅ​តែមានការកាប់បំផ្លាញ​ ជាពិសេសនៅពេលយប់ ដោយពុំឃើញមាន​មន្ត្រីបរិស្ថាន និងអាជ្ញាធរ​​ចុះទៅ​ហាមឃាត់​ និងបង្ក្រាបបទល្មើស​ឱ្យមានប្រសិទ្ធិភាពនោះទេ។

លោកថា៖«មិនដែលឃើញមន្ត្រីបរិស្ថានទៅហាមឃាត់ មើលទៅការបំផ្លាញព្រៃឈើនោះ នៅតែមាន​បន្ត​ទៅមុខ​រហូត​»។​

គណៈកម្មការសហគមន៍ជនជាតិដើមភាគតិចគួយភូមិប្រមេរុ លោក ស៊ុត សាវន បង្ហាញ​ការ​​ព្រួយ​បារម្ភ​ពីការបាត់បង់ព្រៃឈើនៅតំបន់ការពារមួយនេះ ដោយសារតែបទល្មើសនៅបន្តកើតមាន។ លោកថា ពួកគាត់ជា​ជនជាតិដើមភាគតិច ពុំមានមុខរបរអ្វីផ្សេង ក្រៅ​ពីការ​​រស់នៅ​អាស្រ័យផល​​អនុផលពីព្រៃឈើ ដូចជា ដង​ជ័រ​ទឹក និង​ការ​រកបន្លែបង្កាផ្សេងៗ។

បុរស​វ័យ ៣៧ឆ្នាំ​រូប​នេះ បន្ថែម​​​ថា៖ «ព្រៃឈើមាន​សារៈសំខាន់ណាស់​មិនថា​មនុស្ស និងសត្វ ហើយការបាត់​បង់​ព្រៃឈើ គឺ​ជា​ការបាត់បង់​អត្តសញ្ញាណជនជាតិដើមភាគតិច ប្រពៃណីវប្បធម៌របស់​ពួកគាត់ ពួកគាត់ជឿថា ព្រៃឈើមានអារុកអារក្សអ្នកតា ត្រូវតែថែរក្សាការពារឱ្យបានគង់វង្ស»

លោកក៏​បានអំពាវនាវដល់មន្រ្តី​ជំនាញ និងអាជ្ញាធរ​ ជួយ​អភិរក្ស​ធនធានធម្មជាតិ និងដាក់ទោសទណ្ឌទៅលើអ្នកដែលកាប់បំផ្លាញព្រៃឈើទៅតាមច្បាប់។

ចំណែក ជនជាតិដើមភាគតិចកួយម្នាក់ទៀត​ លោក ថាប់ សុខឃី អាយុ ៣៧ឆ្នាំ ក៏បាន​អំពាវនាវ​​​ដល់​​​ក្រសួង​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​ បញ្ឈប់ការរឹតត្បិត និង​​បើកទូលាយ​ឱ្យមានការ​ចូលរួម​ចុះល្បាត​ព្រៃឈើ​នៅតំបន់ការពារ ពីសំណាក់សហគមន៍ និងយុវជន ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

លោកបន្តថា៖«សូមសំណូមពរឱ្យក្រសួងបរិស្ថាន ចុះទៅពិនិត្យកន្លែងកាប់ឈើដោយផ្ទាល់ ទី២ សូមឱ្យមន្រ្តីដែលមានប្រាក់ខែ ការពារ​ឱ្យបានម៉ឺនម៉ាត់ និងខ្ញុំសំណូមពរថា មន្រ្តីបរិស្ថានគួរតែសហការល្អជាមួយសហគមន៍ ដើម្បីមានការចូលរួមទប់ស្កាត់ជាបទល្មើសព្រៃឈើ»។

ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ​ បដិសេធអត្ថាធិប្បាយ ដោយលោកស្នើឱ្យ Newsroom Cambodia ដាក់លិខិត​​ស្នើសុំឯកសារនៅមន្ទីរបរិស្ថានខេត្តព្រះវិហារដោយផ្ទាល់វិញ។

លោកមានប្រសាសន៍ថា៖ «បងចង់បានព័ត៌មាន បងអញ្ជើញមកមន្ទីរបរិស្ថានមក»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែម​ពីលោកលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថាន និងអ្នកនាំពាក្យគណៈកម្មការ​ជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធនធាន​ធម្ម​ជាតិ​បានទេ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង សង្កេតឃើញថា បទ​ល្មើសធន​ធាន​ធម្មជាតិ​ នៅតែបន្តកើតមាន បើទោះបីជាមានការប្រកាសប្តេជ្ញាចិត្តពីសំណាក់ក្រសួងបរិស្ថាន​យ៉ាងណាក៏ដោយ ដែលនេះជាការឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​នៃការគ្រប់គ្រងធនធានធម្មជាតិ និង​ប្រសិទ្ធភាពនៃការអនុវត្តកិច្ចការពារអភិរក្សរបស់អាជ្ញាធរជំនាញ។

លោកបន្ថែម​ថា៖«ដើម្បីជំរុញ​ការដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព ខ្ញុំយល់ថា ក្រសួងត្រូវបង្កើនវិធានការរបស់ខ្លួន​បន្ថែម​ទៀត រួមមាន​ការល្បាត ហើយ​នឹង​ការអនុវត្តទោសទៅ​លើអ្នកប្រព្រឹត្តបទល្មើស ដោយយកវិធានការច្បាប់ដាក់ទោស​ទៅលើជនទាំងឡាយណាដែលបំផ្លិចបំផ្លាញ ដោយមិនមានការលើកលែង ឬយោគយល់ណាមួយទេ គឺអនុវត្តច្បាប់តែម្តង»។

​កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ​ដាក់ព្រៃព្រះរការ ដែលមានទំហំ ៩០ ៣៦១​ហិកតា នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ ជាតំបន់ដែន​​ជម្រកសត្វព្រៃ។ បើ​តាមអនុក្រឹត្យដដែលនេះ ការបង្កើតដែនជម្រកសត្វព្រៃព្រះរការ គឺដើម្បីធានាឱ្យ​មានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕