ប្រមុខរដ្ឋាភិបាល បានសម្រេចបញ្ចប់មុខតំណែង លោក ខេង យ័ន អភិបាលក្រុងកែប នៃខេត្តកែប ពីមុខតំណែង ខណៈមន្ត្រីរូបនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួន កាលពីថ្ងៃម្សិលមិញ ក្រោយរកឃើញថាបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើន។
យោងតាមអនុក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ និងមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។ អនុក្រឹត្យនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់មុខ តំណែងនេះទេ។
ប៉ុន្តែបើតាមខ្លឹមសារនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែមករា បានបញ្ជាក់ថា ការបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែបរូបនេះ គឺជាការចាំបាច់ និងជាការអនុវត្តអភិក្រមទី៥ គឺ ”ការវះកាត់” ដោយសារតែអភិបាលក្រុងកែបរូបនេះ បានប្រើប្រាស់ អំណាច នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
លោកបានសរសេរថា៖«ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់មន្ត្រីរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
លោកបានសង្កត់ធ្ងន់ថា៖«រាជរដ្ឋាភិបាល នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ [អភិក្រមទី៥] ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍បន្ថែមថា ការបញ្ចប់មុខតំណែងគណៈអភិបាលក្រុងកែបរូបនេះ គឺបន្ទាប់ពីមានការស៊ើបអង្កេតរកឃើញថា លោក ខេង យ័ន មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកលើកឡើងថា៖ «ការសម្រេចចិត្តរបស់សម្តេចធិបតី[ហ៊ុន ម៉ាណែត]ធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតទៅលើលោកអភិបាលក្រុងរូបហ្នឹង ហើយគេរកឃើញថា គាត់បានប្រព្រឹត្តអំពើពុករលួយ កិបកេងទ្រព្យសម្បត្តិ លុយកាក់របស់រដ្ឋផង និងធ្វើឱ្យប្រជាពលរដ្ឋខូចប្រយោជន៍ ណាមួយគាត់ទៅដើរកៀរគរលុយអីអញ្ចឹងទៅ គឺមានច្រើនយ៉ាង»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្ត បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួន លោក ខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែចំពោះព័ត៌មានលម្អិត លោកពុំអាចជម្រាបជូនបានទេ។
លោកមានប្រសាសន៍ថា៖«ដោយសារពេលដែលយើងឃាត់ខ្លួនគាត់ហើយ គឺយើងត្រូវរៀបចំភស្តុតាង ត្រូវរៀបចំឯកសារកសាងសំណុំរឿងដើម្បីបញ្ជូនករណីរបស់គាត់នេះទៅតុលាការ អញ្ចឹងខ្ញុំមិនទាន់អាចជម្រាបជូនបានលម្អិតអំពីករណីអ្វីឱ្យច្បាស់ទេ ប៉ុន្តែខ្ញុំអាចជម្រាបជូនបានថា ការឃាត់ខ្លួនរបស់គាត់នេះ គឺពាក់ព័ន្ធទៅនឹងករណីដែលគាត់ប្រើប្រាស់តួនាទីរបស់គាត់ជាអភិបាលក្រុងកែបពីមុនហ្នឹង ដើម្បីទទួលបានផលប្រយោជន៍ដែលខុសច្បាប់ អីចឹងខ្ញុំអាចជម្រាបបានតែប៉ុណ្ណឹង» ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី គាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ទៅលើមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយ ដោយលោកថា ប្រសិនបើមន្ត្រីសាធារណៈប្រព្រឹត្តអំពើពុករលួយ ហើយមានមានភស្តុតាង និងការស៊ើបអង្កេតច្បាស់លាស់ គឺចាំបាច់នៅក្នុងការអនុវត្តច្បាប់ដែលមានជាធរមាន។
លោកថ្លែងថា៖«ប្រសិនបើមានភស្តុតាងពិតប្រាកដ ថាគាត់ប្រព្រឹត្តអំពើពុករលួយ គឺចាំបាច់ ដែលរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ដែលមានជាធរមាន គឺច្បាប់ប្រឆាំងអំពើពុករលួយ […] នៅក្នុងក្របខ័ណ្ឌសាមីខ្លួន ប្រសិនបើមានបទបញ្ជាផ្ទៃក្នុងដែលចែងអំពីរាល់ការប្រព្រឹត្តនៅអំពើពុករលួយ គឺយើងអនុវត្តច្បាប់ដែលមានទៅ នៅក្នុងហ្នឹង យើងអាចដកតំណែង ឬក៏យ៉ាងណាតាមច្បាប់ផ្ទៃក្នុងទៅណា ប៉ុន្តែច្បាប់ព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងអំពើពុករលួយ ជាច្បាប់មួយទៀតដែលត្រូវយកមកអនុវត្ត មិនអាចអនុវត្តត្រឹមតែវិន័យផ្ទៃក្នុងបានទេ ពីព្រោះនេះគឺជាបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ដែលមានចែងដោយច្បាប់ ចឹងគួរតែអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ»។
លោកជំរុញឱ្យរដ្ឋាភិបាលកសាងភាពជឿជាក់ដល់ប្រជាពលរដ្ឋ ទៅលើការផ្តល់សេវាសាធារណៈ និងការដាក់ចេញជាយុទ្ធសាស្ត្រក្នុងការកាត់បន្ថយអំពើពុករលួយ និងអនុវត្តច្បាប់ទៅអ្នកប្រព្រឹត្តខុសទៅតាមច្បាប់ដែលមានជាធរមាន។
លោក ខេង យ័ន អភិបាលក្រុងកែប និងលោក អ៊ិន ហ៊ុន នាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងសួរនាំ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីមន្ត្រីទាំង២រូបនេះ ចេញពីប្រជុំសំណេះសំណាលជាមួយគ្រូបង្រៀនកម្រិតបឋមសិក្សា ទូទាំងក្រុងកែប និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា មកឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ក្រោយពីមានការឃាត់ខ្លួនសាកសួររួចមក អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអនុញ្ញាតឱ្យដោះលែងអ្នកទាំងពីរឱ្យត្រឡប់មកផ្ទះវិញ។
បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក ប៊ុន យោង បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកក្រោមពីមានការឃាត់ខ្លួននេះថា ការឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប នេះ អាចជាការភាន់ច្រឡំ។
លោក ខេង យ័ន មានឋានន្តរស័ក ថ្នាក់លេខ២ ត្រូវបានតែងតាំងជាអភិបាល នៃគណអភិបាល ក្រុងកែប ជំនួសលោកស្រី ទឹត្យ សុខា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្ត កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២២៕