ប្រមុខរដ្ឋាភិបាល​ បានសម្រេចបញ្ចប់មុខតំណែង លោក ខេង យ័ន អភិបាលក្រុងកែប នៃខេត្តកែប ពី​មុខតំណែង ខណៈមន្ត្រីរូបនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ​បានឃាត់ខ្លួន កាលពីថ្ងៃម្សិលមិញ ក្រោយរកឃើញថា​បានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើន។

យោង​តាម​អនុក្រឹត្យ​ចុះកាល​បរិច្ឆេទ​ថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៤​ និង​មាន​ចុះហត្ថលេខាដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​បាន​​សម្រេច​បញ្ចប់​មុខតំណែង​លោក ខេង យ័ន ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​២ ពីអភិបាល​ នៃ​គណៈ​អភិបាល​ក្រុងកែប នៃខេត្ត​កែប​។​ អនុក្រឹត្យ​នេះ ​មិន​បាន​បញ្ជាក់​ពីមូលហេតុ​នៃការ​បញ្ចប់​មុខ​ តំណែង​នេះទេ​។​

ប៉ុន្តែ​បើតាម​ខ្លឹម​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១២ ខែ​មករា​ បាន​​បញ្ជាក់​ថា ការ​បញ្ចប់​មុខតំណែង​របស់​អភិបាល​ក្រុង​កែប​រូប​នេះ​ គឺ​ជា​​ការ​ចាំ​បាច់​ និង​​ជា​ការ​អនុវត្តអភិក្រម​ទី​៥ គឺ​ ”ការវះកាត់​” ដោយ​សារតែ​អភិបាល​ក្រុង​កែប​រូប​នេះ បាន​ប្រើ​ប្រាស់​ អំណាច នៃតួនាទី​របស់​ខ្លួន​ប្រព្រឹត្តអំពើ​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍រដ្ឋ​ និង​​ផលប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​។​​

លោកបាន​សរសេរ​​ថា៖«ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ»។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ក៏បានរំលឹកដល់មន្ត្រីរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យ​បានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជា​ពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។

លោកបាន​សង្កត់ធ្ងន់ថា៖«រាជរដ្ឋាភិបាល នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ [អភិក្រមទី៥] ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន»។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍បន្ថែម​ថា​ ការបញ្ចប់​មុខតំណែងគណៈអភិបាល​ក្រុងកែបរូបនេះ គឺ​បន្ទាប់ពីមានការស៊ើបអង្កេតរកឃើញថា លោក ខេង យ័ន មាន​ជាប់​ពាក់​ព័ន្ធនឹង​អំពើ​ពុក​រលួយ។

លោកលើកឡើងថា៖ «ការសម្រេចចិត្តរបស់សម្តេចធិបតី[ហ៊ុន ម៉ាណែត]​ធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតទៅលើលោកអភិបាលក្រុងរូបហ្នឹង ហើយគេរកឃើញថា គាត់បានប្រព្រឹត្តអំពើពុករលួយ កិបកេងទ្រព្យសម្បត្តិ លុយកាក់របស់រដ្ឋផង និង​ធ្វើឱ្យប្រជាពលរដ្ឋខូចប្រយោជន៍ ណាមួយគាត់ទៅដើរកៀរគរលុយអីអញ្ចឹងទៅ​ គឺមានច្រើនយ៉ាង»។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្ត បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួន លោក ខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែចំពោះ​ព័ត៌មានលម្អិត លោកពុំអាចជម្រាបជូនបានទេ។

លោកមានប្រសាសន៍ថា៖«ដោយសារ​ពេល​ដែល​យើងឃាត់​ខ្លួនគាត់ហើយ​ គឺយើងត្រូវ​រៀបចំភស្តុតាង ត្រូវរៀបចំឯកសារកសាង​សំណុំរឿងដើម្បីបញ្ជូនករណីរបស់គាត់នេះទៅតុលាការ អញ្ចឹងខ្ញុំមិនទាន់អាចជម្រាបជូនបានលម្អិតអំពីករណី​អ្វីឱ្យច្បាស់ទេ ប៉ុន្តែខ្ញុំអាចជម្រាបជូនបានថា ការឃាត់ខ្លួនរបស់គាត់នេះ គឺពាក់ព័ន្ធទៅនឹងករណីដែលគាត់ប្រើប្រាស់តួនាទីរបស់គាត់ជាអភិបាលក្រុងកែបពីមុនហ្នឹង ដើម្បី​ទទួលបានផល​ប្រយោជន៍ដែល​ខុសច្បាប់​ អីចឹងខ្ញុំអាចជម្រាបបានតែប៉ុណ្ណឹង» ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី គាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ទៅលើមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយ ដោយលោក​ថា ប្រសិនបើមន្ត្រីសាធារណៈប្រព្រឹត្តអំពើពុករលួយ ​ហើយមានមានភស្តុតាង និង​ការស៊ើបអង្កេតច្បាស់លាស់ គឺចាំបាច់នៅក្នុងការអនុវត្ត​ច្បាប់​ដែល​មានជា​ធរមាន​។

លោកថ្លែងថា៖«ប្រសិនបើមានភស្តុតាងពិតប្រាកដ​ ថាគាត់ប្រព្រឹត្តអំពើពុករលួយ​​ គឺចាំបាច់​ ដែល​រដ្ឋាភិបាលត្រូវតែ​អនុវត្តច្បាប់​ដែលមានជាធរមាន គឺច្បាប់ប្រឆាំងអំពើពុករលួយ […]  នៅក្នុងក្របខ័ណ្ឌសាមីខ្លួន ប្រសិនបើមានបទបញ្ជាផ្ទៃក្នុង​ដែលចែងអំពី​រាល់ការប្រព្រឹត្តនៅ​អំពើពុករលួយ គឺយើងអនុវត្តច្បាប់ដែលមានទៅ នៅក្នុងហ្នឹង យើងអាចដកតំណែង ឬក៏​យ៉ាងណាតាមច្បាប់ផ្ទៃក្នុងទៅណា ប៉ុន្តែច្បាប់ព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងអំពើពុករលួយ ជាច្បាប់មួយទៀតដែលត្រូវយកមកអនុវត្ត មិនអាចអនុវត្តត្រឹមតែវិន័យផ្ទៃក្នុងបានទេ ពីព្រោះនេះគឺជាបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ដែលមានចែងដោយច្បាប់​ ចឹងគួរតែអនុវត្ត​ឱ្យបានគ្រប់ជ្រុងជ្រោយ»។

លោកជំរុញឱ្យរដ្ឋាភិបាលកសាងភាពជឿជាក់ដល់ប្រជាពលរដ្ឋ ទៅលើការផ្តល់សេវាសាធារណៈ និងការដាក់ចេញជាយុទ្ធសាស្ត្រ​ក្នុងការកាត់បន្ថយអំពើពុករលួយ​ និងអនុវត្តច្បាប់ទៅអ្នកប្រព្រឹត្ត​ខុសទៅតាមច្បាប់​ដែលមាន​ជាធរមាន។​

លោក ខេង យ័ន អភិបាលក្រុងកែប និងលោក អ៊ិន ហ៊ុន នាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងសួរនាំ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីមន្ត្រី​​ទាំង២រូបនេះ ចេញពីប្រជុំ​​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​កម្រិត​បឋមសិក្សា ទូទាំង​ក្រុង​កែប និង​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្ដីពី​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា មក​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។ ក្រោយពីមានការឃាត់ខ្លួនសាកសួររួចមក អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអនុញ្ញាតឱ្យដោះលែងអ្នកទាំងពីរឱ្យត្រឡប់មកផ្ទះវិញ។

បើតាម​​អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក ប៊ុន យោង បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកក្រោមពីមានការឃាត់ខ្លួននេះថា ​ការឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប នេះ អាចជាការភាន់ច្រឡំ។

លោក ខេង យ័ន មានឋានន្តរស័ក ថ្នាក់លេខ២ ត្រូវបានតែងតាំងជាអភិបាល នៃគណអភិបាល ក្រុងកែប ​ជំនួសលោកស្រី ទឹត្យ សុខា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្ត កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២២៕