សង្គមស៊ីវិល សាទរចំពោះក្រសួងយុត្តិធម៌ ដែលបង្ហាញការប្តេជ្ញាចិត្ត និង​ដាក់ចេញនូវយន្តការ​ដោះស្រាយយ៉ាង​ម៉ឹងម៉ាត់ លើសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ប៉ុន្តែថា​បើមាន​ត្រឹមគោល​នយោ​បាយ តែ​គ្មានផែនការសកម្មភាពច្បាស់លាស់នោះទេ នោះបញ្ហាទាំងនេះ​​​នៅ​តែ​ជា​បញ្ហាប្រឈម​ដ៏​ធំ​សម្រាប់​ប្រជា​ពលរដ្ឋ និងប្រទេសជាតិ។

ការលើកឡើងរបស់អង្គការស៊ីវិលនេះ​ ធ្វើ​ឡើង​បន្ទាប់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មានប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ លោកអាងអះថា សំណុំរឿងចំនួន៣ នឹងត្រូវកំណត់ជាអាទិភាព សម្រាប់យន្តការដោះស្រាយដោយម៉ឺងម៉ាត់បំផុត នោះគឺសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន។

លោកបញ្ជាក់ថា៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដាច់ខាត និងគោលការណ៍ ដែលត្រូវប្រកាន់យកចាប់ពីពេលនេះតទៅ សម្រាប់សំណុំរឿងចំនួន៣ប្រភេទ ទី១.​សំណុំរឿងក្តី​គ្រឿង​ញៀន ទី២. សំណុំរឿងក្តីទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ និងទី៣. សំណុំរឿងក្តីពាក់ព័ន្ធនឹងអត្រានុ​កូល​ដ្ឋាន»។

លោកថា ការងារអាទិភាពទាំងនេះ បើមិនមានការដោះស្រាយ​ដោយម៉ឹងម៉ាត់ទេ នោះនឹងបង្ក​ផល​ប៉ះ​ពាល់ផ្ទាល់​ជាមួយ​ប្រជាព​លរដ្ឋ។ លោក​បន្តថា បញ្ហាគ្រឿងញៀន មិនត្រឹមបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​ សុខភាព​ និងសន្តិសុខ​សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញធនធានមនុស្សនៅកម្ពុជា​ថែមទៀត។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្ដិភាព លោក​ យង់ គិមអេង​ ​កត់​សម្គាល់​ឃើញ​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការ​កើន​ឡើង​ច្រើន ខណៈ​​ការ​ចុះបង្រ្កាបម្តងៗ ក៏មាន​ការ​​រឹប​អូស​បាន​សារ​ធាតុញៀនជាច្រើន​តោន​ផងដែរ។ ចំណែកករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ លោកថា ក៏ជាឃាតករលាក់មុខដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមដងផ្លូវជារៀងរាល់ថ្ងៃ និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់ពលរដ្ឋ និងប្រទេស​ជាតិ ក្នុងមួយឆ្នាំៗប្រមាណ ៤០០ ទៅ៥០០លាន​ដុល្លារ​ផង​ដែរ។

លោកចាត់ទុកបញ្ហាទាំងនេះ ថា​ជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ ដែល​ទាមទារឱ្យ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ដាក់ចេញនូវយន្តការ​ម៉ឺងម៉ាត់​ក្នុងការដោះស្រាយ​ ដើម្បីឱ្យប្រជាពលរដ្ឋ​មានជំនឿជឿជាក់។​

លោកបញ្ជាក់ថា៖«ដោយសារយើងឃើញថាគ្រោះ​ថ្នាក់​ចរាចរណ៍កើតឡើងច្រើន បញ្ហាគ្រឿងញៀនក៏កើតឡើងច្រើន ចឹងក្រសួងបានសម្រេចចិត្តនៅក្នុងការបង្ហាញនៃការយកចិត្តទុកហ្នឹង គឺដើម្បីឱ្យប្រជាពលរដ្ឋហ្នឹង គេមានជំនឿជឿជាក់ដែរ»។

យ៉ាងណាមិញ លោកចាត់ទុកគ្រឿងស្រវឹង ជាឬសគល់ចម្បងដែលនាំឱ្យមានគ្រោះ​ថ្នាក់​ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។

លោក យង់ គិមអេង​ បន្ថែមថា៖«ខ្ញុំជឿថាគោលនយោបាយនេះ គឺបើសិនជាអត់មានការប្តេជ្ញាចិត្តខ្ពស់ អត់បានដាក់ចេញជាសកម្មភាព ផែនការសកម្មភាពជាក់លាក់ទេ អត់អាចធ្វើឱ្យសម្រេចទៅបានទេ ហើយម្យ៉ាងវិញទៀត បើអត់ហ៊ានធ្វើរឿងគ្រឿងស្រវឹងហ្នឹងទេ ទោះបីក្រសួងយុត្តិធម៌ លោកព្យាយាម ខំប្រឹងប្រែងដាក់ទោសទណ្ឌយ៉ាងមិចក៏ដោយ ក៏នៅតែអត់ថយដែរ។ ព្រោះបញ្ហាគ្រឿងស្រវឹងជាកត្តាសំខាន់ លុះត្រារដ្ឋាភិបាលហ៊ានចេញច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ទើបជាការចូលរួមចំណែកសំខាន់ក្នុងការទប់ស្កាត់បទល្មើសនេះផង ក៏ដូចជាកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនផង»។

​អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញស្រដៀងគ្នា​​​ដែរថា​ បញ្ហាគ្រឿងស្រវឹង គឺជារឿងធំចម្បងក្នុងការដោះស្រាយ មុននឹងទៅដោះស្រាយបញ្ហាគ្រោះ​ថ្នាក់​ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។ ជាមួយនេះ លោកក៏ជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាគ្រឿង​ញៀន និងគ្រោះថ្នាក់ចរាចរណ៍ ប្រកបដោយតម្លាភាព សុក្រឹតភាព និងភាពយុត្តិធម៌ ដោយយកច្បាប់ជាធំ ទើបអាចធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់បាន។

លោកបន្តថា៖«ទោះ​ចំណាត់ការ​នេះ​តូច​ក្តី ធំ​ក្តី ប៉ុន្តែ​ឱ្យ​តែ​មន្ត្រី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ដោយ​សុទ្ធចិត្ត ដោយ​គ្មាន​ការ​រើសអើង ក្រោម​គោលការណ៍​ច្បាប់ មិន​ខ្លាច​ញញើត​អ្នក​មាន​អំណាច ឬ​សាច់ញាតិ​បក្ខពួក​ខ្លួនឯង នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន នឹង​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង​ជាមិនខាន ប៉ុន្តែ​ប្រសិនបើ​អនុវត្ត​ច្បាប់​ដើម្បី​ធ្វើ​ប្រជាភិថុតិ ឬ​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ទោះ​វិធាន​ការ​នោះ​ធំ​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​លុបបំបាត់​បញ្ហា​នេះ​បាន​ដែរ»។

Newsroom Cambodia មិនទាន់អាចសុំធ្វើការអត្ថាធិប្បាយបន្ថែមពីលោក​ ជិន​ ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌បាននៅឡើយទេ។

ចំណែក អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​លោក មាស វិរិទ្ធ ធ្លាប់​លើក​ឡើង​កន្លង​មក​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន​នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ​ដែល​កំណត់​បាន​ដោយ​អាជ្ញាធរ ដែល​ភាគច្រើន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ទៅ ៣៥​ឆ្នាំ។

របាយការណ៍របស់អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៧ អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀនចំនួន​ ២៩៦​គីឡូក្រាម, ឆ្នាំ​២០១៨ ចាប់​បានចំនួន ៤៧២,៥៣​គីឡូក្រាម, ឆ្នាំ​២០១៩ ចាប់​បានចំនួន​ ៧៥០​គីឡូក្រាម, ឆ្នាំ​២០២០ ចាប់​បានចំនួន ៣ ៨៧៦​គីឡូក្រាម, ឆ្នាំ​២០២១ ចាប់​បាន ៤ ៦៨៩​គីឡូក្រាម និង​ឆ្នាំ​២០២២ ចាប់​​​បាន​ចំនួន ១៤ ៩១៩​គីឡូក្រាម រួមនឹងវត្ថុតាមមួយចំនួនទៀត។

ដោយឡែក ​របាយការណ៍របស់​នាយកដ្ឋាន​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ឱ្យ​ដឹងថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍នៅទូទាំងប្រទេស​​ក្នុង​ឆ្នាំ​២០២៣​ បានកើតឡើង​ជាង ៣ ០០០ករណី​នេះ បាន​កើន​ឡើង​ ១១​% បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែលមានជាង ២ ៩០០ករណី។ ប្រភពដដែលបន្តថា ក្នុង​ឆ្នាំ​២០២៣ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ជាង ​១ ៥០០​នាក់​ ដែល​ថយ​ចុះ​ ៧% ខណៈ​​អ្នក​រង​របួស​ធ្ងន់​មាន​ជាង​ ២ ៧០០​នាក់ ​កើន​ឡើង​ ៧% និង​​​អ្នក​រង​របួស​ស្រាល​មាន​ជាង​ ១៧០០​ នាក់​ ​កើន​ឡើង​ ២១%។

ចំណែក ​សំណុំរឿងទាក់ទងនឹងអត្រានុកូលដ្ឋានវិញ បើតាមរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត​ រិទ្ធ ថ្លែងក្នុងសន្និសីទនោះ គឺ​​មកដល់ពេលនេះ ការប្តឹងសំណុំរឿងទាក់ទងនឹងអត្រានុកូលដ្ឋាន មានប្រមាណ ៦ ០០០សំណុំ​រឿង ស្មើនឹង ២៣​ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីទាំងមូល។ លោកស្នើ​ឱ្យសាលាដំបូង​ទូទាំងប្រទេស ធ្វើការ​ងារ​ដោះស្រាយបញ្ហានេះតែ ២គត់ គឺលឿន និងត្រឹមត្រូវ ខណៈបញ្ហា​​នេះ​​ភាគច្រើន​ គឺ​ខុសតែ​ឈ្មោះ និងថ្ងៃខែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែតាមច្បាប់ គឺពលរដ្ឋ​ត្រូវឡើង​ទៅកែនៅតុលាការ៕