ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប លោក ខេង យ័ន ជាបណ្តោះអាសន្ន ក្រោមបទចោទ «រំលោភអំណាច» និង «សម្អាតប្រាក់»។
កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោយរកឃើញថាអតីតមន្ត្រីរូបនេះ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្តបានឱ្យដឹងថា ក្រោយធ្វើការសាកសួរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទពីបទ «រំលោភអំណាច» និង «សម្អាតប្រាក់»។
លោកថ្លែងថា៖ «ក្រោយពីនីតិវិធីនៅតុលាការបញ្ចប់ កាលពីថ្ងៃអាទិត្យម្សិលមិញ[ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤]ហ្នឹង គឺតុលាការបានសម្រេចឃុំខ្លួនគាត់[លោក ខេង យ័ន]បណ្តោះអាសន្នសិនហើយ ចឹងពាក់ព័ន្ធទៅនឹងគាត់ មកដល់ពេលនេះគឺចៅក្រមស៊ើបបានសម្រេចឃុំខ្លួនគាត់ទៅកន្លែងឃុំខ្លួនហើយ»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពី លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទេ ដោយលោកបដិសេធផ្តល់បទសម្ភាសន៍។
ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន ក៏ពុំអាចសុំការអត្ថាធិប្បាយបានដែរ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការបោសសំអាតមន្ត្រីមិនល្អ ជាពិសេសមន្រ្តីដែលជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកសូកប៉ាន់ និងប្រព្រឹត្តិអំពើពុករលួយជាដើម។
លោកលើកឡើងថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែធ្វើការអនុវត្ត ឬយុទ្ធនាការសំអាតមន្ត្រីដែលអត់ប្រសិទ្ធភាពចោល ឬពុករលួយហ្នឹងជាប្រព័ន្ធនៅគ្រប់ស្ថាប័ន គ្រប់ក្រសួង គ្រប់ការិយាល័យសាធារណៈទាំងអស់ ជាពិសេសនៅរាល់ក្រសួងទាំងឡាយណាដែលទទួលបន្ទុកក្នុងការផ្តល់សេវាជូនពលរដ្ឋ»។
លោកបញ្ជាក់បន្ថែមថា៖ «ការបោសសំអាត ឬស៊ើបអង្កេតមន្រ្តីដែលជាប់ពាក់ព័ន្ធដោយមិនមានការរើសអើង គ្រប់មន្រ្តីទាំងតូច ទាំងធំ ទាំងខ្សែរអត់ខ្សែគួរតែធ្វើ ហើយបើសិនជាសង្ស័យគួរធ្វើការស៊ើបអង្កេតស៊ីជម្រៅ ក្នុងករណីមានភស្តុតាងគ្រប់គ្រាន់ គួរតែអនុវត្តច្បាប់ដែលមានជាធរមាន»។
អតីតអភិបាលក្រុងកែប នៃខេត្តកែប លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្របពេលដែលប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យមួយ ដោយបញ្ចប់តំណែងលោក ខេង យ័ន ក្រោយរកឃើញថារូបលោកបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
មាត្រា៣៨ នៃច្បាប់ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានចែងអំពីបទសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ឬរហូតស្មើតម្លៃកម្មវត្ថុនៃការសម្អាតប្រាក់។
ចំណែក មាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចែងថា បទរំលោភអំណាច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។
គួរបញ្ជាក់ថា លោក ខេង យ័ន មានឋានន្តរស័ក ថ្នាក់លេខ២ ត្រូវបានតែងតាំងជាអភិបាល នៃគណអភិបាល ក្រុងកែប កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២២៕