រដ្ឋាភិបាលកម្ពុជា ប្រកាសជាថ្មីពីការគាំទ្រយ៉ាងម៉ឹងម៉ាត់ ចំពោះគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់តំណាងប្រទេសចិន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖«ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់សារជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ“គោលនយោបាយចិន មួយ” ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល»។
ការប្រកាសជំហរជាថ្មីរបស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្រោយគណបក្ស Democratic Progressive Party (DPP) ដែលជាគណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោតនៅអាណត្តិទី៣ កាលពីថ្ងៃសៅរ៍។
លោក Lai Ching-te ដែលជាបេក្ខជនរបស់គណបក្សនេះ និងដែលបច្ចុប្បន្នជាអនុប្រធានាធិបតីតៃវ៉ាន់ បានឈ្នះសំឡេងឆ្នោតចំនួន ៤០% នៃសំឡេងឆ្នោតសរុប ខណៈគូប្រជែងរបស់លោក គឺលោក Hou Yu-ih បេក្ខជនមកពីគណបក្សប្រឆាំង Kuomintang (KMT) ទទួលបានសំឡេងឆ្នោត ៣៣.៤៩% និងលោក Ko Wen-Je បេក្ខជនគណបក្ស Taiwan People’s Party (TPP) ទទួលបានសំឡេងឆ្នោត ២៦.៤៥% ។
ការបោះឆ្នោតនេះ មានអ្នកចូលរួមជាង ១៤លាននាក់ ដែលនាំឱ្យចំនួនអ្នកទៅបោះឆ្នោតមានជាង ៧១%។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Bloomberg។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ត្រូវបានសារព័ត៌មាន South China Morning post ស្រង់សម្តីមកចុះផ្សាយកាលពីថ្ងៃអាទិត្យថា លទ្ធផលបោះឆ្នោតជ្រើសរើសមេដឹកនាំនៅតៃវ៉ាន់ មិនអាចផ្លាស់ប្តូរការពិតជាមូលដ្ឋាន ដែលថាតៃវ៉ាន់ គឺជាផ្នែកសំខាន់មួយនៃប្រទេសចិន។
លោកនិយាយថា៖«យើងជឿជាក់ថា សហគមន៍អន្តរជាតិ ស្របតាមគោលការណ៍ចិនតែមួយ នឹងបន្តគាំទ្របុព្វហេតុត្រឹមត្រូវរបស់ប្រជាជនចិន ក្នុងការខិតខំបង្រួបបង្រួមជាតិ និងប្រឆាំងនឹងសកម្មភាពផ្តាច់ខ្លួននៃការស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់»។
សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា បណ្តាប្រទេសក្នុងតំបន់អាស៊ាន ឈរលើគោលនយោបាយចិនតែមួយ តែកម្ពុជាហាក់មានទំនោរទៅរកចិនច្រើនជាងគេ ខណៈចិនតែងតែអំណាចទន់ភ្លន់របស់ខ្លួន ក្នុងការទាក់ទាញប្រទេសនានានៅលើពិភពលោក ឱ្យទទួលយកគោលនយោបាយចិនតែមួយរបស់ខ្លួន។ តែយ៉ាងណា លោកសង្កេតឃើញថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ ឥទ្ធិពលចិនហាក់មានការថយចុះបន្តិច ដោយសារឥទ្ធិពលនយោបាយការបរទេសរបស់តៃវ៉ាន់ ចាប់ផ្តើមមានដង្ហើមឡើងវិញនៅលើឆាកអន្តរជាតិ បើទោះបីជានៅកម្រិតមួយមិនទាន់ធំដុំនៅឡើយក្តី។
លោកថា៖«៥ឆ្នាំចុងក្រោយនេះ ហាក់ដូចជាថយបន្តិច ដោយសារតែមានបណ្តាប្រទេសជាច្រើនបានអនុញ្ញាតឱ្យតៃវ៉ាន់ អាចមានជើងហោះហើរត្រង់ទៅកាន់ប្រទេសខ្លួន ដែលបង្ហាញថា គោលនយោបាយបរទេសតៃវ៉ាន់ ហាក់រស់រវើកជាងមុន»។
ជាមួយគ្នានេះដែរ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការបង្ហាញការគាំ្ររបស់កម្ពុជា ទៅលើគោលនយោបាយចិនតែមួយ នៅក្រោយការបោះឆ្នោតនៅតៃវ៉ាន់នេះ អាចជាការចង់បង្ហាញថា កម្ពុជា និងចិន គឺជាមិត្តល្អនឹងគ្នា។
លោកថា៖«ចរន្តនៃការបង្រួបបង្រួមចិនតែមួយ គឺឈានដល់ចំណុចមួយក្តៅ ហើយទាមទារឱ្យមានការគាំទ្រពីអន្តរជាតិ[…] វាអត់សូវជាបញ្ហាចោទសម្រាប់កម្ពុជានោះទេ វាជាតុល្យភាពនយោបាយការបរទេសរបស់កម្ពុជាដែរ ប៉ុន្តែវាអាស្រ័យទៅលើទេពកោសល្យរបស់ថ្នាក់ដឹកនាំកម្ពុជា ថាលោកអាចធ្វើបាននៅក្នុងក្របខណ្ឌណាបាន»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា លោក គិន ភា យល់ឃើញស្រដៀងគ្នានេះដែរថា ទោះក្នុងស្ថានភាពបែបណាក៏ដោយ ក៏គោលជំហររបស់កម្ពុជា ជុំវិញគោលនយោបាយចិនមួយ អាចនឹងមិនមានការកែប្រែទេ ខណៈការផ្សាភ្ជាប់នូវគោលនយោបាយចិនមួយនេះ បានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា នៅក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន។
លោកថា៖«ដូចយើងដឹងហើយ នយោបាយចិនមួយដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបន្តមកតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ[…] ការណ៍នេះ បានបង្កើននូវទំនុកចិត្តទៅវិញទៅមក ហើយក៏ហុចផលជាផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ រួមទាំងវិស័យសំខាន់ៗដទៃទៀត»។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្ពុជា និងចិន បានរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” នៅបរិវេណព្រលានជល់ដំរី ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន អ្នកទេសចរកម្ពុជា-ចិន សរុបជាង ១ ០០០នាក់។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី១៥ ខែមករានេះថា ការណ៍នេះ បានបង្ហាញពីទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលបានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ គិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់រាជទូតចិនមកកម្ពុជា ជាលើកដំបូងក្នុងសម័យហ្វូណន។
លោកបន្តថា កម្ពុជា-ចិន ក៏បានបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងថ្នាក់ដឹកនាំប្រទេសទាំងអស់ រហូតអាចលើកកម្ពស់ទំនាក់ទំនងនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់តាំងពីឆ្នាំ២០១០មក៕