រដ្ឋាភិបាលកម្ពុជា ប្រកាសជាថ្មីពីការគាំទ្រយ៉ាងម៉ឹងម៉ាត់​ ចំពោះ​គោល​នយោបាយ​ចិនតែមួយ​ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរ​ស្របច្បាប់តែមួយគត់តំណាង​ប្រទេសចិន។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖«ពាក់ព័ន្ធ​នឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យ​នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់សារជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ“គោលនយោបាយចិន មួយ” ដោយ​ទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យ​ប្រទេស​ចិន​ទាំងមូល»។

ការប្រកាសជំហរជាថ្មីរបស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើង​ក្រោយគណបក្ស Democratic Progressive Party (DPP) ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់ ​បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៣​ ​កាលពី​ថ្ងៃ​សៅរ៍​។

លោក Lai Ching-te ដែល​ជា​បេក្ខជន​របស់​គណបក្ស​នេះ​ និង​ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធានា​ធិបតី​​​តៃវ៉ាន់ បាន​ឈ្នះ​សំឡេង​ឆ្នោត​ចំនួន ៤០% នៃសំឡេងឆ្នោតសរុប ខណៈគូប្រជែង​របស់​លោក គឺ​​លោក Hou Yu-ih បេក្ខជនមកពីគណបក្សប្រឆាំង​ Kuomintang (KMT) ទទួលបានសំឡេងឆ្នោត ៣៣.៤៩% និង​លោក Ko Wen-Je បេក្ខជន​គណបក្ស​ Taiwan People’s Party (TPP) ទទួលបានសំឡេងឆ្នោត ២៦.៤៥% ។

ការ​បោះ​ឆ្នោត​នេះ មាន​អ្នក​ចូល​រួមជាង ១៤​លាន​នាក់ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​មាន​ជាង ៧១%។ នេះបើតាមការផ្សាយរបស់​សារព័ត៌មាន Bloomberg។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ត្រូវបាន​សារព័ត៌មាន South China Morning post ​ស្រង់សម្តីមកចុះផ្សាយ​​កាលពីថ្ងៃអាទិត្យថា លទ្ធផលបោះឆ្នោតជ្រើសរើសមេដឹកនាំនៅតៃវ៉ាន់ មិន​អាចផ្លាស់ប្តូរ​ការ​ពិត​ជាមូលដ្ឋាន ដែលថា​តៃវ៉ាន់​ គឺជាផ្នែកសំខាន់​មួយ​នៃ​ប្រទេសចិន។ 

លោកនិយាយថា៖«យើងជឿជាក់ថា សហគមន៍អន្តរជាតិ ស្របតាមគោលការណ៍ចិនតែមួយ នឹង​បន្តគាំទ្របុព្វហេតុ​ត្រឹមត្រូវរបស់ប្រជាជនចិន ក្នុងការខិតខំបង្រួបបង្រួមជាតិ និងប្រឆាំង​នឹងសកម្មភាពផ្តាច់​ខ្លួន​នៃ​ការស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់»។ 

សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ​ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍ថា បណ្តាប្រទេស​ក្នុងតំបន់​អាស៊ាន​ ឈ​រ​លើ​គោល​នយោបាយ​ចិនតែមួយ តែកម្ពុជា​ហាក់​​​​មាន​​ទំនោរ​ទៅរក​ចិនច្រើន​​ជាងគេ​ ខណៈចិនតែងតែអំណាច​​ទន់ភ្លន់របស់ខ្លួន ក្នុងការ​ទាក់ទាញប្រទេសនានានៅលើពិភពលោក ឱ្យទទួលយកគោលនយោបាយ​ចិន​តែ​មួយ​របស់ខ្លួន។​  តែយ៉ាងណា លោក​​​សង្កេតឃើញថា រយៈពេល ៥ឆ្នាំ​ចុងក្រោយនេះ ឥទ្ធិពល​ចិន​​ហាក់​មានការ​ថយ​ចុះបន្តិច ដោយ​សារឥទ្ធិពលនយោបាយការបរទេសរបស់​តៃវ៉ាន់ ចាប់ផ្តើម​មានដង្ហើម​ឡើង​វិញ​នៅលើឆាកអន្តរជាតិ បើទោះបីជានៅកម្រិតមួយ​មិនទាន់ធំដុំនៅឡើយ​ក្តី។ 

លោកថា៖«៥ឆ្នាំចុងក្រោយនេះ ហាក់ដូចជាថយបន្តិច ដោយសារតែមានបណ្តាប្រទេសជាច្រើនបានអនុញ្ញាតឱ្យ​​តៃវ៉ាន់ អាចមានជើងហោះហើរត្រង់ទៅកាន់ប្រទេសខ្លួន ដែលបង្ហាញថា គោលនយោបាយបរទេស​តៃវ៉ាន់ ហាក់​រស់រវើក​ជាង​មុន»។ 

ជាមួយគ្នានេះដែរ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ​ការបង្ហាញការគាំ្ររបស់កម្ពុជា ទៅលើ​គោលនយោបាយចិនតែមួយ​ នៅក្រោយការបោះឆ្នោតនៅតៃវ៉ាន់នេះ អាចជាការចង់​បង្ហាញ​ថា កម្ពុជា និងចិន គឺជា​មិត្ត​ល្អ​នឹង​គ្នា​។  

លោកថា៖«ចរន្តនៃការបង្រួបបង្រួមចិនតែមួយ គឺឈានដល់ចំណុចមួយក្តៅ ហើយទាមទារឱ្យ​​មានការគាំទ្រពីអន្តរជាតិ[…]​ វាអត់សូវជាបញ្ហាចោទសម្រាប់កម្ពុជានោះទេ វាជាតុល្យភាពនយោបាយការបរទេសរបស់កម្ពុជាដែរ ប៉ុន្តែវាអាស្រ័យទៅលើទេពកោសល្យរបស់ថ្នាក់ដឹកនាំកម្ពុជា ថាលោកអាចធ្វើបាននៅក្នុងក្របខណ្ឌណាបាន»។

 ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា លោក គិន ភា យល់ឃើញ​ស្រដៀងគ្នានេះដែរ​​ថា ទោះក្នុងស្ថានភាពបែបណាក៏ដោយ ក៏គោលជំហរ​របស់​​កម្ពុជា ជុំវិញគោលនយោបាយចិនមួយ អាច​​នឹង​​មិន​​មាន​ការកែប្រែទេ ខណៈការផ្សាភ្ជាប់​នូវគោល​នយោបាយចិនមួយនេះ បានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា នៅក្នុងក្របខណ្ឌ​ទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន។ 

លោកថា៖«ដូចយើងដឹងហើយ នយោបាយចិនមួយ​ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបន្តមក​តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ[…] ការណ៍នេះ បានបង្កើននូវទំនុកចិត្តទៅវិញទៅមក ហើយ​ក៏ហុចផលជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ​ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ រួមទាំងវិស័យសំខាន់ៗដទៃទៀត»។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្ពុជា និងចិន បានរៀបចំ​ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” នៅបរិវេណព្រលាន​ជល់ដំរី ខេត្តសៀម​រាប ដោយ​មាន​ការចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន អ្នកទេសចរកម្ពុជា-ចិន សរុបជាង ១ ០០០នាក់។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើកឡើងនៅក្នុងទំព័រហ្វេស​ប៊ុកផ្លូវការ​របស់​លោក នៅថ្ងៃទី១៥ ខែមករានេះ​ថា ការណ៍នេះ បានបង្ហាញពីទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេស​ទាំង២ ដែល​បាន​ចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ គិតចាប់តាំង​ពី​ដំណើរទស្សនកិច្ចរបស់រាជទូតចិនមកកម្ពុជា ជា​លើក​ដំបូងក្នុងសម័យហ្វូណន។

លោកបន្តថា កម្ពុជា-ចិន ក៏បានបន្តពង្រឹង និងពង្រីកចំណង​មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងថ្នាក់ដឹកនាំប្រទេសទាំងអស់ រហូតអាចលើកកម្ពស់ទំនាក់ទំនងនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់តាំងពីឆ្នាំ២០១០មក៕