តុលាការនៃ​សាលាដំបូង​ខេត្ត​រតនៈ​គិរី បាន​ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស​ លោក​ ថេង សាវឿន និងសហការី ២នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពី​បទ «រួមគំនិត​ក្បត់ និង​ញុះ​ញង់» ប៉ុន្តែ​តុលាការ​សម្រេច​ព្យូរទោសទាំងអស់ ដោយតម្រូវឱ្យពួកគេ​​ស្ថិតនៅក្រៅឃុំ។

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សាលា​ដំបូង​ខេត្ត​រតនគិរី​ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​​សំណុំ​រឿង​ ប្រធាន​​សមាគម​​សម្ព័ន្ធ​​សហគមន៍កសិករ​កម្ពុជា លោក ​ថេង សាវឿន, មន្ត្រីជាន់ខ្ពស់សមាគម ​លោក​ ញ៉ិល ភាព​ និងមន្ត្រីសម្របសម្រួល​សហគមន៍ ​លោក​ ថាន់ ហាច​ ក្រោម​បទ​​ចោទ​ប្រកាន់ «រួម​គំនិត​ក្បត់ ​និង​បទ​ញុះញង់ ​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​​សន្តិសុខ​សង្គម»  ពាក់ព័ន្ធ​នឹង​ការ​រៀប​ចំ​សិក្ខា​សាលា ​បណ្ដុះ​បណ្ដាល​មួយ​នៅ​ខេត្ត​នេះ ​កាល​ពី​ខែ​ឧសភា ឆ្នាំ២០២៣។

ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤​នេះ តុលាការខេត្តរតនៈគិរី បានប្រកាសសាលក្រម ដោយ​សម្រេច​ផ្តន្ទា​ទោស​រូប​លោក និងសហាការី ២នាក់ទៀត ដាក់​ពន្ធនាគាររយៈពេល ៥ឆ្នាំ ប៉ុន្តែទោស​ទាំង​អស់​របស់​ពួកគាត់​ត្រូវបានព្យូរនៅក្រៅឃុំ។

លោក​​បានចាត់ទុកការសម្រេចរបស់តុលាការ​​នេះ​ថាជារឿងអយុត្តិធម៌ និង​មិន​អាច​ទទួល​បាន ព្រោះថាសកម្ម​ភាព​កន្លង​មក​របស់​ក្រុម​ការងារលោក មិនមានគោលបំណង ឬចេតនារួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះទេ។

តែយ៉ាងណា លោកថា នឹង​បន្តទាមទារ​យុត្តិធម៌​តាម​នីតិវិធីច្បាប់ដែ​លមានចែង ដោយមិនរត់ចោលកសិករឡើយ។ ជាមួយនេះ លោកនឹងដាក់ពាក្យបណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍បន្តទៀត ដើម្បីស្វែងរកភាពយុត្តិធម៌ចំពោះសំណុំ​រឿងនេះ។

លោក ថេង សាវឿន អះអាងថា៖«ក្នុងនាមជនរងគ្រោះម្នាក់ រូបខ្ញុំ​នឹងធ្វើការដាក់ពាក្យបណ្ដឹងទៅតាមនីតិវិធី​ទៅសាលា​ឧទ្ធរណ៍ត្បូងឃ្មុំ ជំទាស់ទៅសាលក្រមសាលាដំបូងខេត្ត​រតនគិរី។ ការសម្រេចចិត្ត​នៃ​ការ​ដាក់​ទោស​នេះ ​គឺអយុត្តិធម៌សម្រាប់យើងខ្ញុំទាំងអស់គ្នា ដោយ​ពួកខ្ញុំ​មិន​មាន​គោល​បំណង និងចេតនាណាមួយក្នុងការរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិ និងបង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះឡើយ»។

ជាមួយគ្នានេះ លោកក៏មានការព្រួយបារម្ភ និងមិនទាន់ដឹងច្បាស់ផងដែរ ថាតើជំហានបន្ទាប់ក្រោយពីតុលាការ​ប្រកាសសាលក្រមបែបនេះ រូបលោក និងក្រុមការងារពីរនាក់ទៀត នឹង​ត្រូវ​ដាក់​បំរាម ឬហាមឃាត់ចំពោះសកម្មភាពអ្វីខ្លះដោយតុលាការ ព្រោះ​លោកនៅមិនទាន់ទទួលបានសាលក្រមជាផ្លូវការទេ។ ប៉ុន្តែលោក​ថា តុលាការមិនបានហាមឃាត់ចំពោះការធ្វើដំណើរចេញក្រៅប្រទេសឡើយ។ ចំណែក​ការងារនៅសមាគមវិញ ក៏សកម្មជនផ្នែកកសិកម្មរូបនេះ នៅ​មិនទាន់ដឹងច្បាស់ដែរថា​តើតុលាការតម្រូវឱ្យរំលាយចោល ឬ​បន្តទុកនោះ​ទេ។ 

Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ដរតនគិរី លោក កែ​វ ភក្ដី បាន​ទេ។

ប៉ុន្តែតាមរយៈវីដេអូឃ្លីបមួយដែលថ្លែងក្រោយ​បញ្ចប់សាវនាការ​ លោក កែវ ភក្តី បានថ្លែងថា តុលាការបានសម្រេចផ្តន្ទាទោស​អ្នកទាំង៣រូប ឱ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ប៉ុន្ដែទោសនោះត្រូវបានព្យួរ និងមិនមានការពិន័យ​ជា​ប្រាក់​នោះទេ។ លោកបន្ដថា សម្រាប់លិខិតរបស់តុលាការនឹងចេញជូនសាមីខ្លួនតាមក្រោយ។

លោកបន្ដថា៖«ខ្ញុំអាចជម្រាបជូនថា ពួក​គាត់[លោក ថេង សាវឿន និងសហការី] ត្រូវ​បាន​​សាលាដំបូងប្រកាស​ដា​ក់ទោស៥ឆ្នាំ ប៉ុន្ដែទោសត្រូវបានព្យួរ[ក្នុងរយៈពេលឆ្នាំ៥ឆ្នាំ]ដោយមិន​មាន​ការពិន័យជាប្រាក់​នោះទេលើបទល្មើសនេះ»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត លើកឡើងថា សាល​ក្រម​សាលា​ដំបូង​ខេត្ត​រតនគិរី ដែលសម្រេច​​​ផ្តន្ទាទោសអ្នកទាំង៣រូបនេះ គឺ​ជាសម្ពាធមួយបន្ថែម​ទៀតសម្រាប់​អង្គ​ការ​សង្គម​ស៊ីវិល ទោះបីទោស​ទាំងអស់នោះ ត្រូវ​បាន​ព្យួរក៏ដោយ ប៉ុន្ដែអ្នកទាំង៣ នៅតែស្ថិតក្រោមការ​តាមដាន​តាមផ្លូវតុលាការ​ដដែល​។ លោកបន្ថែមថា រដ្ឋាភិបាលមិនគួរបន្ដប្រើប្រាស់​ប្រព័ន្ធ​​តុលាការក្នុងការដាក់បន្ទុកទៅលើអង្គការសង្គមស៊ីវិល ដោយការប្រើប្រាស់រូបភាពបែបនេះនោះទេ ដែលនេះវាប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋស្ម័គ្រចិត្តធ្វើការងារក្នុងសង្គម។

លោកបញ្ជាក់ថា៖«វាជាការដាក់បន្ទុកមួយសម្រាប់មន្រ្ដីអង្គការសង្គមស៊ីវិល និងពលរដ្ឋធ្វើការងារសង្គម ហើយយើងមើលទៅ​ពួកគាត់[លោក ថេង សាវឿន និងសហការី២នាក់] ធ្វើការដើម្បីការងារសង្គម ដើម្បីផលប្រយោជន៍​កសិករ មិនគួរមាន​បទល្មើសក្នុង​ការចោទ​ប្រកាន់នេះទេ។ វាក៏ជះឥទ្ធិពលទៅលើ​សកម្មភាព​របស់​អង្គការសង្គមស៊ីវិលផ្សេងៗទៀតដែរ»។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន រួមទាំងក្រុមការងារសមាគមចំនួន១៦រូបទៀត ត្រូវបានសមត្ថកិច្ចនគរបាល​ខេត្ត​ក្រចេះ​ឃាត់ខ្លួន តាមការស្នើឱ្យឃាត់ខ្លួនពីខាងស្នងការនគរ​បាលខេត្តរតនគីរី។ កាលឃាត់ខ្លួននេះ ត្រូវបានអាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះ​សង្ស័យ​ថា​ សមាគម​ដែលមាន​លោក ​ថេង សាវឿន ជាប្រធាន ​បាន​លួច​ប្រជុំ​ក្នុង​សណ្ឋាគារ​មួយ​នៅ​​ក្រុង​បាន​លុង ​ហើយ​មាន​ផែនការ​ធ្វើ​«បដិវត្តន៍​​កសិករ»ដោយ​អំឡុងពេលនោះ សមត្ថកិច្ច​បានឃាត់ខ្លួនមនុស្ស ១៦នាក់  ប៉ុន្តែក្រោយមកបាន​ដោះលែង​មនុស្ស ១៣រូបវិញ ខណៈ លោក ថេង​ សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ត្រូវបាន​​​តុលាការ​ខេត្តរតនគិរី​សម្រេច​​ឃុំ​ខ្លួន​ពួក​គេ​បណ្តោះ​អាសន្ន។

​ក្រោយ​មក ​នៅ​​ចុង​ខែ​ឧសភា​ ឆ្នាំ​ ២០២៣​ តុលាការ​ខេត្ត​រតនគិរី ​បាន​សម្រេច​ដោះ​លែង​ពួកគេ​ទាំង​៣នាក់ ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​បន្ទាប់​ពី​ពួកគេ​បាន​ចេញ​​​លិខិត​ និង​​វីដេអូ ​ប្រកាស​ទទួល​ស្គាល់​កំហុស​ក្នុង​សំណុំ​រឿង៕