ក្រុមគ្រួសារលោកខឹ ម ចាន់វណ្ណៈ និងមន្ត្រីការពារសិទ្ធិមនុស្សថ្លែងថា ការចាប់ខ្លួនប្រធានស្តីទីគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀន គឺជារឿងអយុត្តិធម៌ និងថាជាការបំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយ។
កាលពីថ្ងៃទី១៥ ខែមករា ស្នងការនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនលោកខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណបក្សភ្លើងទៀនក្រោមហេតុផលថា លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
ភរិយារបស់លោក ខឹម ចាន់វណ្ណៈ អ្នកស្រី ឡង់ សុដានី បានប្រាប់ Newsroom Cambodia ថា ការចាប់ខ្លួនលោក វណ្ណៈ ជារឿងអយុត្តិធម៌ណាស់ ដោយពេលអាជ្ញាធរទៅចាប់ខ្លួនស្វាមីអ្នកស្រី ខាងអាជ្ញាធរមិនបានបង្ហាញដីកាចាប់ខ្លួនទេ។
អ្នកស្រីថា៖ «អយុត្តិធម៌ណាស់ ព្រៃផ្សៃចំពោះប្ដីមីងពេកហើយ គាត់អត់មានរឿងអីផងហើយចេញមកចាប់អត់មានដីការអត់មានអីត្រឹមត្រូវ ធ្វើហ្នឹងចង់និយាយថាសាហាវធ្វើដាក់ប្ដីមីងៗមើលទៅសាហាវណាស់ មីងមិនអាចទទួលយកបានទេ»។
អ្នកស្រី ឡង់ សុដានី អំពាវនាវឱ្យអង្គការពាក់ព័ន្ធជួយតាមដានករណីចាប់ខ្លួនប្ដីអ្នកស្រី និងស្នើឱ្យមានដំណោះស្រាយ។
អ្នកស្រីថា៖ «សំណូមពរឱ្យខាងអង្គការៗគ្រប់អង្គការៗសិទ្ធិមនុស្សឬអង្គការណាក៏ដោយសូមឱ្យជួយតាមដានរឿងប្ដីមីងហ្នឹងឱ្យជាប់ផងបើប្រលែងខ្លាចវាស្ងាត់អ៊ីចឹងណា ហើយកាន់តែជ្រៅទៅៗ មីងសុំឱ្យអង្គការជួយអ៊ីចឹងទៅហើយនិងដោះស្រាយរឿងហ្នឹងឱ្យឆាប់បានគាត់ចេញមកវិញ ព្រោះគាត់ជាបុគ្គលគ្រួសារ មីងបើអត់គាត់មួយក្នុងក្រុមគ្រួសារវាពិបាក»។
ភរិយាប្រធានស្តីទីប្រតិបត្តគណបក្សភ្លើងទៀនរូបនេះបានឱ្យដឹងថា បច្ចុប្បន្នស្វាមីអ្នកស្រីកំពុងត្រូវបានឃុំខ្លួននៅសាលាយុត្តិធម្ម ដោយមិនទាន់មានមេធាវីការពារនៅឡើយ។
លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកឲ្យដឹងថា សមត្ថកិច្ចហាក់ដូចជាមិនបានអនុវត្តឱ្យបានត្រឹមត្រូវទេ ព្រោះទោះបីថាអ្នកនោះជាជនដែលប្រព្រឹត្តបទល្មើសកម្រិតណាមួយក៏ដោយ ការចាប់ខ្លួនគប្បីបង្ហាញដីកា។
លោកថា ឱ្យតែមានព្រឹត្តិការណ៍នៃការបោះឆ្នោតខិតជិតមកដល់ ជាក់ស្តែងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ និងនិតិវិធីផ្សេងៗដូចជាចុះឈ្មោះបេក្ខជននានាជាដើម តែងតែមានវិធានការតឹងរឹងពីខាងសមត្ថកិច្ច ឬក៏តុលាការទៅលើសកម្មជននៃគណបក្សជំទាស់។
លោកបន្ថែមថា៖ «កន្លងមកតែងតែមានការរិះគន់ថាការដែលចាប់ខ្លួនក្តី ការចោទប្រកាន់ឃុំខ្លួន ការបង្កហិង្សាហ្នឹង យើងចាត់ទុកថាជាការទុក្ខបុកម្នេញទៅលើសកម្មជននយោបាយជាជាងគេនិយាយថាអនុវត្តច្បាប់»។
ជុំវិញរឿងនេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺទាក់ទងនឹងការក្លែងបន្លំឯកសារចុះឈ្មោះបញ្ជីក្នុងសមាជិកក្រុមប្រឹក្សាបម្រុងនៃសង្កាត់ផ្សារថ្មីទី៣ ក្រោយមានជនរងគ្រោះ៣នាក់បានដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «យើងបានយកឯកសារមួយចំនួនដែលខាងជនរងគ្រោះគាត់បានបង្ហាញ យើងយកទៅធ្វើកោសល្យវិច្ច័យ ពាក់ព័ន្ធនឹងស្នាមមេដៃ និងហត្ថលេខា អ៊ីចឹងយើងក៏ធ្វើការពិនិត្យទៅមានលទ្ធផលមកគឺស្នាមមេដៃហត្ថលេខាហ្នឹងគឺក្លែងបន្លំ»។
តែយ៉ាងណាលោកអះអាងថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺមានដីកាត្រឹមត្រូវ។
លោកថ្លែងថា៖ «យើងអនុវត្តតាមដីការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញណា[…] កាលណាដែលសមត្ថកិច្ចគេចុះអនុវត្តគឺគេមានដីការរបស់គេត្រឹមត្រូវ បាទហ្នឹងគឺជំនាញរបស់សមត្ថកិច្ចគេអនុវត្តគេអនុវត្តតាមច្បាប់ត្រឹមត្រូវណា»។
បើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញកាលពីថ្ងៃទី១៥ ខែមករា គណបក្សភ្លើងទៀនចាត់ទុកថាការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺការគំរាមកំហែងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សជំទាស់៕