ក្រុមគ្រួសារ​លោកខឹ ម ចាន់វណ្ណៈ និងមន្ត្រីការពារសិទ្ធិមនុស្ស​ថ្លែងថា ការចាប់ខ្លួនប្រធានស្តីទីគណៈកម្មការ​ប្រតិបត្តិ​គណបក្សភ្លើងទៀន គឺជារឿងអយុត្តិធម៌ និង​ថាជាការ​បំបាក់ស្មារតីពលរដ្ឋមិនឱ្យ​ចូលរួមសកម្មភាព​នយោបាយ។

កាលពីថ្ងៃទី១៥ ខែមករា​ ស្នងការនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនលោកខឹម ចាន់វណ្ណៈ ប្រធាន​ស្តីទីគណបក្សភ្លើងទៀនក្រោមហេតុផលថា លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង​​​ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។

ភរិយារបស់លោក ខឹម ចាន់វណ្ណៈ អ្នកស្រី ឡង់ សុដានី បានប្រាប់ Newsroom Cambodia ថា ការចាប់ខ្លួនលោក វណ្ណៈ ជារឿងអយុត្តិធម៌ណាស់ ដោយពេលអាជ្ញាធរទៅចាប់ខ្លួនស្វាមីអ្នកស្រី ខាងអាជ្ញាធរមិនបានបង្ហាញ​ដីកាចាប់ខ្លួនទេ។ 

អ្នកស្រីថា៖ «អយុត្តិធម៌ណាស់ ព្រៃផ្សៃចំពោះប្ដីមីងពេកហើយ គាត់អត់មានរឿងអីផងហើយចេញមកចាប់​អត់មាន​ដីការអត់មានអីត្រឹមត្រូវ ធ្វើហ្នឹងចង់និយាយថាសាហាវធ្វើដាក់ប្ដីមីងៗមើលទៅសាហាវណាស់ មីងមិនអាចទទួលយកបានទេ»។ 

អ្នកស្រី ឡង់ សុដានី អំពាវនាវឱ្យអង្គការពាក់ព័ន្ធជួយតាមដានករណីចាប់ខ្លួនប្ដីអ្នកស្រី និងស្នើឱ្យមានដំណោះស្រាយ។ 

អ្នកស្រីថា៖ «សំណូមពរឱ្យខាងអង្គការៗគ្រប់អង្គការៗសិទ្ធិមនុស្សឬអង្គការណាក៏ដោយសូមឱ្យជួយ​តាមដានរឿងប្ដីមីងហ្នឹងឱ្យជាប់ផងបើប្រលែងខ្លាចវាស្ងាត់អ៊ីចឹងណា ហើយកាន់តែជ្រៅទៅៗ មីងសុំឱ្យអង្គការជួយអ៊ីចឹងទៅហើយនិងដោះស្រាយរឿងហ្នឹងឱ្យឆាប់បានគាត់ចេញមកវិញ ព្រោះគាត់ជាបុគ្គលគ្រួសារ មីងបើអត់គាត់មួយក្នុងក្រុមគ្រួសារវាពិបាក»។ 

ភរិយាប្រធានស្តីទីប្រតិបត្តគណបក្សភ្លើងទៀនរូបនេះបានឱ្យដឹងថា បច្ចុប្បន្នស្វាមីអ្នកស្រីកំពុងត្រូវបាន​ឃុំខ្លួននៅ​សាលាយុត្តិធម្ម ដោយមិនទាន់មានមេធាវីការពារនៅឡើយ។ 

លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកឲ្យដឹងថា សមត្ថកិច្ចហាក់​ដូចជា​​មិនបាន​អនុវត្ត​ឱ្យបានត្រឹមត្រូវទេ ព្រោះទោះបីថាអ្នកនោះជាជនដែលប្រព្រឹត្តបទល្មើសកម្រិត​ណាមួយក៏ដោយ ការចាប់ខ្លួនគប្បីបង្ហាញដីកា​។ 

លោកថា ឱ្យតែមានព្រឹត្តិការណ៍នៃការបោះឆ្នោតខិតជិតមកដល់ ជាក់ស្តែងការបោះឆ្នោត​ព្រឹទ្ធសភានា​ពេលខាងមុខ​ ​និងនិតិវិធីផ្សេងៗដូចជាចុះឈ្មោះបេក្ខជននានាជាដើម តែងតែមានវិធានការ​តឹងរឹងពីខាងសមត្ថកិច្ច ឬក៏តុលាការទៅលើសកម្មជននៃគណបក្សជំទាស់។ 

លោកបន្ថែមថា៖ «កន្លងមកតែងតែមានការរិះគន់ថាការដែលចាប់ខ្លួនក្តី ការចោទប្រកាន់ឃុំខ្លួន ការបង្កហិង្សា​ហ្នឹង យើងចាត់ទុកថាជាការទុក្ខបុក​ម្នេញទៅលើសកម្មជននយោបាយជាជាងគេនិយាយថាអនុវត្តច្បាប់»។ 

ជុំវិញរឿងនេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានប្រាប់ថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺទាក់ទងនឹងការក្លែងបន្លំឯកសារ​ចុះឈ្មោះបញ្ជីក្នុងសមាជិកក្រុមប្រឹក្សា​បម្រុង​នៃសង្កាត់ផ្សារថ្មីទី៣ ក្រោយមានជនរងគ្រោះ៣នាក់បានដាក់ពាក្យបណ្ដឹង​ទៅស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ។

លោកថ្លែងថា៖ «យើងបានយកឯកសារមួយចំនួនដែលខាងជនរងគ្រោះគាត់បានបង្ហាញ យើងយកទៅធ្វើកោសល្យវិច្ច័យ ពាក់ព័ន្ធនឹងស្នាមមេដៃ និងហត្ថលេខា អ៊ីចឹងយើងក៏ធ្វើការពិនិត្យ​ទៅមានលទ្ធផលមកគឺស្នាមមេដៃហត្ថលេខាហ្នឹងគឺក្លែងបន្លំ»។ 

តែយ៉ាងណាលោកអះអាង​ថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺមានដីកាត្រឹមត្រូវ។ 

លោកថ្លែងថា៖ «យើងអនុវត្តតាមដីការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញណា[…] កាលណាដែលសមត្ថកិច្ចគេចុះអនុវត្តគឺគេមានដីការរបស់គេត្រឹមត្រូវ បាទហ្នឹងគឺជំនាញរបស់សមត្ថកិច្ចគេអនុវត្តគេអនុវត្តតាមច្បាប់ត្រឹមត្រូវណា»។ 

បើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញកាលពី​ថ្ងៃទី១៥ ខែមករា គណបក្សភ្លើងទៀនចាត់ទុកថាការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺការគំរាមកំហែង​ដើម្បីបំបាក់ស្មារតី​ប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សជំទាស់៕​