គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ពីគោលការណ៍រៀបចំកម្មវិធីស្មើភាព សម្រាប់គណបក្សនយោបាយក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
កម្មវិធីស្មើភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជូនសម្រាប់គណបក្សនយោបាយចំនួន ៤ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ សម្រាប់ផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនក្នុងពេលឃោសនាបោះឆ្នោតព្រឹទ្ធសភាមាន ៣ ប្រភេទដូចជា កិច្ចពិភាក្សាតុមូល ស្ប៉តឃោសនា និងការបោះពុម្ពផ្សាយអត្ថបទឃោសនា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានលេខ០០២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានដដែលបានកំណត់ពីកម្មវិធីកិច្ចពិភាក្សាតុមូលថា គណបក្សត្រូវបង្ហាញគោលនយោបាយរបស់ខ្លួនតាមប្រធានបទដែលគណៈកម្មការសម្របសម្រួលបានដាក់ជូន ហើយកម្មវិធីនេះត្រូវថតទុកជាមុន និងត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ សម្រាប់ស្ប៉តឃោសនារបស់គណបក្សនយោបាយ ត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ចំណែកការបោះពុម្ពផ្សាយអត្ថបទឃោសនារបស់គណបក្សនយោបាយលើព្រឹត្តិបត្រគោលនយោបាយគណបក្ស ដែលបោះពុម្ពផ្សាយដោយគ.ជ.ប ចំនួន ២លេខ។
សេចក្តីប្រកាសព័ត៌មានខាងលើបានកំណត់ថា៖ «គណបក្សនយោបាយទាំងអស់ទទួលបានឱកាស ដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយ របស់ខ្លួនទៅដល់សាធារណជន និងអ្នកបោះឆ្នោត តាមរយៈកម្មវិធីស្មើភាពដែលរៀបចំដោយគ.ជ.ប»។
យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១៧ មាត្រា ១៦ បានចែងថា៖ «ការឃោសនាបោះឆ្នោតមានទិសដៅឲ្យបេក្ខជន និងគណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ Newsroom Cambodia ថា កម្មវិធីស្មើភាពគ្នាដែលធ្វើឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានតួនាទីកំណត់ពេលវេលាស្មើគ្នា សំណួរដូចគ្នាសម្រាប់គណបក្សនីមួយៗបកស្រាយ និងប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធផ្សេងៗអាចពិចារណាលើគោលនយោបាយរបស់គណបក្សនីមួយៗ។
លោក ហង្ស ពុទ្ធា លើកឡើងពីស្ប៉ត ឬវីដេអូថា គណបក្សនយោបាយត្រូវរៀបចំដោយខ្លួនឯងចំនួន ១ស្ប៉ត និងនាទីនៃស្ប៉តត្រូវមានភាពស្មើគ្នារវាងគណបក្សទាំងអស់ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រួតពិនិត្យទៅលើខ្លឹមសារ ព្រោះខ្លាចជាស្ប៉តវាយប្រហារទៅលើគណបក្សដទៃ នាំឱ្យមានបញ្ហា។
អ្នកនាំពាក្យគ.ជ.ប រូបនេះបញ្ជាក់ពាក់ព័ន្ធការកាត់ស្ប៉តថា៖ «នៅក្នុងស្ប៉តប្រើពាក្យប៉ះពាល់ដល់គណបក្សនេះ នោះអី គជប ស្នើសុំឱ្យកាត់កន្លែងនោះចេញ»។
អ្នកនាំពាក្យគ.ជ.ប បន្ថែមថា គណបក្សនយោបាយត្រូវរៀបចំអត្ថបទឃោសនារបស់គណបក្សខ្លួន ២ ផ្សេងគ្នា សម្រាប់ផ្សាព្វផ្សាយលើព្រឹត្តិបត្រដែលបោះពុម្ពផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ២ លេខ។
អ្នកនាំពាក្យគ.ជ.ប បន្ថែមថា៖ «អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខដំណែង ១១,៦២២នាក់ បូកជាមួយនិង តំណាងរាស្ត្រ១២៥នាក់ សរុបទៅអង្គបោះឆ្នោត អ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមាន ១១,៧៤៧នាក់»។
ជុំវិញកម្មវិធីស្មើភាពសម្រាប់ឃោសនាបោះឆ្នោតព្រឹទ្ធសភា លោក អឿន សំអុល នាយកខុទ្ទកាល័យគណបក្សកម្លាំងជាតិលើកឡើងដែរថា អាចទទួលយកបាន ប៉ុន្តែលោកថាពេលវេលាហាក់ដូចជាខ្លីពេក និងមិនដឹងថាពេលកម្មវិធីមានការកាត់សកម្មភាពកន្លែងណាខ្លះ។
លោក អឿន សំអុល បន្តថា៖ «គជប ទទួលខុសត្រូវទាំងអស់ អ៊ីចឹងយើងចង់សុំមុននឹងចាក់ផ្សាយ ចង់ពិនិត្យមើលអី គេអត់ឱ្យយើងពិនិត្យមើល។ កន្លែងណាគេត្រូវកាត់ចោល ជាសិទ្ធិរបស់គេ»។
លោក អឿន សំអុល បន្ថែមថា កម្មវិធីតុមូល អត់ផ្សាយផ្ទាល់ទេ គឺមានការថតទុកជាមុន ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយកមកពិនិត្យ បើកន្លែងល្អទុក ចំណែកមិនល្អត្រូវកាត់ចោល។ លោកបារម្ភថាមានការកាត់កន្លែងណាដែលគណបក្សកម្លាំងជាតិចង់ផ្សាយ តែមិនបានផ្សាយទៅវិញ។
លោក អឿន សំអុល បន្តលើកឡើងពីការផ្សព្វផ្សាយថា៖ «បើបានLiveផ្ទាល់ល្អ យើងទទួលយកល្អ ព្រោះយើងនិយាយថាម៉េច គឺឃើញអ៊ីចឹង»។
សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងពីកម្មវិធីស្មើភាព ថាគណបក្សប្រជាជនគ្រាន់តែធ្វើតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមិនមានជាបញ្ហាទេ។
លោក សុខ ឥសាន បន្តលើកឡើងពីវិសាលភាពនៃការបោះឆ្នោតព្រឹទ្ធសភាថា៖ «ការបោះឆ្នោតអសកលនេះមានវិសាលភាពតូច ពាក់ព័ន្ធជាមួយអង្គបោះឆ្នោតប៉ុណ្ណោះទេ»។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លើកឡើងពីកម្មវិធីស្មើភាពថា ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកល ការឃោសនាមិនចាំបាច់ធ្វើជាទ្រង់ទ្រាយធំទេ ដោយគ្រាន់តែជួបទាក់ទងជាមួយអង្គបោះឆ្នោតរបស់ខ្លួនផ្ទាល់ ជាការគ្រប់គ្រាន់ហើយ។
លោក គីមសួរ ភីរិទ្ធ បន្តពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតព្រឹទ្ធសភាថា៖ «មិនទូលំទូលាយដូចជាការហែក្បួន ស្ប៉តឃោសនា ផ្តល់ទៅប្រជាពលរដ្ឋទេ»។
សម្រាប់លោក ញឿន រ៉ាដែន អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច លើកឡើងពីកម្មវិធីស្មើភាព ថាគណបក្សហ៊្វុនស៊ិនប៉ិច គោរពតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបានត្រៀមស្ប៉ត និងវាគ្មិនចូលរួមគ្រប់កម្មវិធី។
លោក ញឿន រ៉ាដែន បន្ថែមថា៖ «គណបក្សហ៊្វុនស៊ិនប៉ិច បានចូលរួមការបោះឆ្នោតច្រើនអាណត្ត ហើយមានគោលនយោបាយ សារនយោបាយច្បាស់លាស់ណាស់»។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល។ ហើយអ្នកដែលចូលរួមបោះឆ្នោត គឺមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខដំណែ និងតំណាងរាស្ត្រ សរុបចំនួន ១១,៧៤៧នាក់៕