គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត (គ.ជ.ប) បាន​កំណត់​ពី​គោលការណ៍​រៀបចំ​កម្មវិធី​ស្មើភាព ​សម្រាប់​​​គណបក្ស​នយោបាយ​ក្នុងការ​​ផ្សព្វផ្សាយ​គោលនយោបាយ​របស់ខ្លួន​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោតជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីស្មើភាពរបស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជូន​សម្រាប់​​​គណបក្ស​នយោបាយ​ចំនួន ៤ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្ស​ឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្សកម្លាំងជាតិ សម្រាប់​ផ្សព្វផ្សាយគោលនយោបាយ​របស់ខ្លួនក្នុង​ពេលឃោសនាបោះឆ្នោតព្រឹទ្ធសភា​មាន ៣ ប្រភេទដូចជា កិច្ចពិភាក្សា​តុមូល ស្ប៉តឃោសនា និងការបោះពុម្ពផ្សាយអត្ថបទឃោសនា។ នេះ​បើ​យោង​តាម​ សេចក្តីប្រកាសព័ត៌មានលេខ០០២ របស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែល​​បានកំណត់ពីកម្មវិធីកិច្ចពិភាក្សាតុមូលថា គណបក្សត្រូវ​បង្ហាញ​​គោល​នយោបាយ​របស់ខ្លួន​តាម​ប្រធានបទ​ដែល​គណៈកម្មការ​សម្របសម្រួល​បាន​​ដាក់​ជូន​ ហើយ​​កម្មវិធី​នេះ​ត្រូវ​ថត​​ទុក​ជា​មុន និង​ត្រូវ​ចាក់​ផ្សាយ​តាមវិទ្យុ និងទូរទស្សន៍​ជាតិកម្ពុជា។ សម្រាប់​ស្ប៉ត​ឃោសនា​របស់​គណបក្ស​នយោបាយ ត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ចំណែក​​ការបោះពុម្ពផ្សាយ​អត្ថបទ​ឃោសនា​របស់​គណបក្ស​នយោបាយលើ​ព្រឹត្តិបត្រ​​គោល​នយោបាយគណបក្ស ដែលបោះ​ពុម្ព​ផ្សាយ​ដោយ​គ.ជ.ប ចំនួន ២លេខ។

សេចក្តីប្រកាសព័ត៌មានខាងលើ​បានកំណត់ថា៖ «គណបក្សនយោបាយទាំងអស់ទទួលបានឱកាស ដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយ របស់​ខ្លួន​ទៅ​ដល់​សាធារណជន និងអ្នកបោះឆ្នោត តាមរយៈកម្មវិធីស្មើភាពដែលរៀបចំដោយគ.ជ.ប»។

យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១៧ មាត្រា ១៦​ បានចែងថា៖ «ការឃោសនាបោះឆ្នោតមានទិសដៅឲ្យបេក្ខជន និងគណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការ​ផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត»។

លោក ហង្ស ពុទ្ធា  អ្នកនាំពាក្យគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត ប្រាប់ Newsroom Cambodia ថា កម្មវិធីស្មើភាពគ្នាដែល​ធ្វើ​ឡើង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ជាតិ​​ ហើយគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោតមានតួនាទីកំណត់ពេលវេលាស្មើគ្នា សំណួរដូចគ្នាសម្រាប់គណបក្សនីមួយៗបកស្រាយ និង​ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធផ្សេងៗអាចពិចារណាលើគោលនយោបាយរបស់គណបក្សនីមួយៗ។

លោក ហង្ស ពុទ្ធា លើកឡើងពីស្ប៉ត ឬវីដេអូថា គណបក្សនយោបាយត្រូវរៀបចំដោយខ្លួនឯង​ចំនួន ១ស្ប៉ត និង​នាទីនៃស្ប៉តត្រូវមានភាពស្មើគ្នារវាងគណបក្សទាំងអស់ ហើយគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោតត្រួតពិនិត្យទៅលើខ្លឹមសារ ព្រោះខ្លាចជា​ស្ប៉តវាយប្រហារ​ទៅ​លើ​គណបក្ស​ដទៃ នាំ​ឱ្យ​មាន​បញ្ហា។

អ្នកនាំពាក្យគ.ជ.ប រូបនេះ​បញ្ជាក់ពាក់ព័ន្ធការកាត់ស្ប៉តថា៖ «នៅក្នុងស្ប៉តប្រើពាក្យ​ប៉ះពាល់ដល់​គណបក្ស​នេះ នោះអី គជប ស្នើសុំឱ្យកាត់កន្លែងនោះចេញ»។

អ្នកនាំពាក្យគ.ជ.ប បន្ថែមថា ​គណបក្ស​នយោបាយត្រូវ​រៀបចំអត្ថបទ​ឃោសនារបស់គណបក្សខ្លួន ២ ផ្សេងគ្នា សម្រាប់ផ្សាព្វផ្សាយ​លើព្រឹត្តិបត្រ​ដែលបោះពុម្ពផ្សាយដោយគណៈកម្មាធិការ​ជាតិរៀបចំការ​បោះ​ឆ្នោតចំនួន ២ លេខ។

អ្នកនាំពាក្យគ.ជ.ប បន្ថែមថា៖ «អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺមាន​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខដំណែង ១១,៦២២នាក់ បូកជាមួយនិង តំណាងរាស្ត្រ១២៥នាក់ សរុប​ទៅ​អង្គបោះឆ្នោត អ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមាន ១១,៧៤៧នាក់»។

ជុំវិញកម្មវិធីស្មើភាពសម្រាប់ឃោសនាបោះឆ្នោតព្រឹទ្ធសភា លោក អឿន សំអុល នាយក​ខុទ្ទកាល័យ​គណបក្ស​កម្លាំងជាតិ​លើកឡើងដែរថា អាចទទួលយកបាន ប៉ុន្តែ​លោក​ថា​​ពេល​វេលា​ហាក់ដូចជា​​​​ខ្លី​ពេក និងមិន​ដឹងថាពេលកម្មវិធីមានការកាត់សកម្មភាពកន្លែងណាខ្លះ។

លោក អឿន សំអុល បន្តថា៖ «គជប ទទួលខុសត្រូវទាំងអស់ អ៊ីចឹង​យើង​ចង់​សុំមុន​នឹង​ចាក់ផ្សាយ ចង់​ពិនិត្យ​មើលអី គេអត់ឱ្យយើងពិនិត្យមើល។ កន្លែងណា​គេត្រូវ​កាត់​ចោល ជាសិទ្ធិរបស់គេ»។

លោក អឿន សំអុល បន្ថែមថា កម្មវិធីតុមូល អត់ផ្សាយផ្ទាល់ទេ គឺមានការថតទុកជាមុន ហើយ​គណៈកម្មាធិការ​​ជាតិរៀបចំ​ការ​បោះឆ្នោតយកមកពិនិត្យ បើកន្លែងល្អទុក ចំណែកមិនល្អត្រូវកាត់​ចោល។ លោកបារម្ភ​ថាមានការកាត់កន្លែងណាដែលគណបក្សកម្លាំងជាតិចង់ផ្សាយ តែមិនបា​នផ្សា​យ​ទៅ​វិញ។

លោក អឿន សំអុល បន្តលើកឡើងពីការផ្សព្វផ្សាយថា៖ «បើបានLiveផ្ទាល់ល្អ យើងទទួលយកល្អ ព្រោះ​យើង​និយាយថាម៉េច គឺឃើញអ៊ីចឹង»។

សម្រាប់​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងពីកម្មវិធីស្មើភាព​ ថា​គណបក្ស​​ប្រជាជន​គ្រាន់តែធ្វើតាមការណែនាំរបស់គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត គឺ​មិន​មាន​ជា​បញ្ហា​ទេ។

លោក សុខ ឥសាន បន្តលើកឡើងពីវិសាលភាពនៃការបោះឆ្នោតព្រឹទ្ធសភាថា៖ «ការបោះឆ្នោត​អសកល​នេះមានវិសាលភាពតូច​ ពាក់ព័ន្ធជាមួយអង្គបោះឆ្នោតប៉ុណ្ណោះទេ»។

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លើកឡើងពីកម្មវិធីស្មើភាព​ថា ការបោះឆ្នោតជ្រើសរើស​ព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកល ការឃោសនាមិនចាំបាច់ធ្វើជាទ្រង់ទ្រាយធំទេ ដោយគ្រាន់តែ​ជួប​ទាក់ទងជាមួយអង្គបោះឆ្នោតរបស់ខ្លួនផ្ទាល់ ជាការគ្រប់គ្រាន់ហើយ។

លោក គីមសួរ ភីរិទ្ធ បន្តពាក់ព័ន្ធ​នឹង​ការឃោសនាបោះឆ្នោតព្រឹទ្ធសភាថា៖ «មិនទូលំទូលាយ​ដូច​ជា​ការ​ហែក្បួន ស្ប៉តឃោសនា ផ្តល់ទៅប្រជាពលរដ្ឋទេ»។

សម្រាប់លោក ​ញឿន ​ រ៉ា​ដែន ​អ្នក​នាំ​ពាក្ស​គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច លើកឡើងពីកម្មវិធីស្មើភាព​ ថា​គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច គោរពតាមការណែនាំរបស់គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ហើយ​បាន​ត្រៀម​ស្ប៉ត និងវាគ្មិនចូលរួមគ្រប់កម្មវិធី។

លោក ​ញឿន ​ រ៉ា​ដែន បន្ថែមថា៖ «គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច បានចូលរួមការបោះឆ្នោតច្រើនអាណត្ត ហើយ​មាន​គោលនយោបាយ សារនយោបាយច្បាស់លាស់ណាស់»។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល។ ហើយអ្នកដែលចូលរួមបោះឆ្នោត គឺមាន​សមាជិក​​ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខដំណែ និងតំណាងរាស្ត្រ សរុបចំនួន ១១,៧៤៧នាក់៕