ក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់នៅស្រុកមេមត់ បានចំនួន ៣ទីតាំងបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីបើកប្រតិបត្តិការបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ទ្រង់ទ្រាយធំ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួងបានព័ត៌មាន និងរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់ចំនួន ៣ទីតាំងបន្ថែមទៀត នៅក្នុងស្រុកមេមត់ដដែលនេះ។
សេចក្តីប្រកាសព័ត៌មាន បន្តថា ក្រោយរកឃើញទីតាំងទាំង៣នេះ មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យ និងទបស្កាត់ ព្រមទាំងបានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មខុសច្បាប់ទាំងនោះ អំពីនីតិវិធីច្បាប់ និងផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន។
ក្រសួងបន្ថែមថា៖«បន្ទាប់ពីទទួលបានការណែនាំ ម្ចាស់ទីតាំងទាំងអស់បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់របស់ខ្លួន»។
ក្រសួងរ៉ែ និងថាមពល ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់នូវរាល់សកម្មភាពធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ បង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល និងលុបបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។
គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពី លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោក យុន វុទ្ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បដិសេធអត្ថាធិប្បាយ ដោយប្រាប់ថា ការបង្ក្រាបកំពុងស្ថិតនៅក្នុងនីតិវិធីនៅឡើយ ហើយការទប់ស្កាត់ធ្វើទៅតាមស្ថានភាពជាក់ស្តែង។
នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង គាំទ្រចំពោះការចាត់វិធានការតឹងរឹងរបស់ក្រសួង ខណៈលោកមានក្តីបារម្ភជាខ្លាំងចំពោះការបើកអាជីវកម្មរ៉ែខុសច្បាប់ និងមានលក្ខណៈទ្រង់ទ្រាយធំ ដែលវានឹងបង្កផលប៉ះពាល់ដល់បរិស្ថាន។
លោកបន្តថា៖«វាជារឿងមួយដែលយើងមានការព្រួយបារម្ភខ្លាំងមែនទែន ទាក់ទងនឹងការធ្វើអាជីវកម្មរ៉ែខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់សក្តានុពលរ៉ែរបស់ប្រទេសកម្ពុជា[…] ខ្ញុំយល់ឃើញថា ការរុករករ៉ែទាំងអស់នេះ វាមិនមែនជាសកម្មភាពរបស់ប្រជាពលរដ្ឋតូចតាច ការរុករករ៉ែប្រចាំថ្ងៃទេ ផ្ទុយទៅវិញ វាជាសកម្មភាពដែលមានទ្រង់ទ្រាយធំ ដែលមានប្រើប្រាស់គ្រឿងចក្រ ម៉ាស៊ីន គ្រាប់បំផ្ទុះ និងសារធាតុគីមី ដែលទាំងអស់ហ្នឹង វាផ្ទុយអំពីច្បាប់ ហើយក៏បង្កឱ្យមានការខូចខាតទៅដល់ធនធានធម្មជាតិផងដែរ»។
លោកជំរុញដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងរ៉ែ និងថាមពល បង្កើនការបង្ក្រាបបទល្មើសទាំងនោះក្នុងក្របខណ្ឌទូទាំងប្រទេស ហើយធ្វើឡើងជាប្រចាំ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្ត និងអ្នកនៅក្រោយនៃការធ្វើអាជីវកម្មខុសច្បាប់នេះ ដើម្បីថែរក្សាធនធានធម្មជាតិ និងសុខមាលភាពប្រជាពលរដ្ឋ។
លោកថា៖«កុំទៅបង្ក្រាបតែអ្នកនៅហ្នឹង អ្នករកតិចតួចប្រចាំថ្ងៃ យើងត្រូវវែកមុខ បង្ក្រាបអ្នកនៅពីក្រោយហ្នឹងផង […] បើសិនជាសកម្មភាពខុសច្បាប់ទាំងនេះនៅតែបន្តកើតមាន ដោយមិនមានបទដ្ឋានច្បាស់លាស់ ផលរំខាននឹងកើនឡើងទ្វេដង ដែលប៉ះពាល់ទៅដល់សុខុមាលភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ការពារ រំខានដល់ជីវិតសត្វព្រៃ បង្កឱ្យមានការពុល និងខ្លះអាចឈានទៅដល់ការបាក់ដីថែមទៀតផង»៕