ក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានរកឃើញទីតាំងអាជីវកម្ម​រ៉ែមាសខុសច្បាប់លួច​លាក់នៅស្រុកមេមត់ បាន​ចំនួន ៣ទីតាំង​បន្ថែមទៀត។

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យ​ដឹងថា បន្ទាប់ពីបើកប្រតិបត្តិការ​​បង្ក្រាបអាជីវកម្មរ៉ែមាស​ខុសច្បាប់ទ្រង់ទ្រាយធំ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួង​បានព័ត៌មាន និងរកឃើញទីតាំងអាជីវកម្មរ៉ែមាស​ខុសច្បាប់លួចលាក់ចំនួន ៣ទីតាំងបន្ថែមទៀត នៅក្នុងស្រុកមេមត់ដដែលនេះ​។

សេចក្តីប្រកាសព័ត៌មាន​ បន្តថា ក្រោយរកឃើញទីតាំងទាំង៣នេះ មន្ទីររ៉ែ និងថាមពលខេត្តត្បូង​ឃ្មុំ បានសហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យ និងទបស្កាត់ ព្រមទាំងបានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មខុសច្បាប់ទាំងនោះ អំពីនីតិវិធីច្បាប់ និងផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន។

ក្រសួងបន្ថែមថា៖«បន្ទាប់ពីទទួលបានការណែនាំ ម្ចាស់ទីតាំងទាំងអស់បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់របស់ខ្លួន»។

ក្រសួងរ៉ែ និងថាមពល ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់នូវរាល់សកម្មភាពធ្វើអាជីវកម្ម​រ៉ែអនាធិបតេយ្យ​ និងជំរុញឱ្យ​មាន​ការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ បង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល និងលុប​បំបាត់​នូវផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និងសង្គម ព្រមទាំងចូលរួម​ចំណែកអភិវឌ្ឍន៍​សហគមន៍មូលដ្ឋាន។

គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពី លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោក យុន វុទ្ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បដិសេធអត្ថាធិប្បាយ​ ដោយ​ប្រាប់ថា ការបង្ក្រាបកំពុងស្ថិតនៅក្នុងនីតិវិធីនៅឡើយ ហើយការទប់ស្កាត់ធ្វើទៅ​តាមស្ថានភាពជាក់​ស្តែង​។

នាយកប្រតិបត្តិបណ្តាញ​យុវជនកម្ពុជា​ លោក​ ហេង គីមហុង គាំទ្រ​ចំពោះការចាត់វិធាន​ការ​តឹងរឹងរបស់ក្រសួង ខណៈលោក​មានក្តីបារម្ភជាខ្លាំង​​​ចំពោះ​ការ​បើក​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ និង​មានលក្ខណៈទ្រង់ទ្រាយធំ ដែលវានឹងបង្កផលប៉ះ​ពាល់​ដល់បរិស្ថាន។

លោកបន្តថា៖«វាជារឿងមួយដែលយើងមានការព្រួយបារម្ភខ្លាំងមែនទែន ទាក់ទងនឹងការធ្វើអាជីវកម្មរ៉ែខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់សក្តានុពលរ៉ែរបស់ប្រទេសកម្ពុជា[…] ខ្ញុំយល់ឃើញថា ការរុករករ៉ែទាំងអស់នេះ វាមិនមែនជាសកម្មភាពរបស់ប្រជាពលរដ្ឋតូចតាច ការរុករករ៉ែប្រចាំថ្ងៃទេ ផ្ទុយទៅវិញ វាជាសកម្មភាពដែលមាន​ទ្រង់​ទ្រាយ​ធំ ដែលមានប្រើប្រាស់គ្រឿងចក្រ ម៉ាស៊ីន គ្រាប់បំផ្ទុះ និងសារធាតុគីមី ដែលទាំងអស់ហ្នឹង វាផ្ទុយអំពី​ច្បាប់ ហើយក៏បង្កឱ្យ​មានការខូចខាតទៅដល់ធនធានធម្មជាតិផងដែរ»។

លោកជំរុញដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងរ៉ែ និងថាមពល បង្កើនការបង្ក្រាបបទល្មើស​ទាំងនោះក្នុងក្របខណ្ឌទូទាំងប្រទេស ហើយធ្វើឡើងជាប្រចាំ ព្រមទាំង​ចាត់វិធានការ​ផ្លូវច្បាប់ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្ត និងអ្នកនៅក្រោយនៃការធ្វើអាជីវកម្មខុសច្បាប់នេះ ដើម្បីថែរក្សា​ធនធាន​ធម្មជាតិ និងសុខមាលភាពប្រជាពលរដ្ឋ។

លោកថា៖«កុំទៅបង្ក្រាបតែអ្នកនៅហ្នឹង អ្នករកតិចតួចប្រចាំថ្ងៃ យើងត្រូវវែកមុខ បង្ក្រាបអ្នកនៅពីក្រោយហ្នឹងផង […] បើសិនជាសកម្មភាពខុសច្បាប់ទាំងនេះនៅតែបន្តកើតមាន ដោយមិនមានបទដ្ឋានច្បាស់លាស់ ផលរំខាននឹងកើនឡើងទ្វេដង ដែលប៉ះពាល់ទៅដល់សុខុមាលភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ការពារ រំខានដល់ជីវិត​សត្វព្រៃ បង្កឱ្យ​មានការពុល និងខ្លះអាចឈានទៅដល់ការបាក់ដីថែមទៀតផង»៕