អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចជំនាញ បាន​បង្ក្រាបករណីគ្រឿងញៀន ដោយរឹបអូសបានវត្ថុតាងប្រមាណ ៤តោន និងបានចាប់ខ្លួន​ជនល្មើស​បានប្រមាណ ២ម៉ឺននាក់។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធិ ប្រាប់គេហទំព័រសារព័ត៌មាន Newsroom Cambodia នៅថ្ងៃទី១៨ ខែមករានេះថា តាមរយៈរបាយការណ៍បូកសរុប​ការងារ​បង្គ្រាបបទល្មើសចែកចាយ និងប្រើប្រាស់​គ្រឿនញៀន​ទូទាំងប្រទេស បង្ហាញ​ថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបាន​​​បង្ក្រាបករណី​គ្រឿងញៀន​ដោយ​រឹប​អូសវត្ថុតាងបានប្រមាណ ៤តោន។

លោកបញ្ជាក់បន្ថែម​ថា៖ «[ជនល្មើសដែលចាប់ឃាត់ខ្លួនបានមាន]ប្រហែលជា២ម៉ឺននាក់ សរុបទាំងអស់ ហើយ​ភាគ​ច្រើន​ជាជនជាតិខ្មែរ នៅស្រុកខ្មែរភាគច្រើនខ្មែរហើយ»

អ្នកនាំ​ពាក្យ​​ក្រសួង​មហា​​ផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ថា តាម​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ពី​សំណាក់​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ បណ្ដា​ស្នងការដ្ឋាន​រាជធានី​ខេត្ត និង​អធិការដ្ឋាន​ ក៏ដូចជា​ប៉ុស្តិ៍នគរបាល​នៅ​ទូទាំងប្រទេស បានខិតខំក្នុងការបង្ក្រាបបទល្មើស​​ទ្វេដង ហើយ​​ការអនុវត្ត​នេះ​ជា​ទិសដៅ​អាទិភាព​មួយ ក្នុងចំណោម​​ទិស​ដៅ​អាទិភាព​ទាំង​៦ ដែល​ឧបនាយក​រដ្ឋ​មន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់ចេញ។

ជាមួយគ្នានេះដែរ លោកយល់ឃើញថា ដើម្បីបញ្ចប់ការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៅ​​បាន លុះត្រា​មានការ​​​ចូលរួមសហការពីគ្រប់ផ្នែក ទាំង​មន្ត្រីនគរបាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។

លោកបានអំពាវនាវថា៖«ខ្ញុំសូមអំពាវ​នាវ​ឱ្យ​មន្រ្តី​នគរ​បាល ភាគី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចូលរួម​សហការ​គ្នា​ ការពារ​ការទប់​ស្កាត់​ការ​ប្រើប្រាស់ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​គ្រប់​ទម្រង់​ទាំង​អស់ ដើម្បី​ចូល​រួម​សម្អាត​គ្រឿង​ញៀន​ក្នុង​ប្រទេស ឈានដ៏បញ្ចប់ជំងឺបញ្ហាគ្រឿងញៀននៅក្នុងសង្គមយើង»។ 

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ គិត​​ត្រឹមដើមខែមករា ឆ្នាំ២០២៤ ​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ ក៏បាន​បង្ក្រាប​ករណីគ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦៨២​នាក់បន្ថែមទៀត​។

​ជាក់ស្តែង លោកថា កាលពី​​ថ្ងៃទី៨ ខែមករា សមត្ថកិច្ចចុះបង្ក្រាបករណី​ទ្រង់ទ្រាយ​ធំ​មួយបន្ថែមទៀត ​នៅចំណុច​​ច្រក​របៀង​អូរ​តា​លឹម ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ព្រះវិហារ ​ដោយរឹបអូស​បាន​វត្ថុ​តាង​ជាគ្រឿងញៀន​​ប្រភេទ​មេ​តំ​​ហ្វេ​តា​មីន (ICE) ១៦០​ កញ្ចប់ ដែលមាន​ទម្ងន់ជិត ១៦០​គីឡូក្រាម ខណៈជន​ល្មើស​បានដឹងខ្លួន​មុន ហើយរត់គេចខ្លួនបាត់។

កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលសម្រេចអនុវត្តបន្តនូវ​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៩ រយៈ​ពេល ១ឆ្នាំ (ចាប់ពីថ្ងៃ​ទី១ ខែមករា ដល់​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២៤)។ តាមរយៈ​ផែនការនេះ រាជ​រដ្ឋាភិបាល​បន្តចាត់តាំង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន ដោយខិតខំ​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និងបញ្ចៀស​ឱ្យបាន ​មិនឱ្យ​ប្រទេស​កម្ពុជា​ក្លាយជាគោលដៅ​នៃការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​មិន​ឱ្យ​គ្រឿងញៀន​បង្ក​ឥទ្ធិពល​ញាំញី បំផ្លិចបំផ្លាញ សង្គម​ជាតិ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពេលប្រកាស​ដាក់អនុវត្តផែនការ​នោះ​​​ថា ដោយ​ពិនិត្យ​ឃើញ​ថា ហានិភ័យដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាល ទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងនៅកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាង​ផែនការយុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​លើកទី៩ ឆ្នាំ២០២៤ ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយ​សារ​ឧក្រិដ្ឋកម្មគ្រឿងញៀន។

ជាមួយយុទ្ធនាការនេះ លោកថា​ រាជរដ្ឋាភិបាលនឹងផ្តោតសំខាន់ទៅលើការ​ណែនាំ និង​អប់រំ​ឱ្យផុសផុល និងលើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ច្រើនកុះករ​ពីគ្រប់​សមាសភាព​នៃ​សង្គម និងបន្តជំរុញចលនា​ផ្សព្វផ្សាយគោល​​​នយោបាយ «ភូមិ ឃុំ-សង្កាត់​មាន​សុវត្ថិភាព» ឱ្យបាន​សកម្ម សំដៅបង្កើត​បានជា​កម្លាំង​សរុប មធ្យោ​បាយ​​សរុប វិធានការ​សរុប ជាពិសេស​ស្រទាប់​យុវជន សិស្សានុសិស្ស កម្មករ ពលករ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ស្របតាម​ទិសស្លោក «៣ កុំ ១ រាយ​ការណ៍»។ 

លោកហ៊ុន ម៉ាណែត លើកឡើង​ថា៖«ទោះបីជា​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ទទួលបាន​លទ្ធផល​ជាវិជ្ជមាន​ក្តី តែការប្រើប្រាស់​ល្បិចកល នាំចូល​នូវសារធាតុ​គីមី​បម្រើ​ឱ្យ​វិស័យ​កសិកម្ម ឧស្សាហកម្ម បន្លំ​យកមក​កែច្នៃ​ផលិត​ជាសារធាតុ​ញៀន គួបផ្សំ​នឹងការប្រើប្រាស់​គ្រឿងញៀន​នៅតាម​សហគមន៍ នៅតែជា​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ​ដែលត្រូវ​យកចិត្ត​ទុក​ដាក់ ចាត់វិធានការ​ដោះស្រាយ​ឱ្យ​បានទាន់​ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព»។

ជុំវិញបញ្ហានេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្ដិភាព លោក​ យង់ គិមអេង ​កត់​សម្គាល់​ឃើញ​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការ​កើន​ឡើង​ច្រើន ខណៈ​​ការ​ចុះបង្រ្កាប​ម្តងៗ ក៏មាន​ការ​​រឹប​អូស​បាន​សារ​ធាតុញៀនជាច្រើន​តោន​ផងដែរ។ លោកបន្តថា គ្រឿងញៀនក៏បាន​ឆក់​យកអាយុជីវិតយុវជនជាច្រើនផងដែរ ហើយកន្លងមកក៏បានបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់ប្រជាពលរដ្ឋ និងប្រទេស​ជាតិមួយឆ្នាំៗរាប់រយលានដុល្លា។

លោកចាត់ទុកបញ្ហាគ្រឿងញៀននេះ ថាបានជះឥទ្ធិពលធំធាយណាស់ទៅដល់ធនធានមនុស្ស និងយុវជនជំនាន់ក្រោយ ហើយក៏ជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ ដែល​ទាមទារឱ្យ​រដ្ឋាភិបាលអាណត្តិថ្មី និងក្រសួងស្ថាប័ន​​​ពាក់ព័ន្ធ ត្រូវ​ដាក់ចេញនូវយន្តការ​ម៉ឺងម៉ាត់​ក្នុងការដោះស្រាយ​ ដើម្បីឱ្យប្រជាពលរដ្ឋ​មានជំនឿជឿជាក់ និងជាការបង្កាកុំឱ្យយុវជនជំនាន់ក្រោយទៅពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរ។​

លោកបន្ថែមថា៖«ខ្ញុំជឿថាគោលនយោបាយនេះ គឺបើសិនជាអត់មានការប្តេជ្ញាចិត្តខ្ពស់ អត់បានដាក់ចេញជាសកម្មភាព ផែនការសកម្មភាពជាក់លាក់ទេ អត់អាចធ្វើឱ្យសម្រេចទៅបានទេ។​ ហើយកន្លងមកដោយសារយើងឃើញ​បញ្ហាគ្រឿងញៀនក៏កើតឡើងច្រើន ចឹងក្រសួងបានសម្រេចចិត្តនៅក្នុងការបង្ហាញនៃការយកចិត្តទុកហ្នឹង គឺដើម្បីឱ្យប្រជាពលរដ្ឋហ្នឹង គេមានជំនឿជឿជាក់ដែរ»

ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សា​អមរិន្ទប្រចាំអង្គការតម្លាភាពកម្ពុជា លោកមេធាវី​ សុក សំអឿន បានបញ្ជាក់តាម​បណ្តាញទំនាក់ទំនងតេឡេក្រាមថា បើគ្មានអ្នកផលិត អ្នកនាំចូល និងអ្នកចែកចាយទេ នោះក៏គ្មានអ្នកប្រើប្រាស់ដែរ។​ លោកចាត់ទុកកត្តាទាំងអស់នេះ ថា​ជាឬសគល់ និង​ជាបណ្តាញ​នាំ​ឱ្យមានបទល្មើសគ្រឿងញៀន​ច្រើន និងកាន់ផុសផុលជាងមុន។ លោកបន្ថែមថា អ្នកប្រើប្រាស់តាមពិតជាអ្នករងគ្រោះនោះទេ បើពួកគេក្លាយជាអ្នកប្រើប្រាស់ពេញលេញហើយ នោះពួកគេនឹងក្លាយជាអ្នកបង្កគ្រោះថ្នាក់ដល់គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ លោកជំរុញឱ្យរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធត្រូវឈ្វេងយល់ និងដោះស្រាយពីឬសគល់បញ្ហាជាមុនសិន និង​ត្រូវស្វែងរកមេខ្លោងធំនៃការផលិត ឬនាំចូលគ្រឿងញៀនមកកម្ពុជា​ ហើយតុលាការមិនអាចត្រឹមចោទប្រកាន់ ឬដាក់ទោសទណ្ឌចំពោះតែអ្នកចែកចាយគ្រឿងញៀននោះទេ ប៉ុន្តែត្រូវ​ស៊ើប​អង្កេតឱ្យបានទូលំទូលាយ និងម៉ឹងម៉ាត់ ដើម្បីអាចឈានទៅចាប់អ្នកបង្កបញ្ហាពិតប្រាកដ ទើបបញ្ហាគ្រឿងញៀនអាចកាត់បន្ថយបាន។

លោកបញ្ជាក់ថា៖«បើចាប់បានតែអ្នកប្រើ វាមិនងាយនឹងបាត់ទេ ព្រោះចាប់អ្នកផលិត និងនាំចូលមិនបានផង។ បើនគរបាលលក់ដែរនោះ វាមិនងាយនឹងបាត់ទេ»។

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី០៩ ខែមករា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បាន​ចាត់​ទុកសំណុំ​រឿង​គ្រឿងញៀន ជារឿង​អាទិភាព ក្នុងចំណោមរឿងពីរផ្សេងទៀត ក្នុងការដោះស្រាយដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបញ្ចៀសផល​​ប៉ះ​ពាល់ផ្ទាល់​ជាមួយ​ប្រជាព​លរដ្ឋ។ លោក​បន្តថា បញ្ហាគ្រឿងញៀន មិនត្រឹមបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​ សុខភាព​ និងសន្តិសុខ​សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញធនធានមនុស្សនៅកម្ពុជា​ថែមទៀត៕