ពលរដ្ឋរស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីគម្រោងធ្វើប្រព័ន្ធលូបង្ហូរទឹក ស្នើអាជ្ញាធរធ្វើកិច្ចសន្យាបញ្ជាក់អំពីពេលវេលាច្បាស់លាស់នៃការអនុវត្តគម្រោងនេះ និងផ្តល់សំណងចំនួន ៣០០ដុល្លារក្នុងមួយខែ សម្រាប់ឱ្យពួកគាត់ដោះស្រាយការបន្តស្នាក់នៅតំបន់ផ្សេងជាបណ្តោះអាសន្ន។
កន្លងមក អាជ្ញាធរខណ្ឌមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រែកតាគង់២ ស្តីពីគម្រោងធ្វើប្រឡាយពង្វៀងទឹកទី១ និងទី២ ដែលជាមធ្យោបាយក្នុងការពង្វៀងទឹកចេញពីរាជធានីភ្នំពេញ និងជាផ្នែកមួយនៃការអនុវត្តគម្រោងមេ ស្តារប្រឡាយ និងស្តារអាងស្តុកទឹកបឹងជើងឯក។ បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខណ្ឌ អាជ្ញាធរបានដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋម្តងរួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពដដែលបន្តថា ដោយសារបញ្ហាអាកាសធាតុភ្លៀងធ្លាក់ខ្លាំងនៅក្នុងឆ្នាំ២០២៣ ធ្វើឱ្យគម្រោងនេះមានការយឺតយ៉ាវជាងការគ្រោងទុក និងត្រូវការពេលវេលា បន្ថែមដើម្បីអនុវត្តឱ្យទទួលបានជោគជ័យ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកស្រី ស្វាយ សុគន្ធី រស់នៅក្នុងសង្កាត់ចាក់អង្រែលើ ដែលជាពលរដ្ឋរងផលប៉ះពាល់ដោយសារការកាយដី ដើម្បីធ្វើប្រព័ន្ធលូបង្ហូរទឹក បានឱ្យដឹងថា ការកាយដីសម្រាប់ធ្វើប្រព័ន្ធលូរំដោះទឹក ដែលចាប់ផ្តើមធ្វើកាលពីដើមឆ្នាំ២០២៣នោះ បានបង្កផលប៉ះពាល់ដល់ដី និងផ្ទះសម្បែងរបស់ពលរដ្ឋប្រមាណ ២០គ្រួសារ ក្នុងនោះមានពលរដ្ឋជាង១០គ្រួសារមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ អ្នកស្រីបន្តថា កន្លងមក អាជ្ញាធរប្រាប់ថា គម្រោងនេះនឹងប្រើពេលចំនួន ៦ខែ គឺចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២៣ ហើយអាជ្ញាធរបានធ្វើកិច្ចសន្យាផ្តល់សំណងចំនួន ៥០០ដុល្លារក្នុងរយៈពេល៦ខែនោះ ដល់ពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីឱ្យពួកគាត់ទៅតាំងរស់នៅនៅតំបន់ផ្សេងជាបណ្តោះអាសន្នសិន។
តែយ៉ាងណា អ្នកស្រីថា គិតមកដល់ដើមខែមករានេះ ការសាងសង់ប្រឡាយទឹកនោះនៅមិនទាន់បញ្ចប់នៅឡើយ ហើយអាជ្ញាធរថានឹងបន្តធ្វើកិច្ចសន្យារយៈពេល១ឆ្នាំទៀត ដោយផ្តល់សំណងត្រឹមចំនួន ៥០០ដុល្លារ។ ករណីនេះ អ្នកស្រីថា ពលរដ្ឋមិនអាចទទួលយកបាន និងស្នើឱ្យអាជ្ញាធរធ្វើកិច្ចសន្យាជាក់លាក់ពីការបញ្ចប់គម្រោង ព្រមទាំងផ្តល់សំណងចំនួន ៣០០ដុល្លារក្នុងមួយខែ សម្រាប់ឱ្យពួកគាត់ដោះស្រាយជីវភាព។
អ្នកស្រីថា៖ «អាជ្ញាធរមិនរកដំណោះស្រាយជូនពលរដ្ឋ និងមិនគោរពតាមពាក្យសន្យា សុំកាយដីធ្វើប្រឡាយបណ្តោះអាសន្នរយៈពេល ៦ខែ តែរហូតមកដល់ពេលនេះ បែរជាចង់បន្ត១ឆ្នាំបន្តទៀត ដោយផ្តល់សំណងត្រឹម៥០០$ ដដែលក្នុងមួយឆ្នាំ។ […] ហើយដល់ពេលតេទៅលើកដាក់គ្នា ខណ្ឌរុញទៅរងខណ្ឌ ខណ្ឌរុញមកអភិបាល អភិបាលរុញទៅខណ្ឌវិញ»
អ្នកស្រី ស្វាយ សុគន្ធី បន្ថែមថា៖ «យើងចង់បានកុងត្រាច្បាស់លាស់ ហើយនឹងប្រាក់មួយខែមួយគ្រួសារ ៣០០ដុល្លារ ព្រោះពួកខ្ញុំរាល់ថ្ងៃជួលផ្ទះគេដែរ ខ្ញុំខំចាក់ដីដើម្បីធ្វើផ្ទះនៅ ដល់ហើយគម្រោងធ្វើប្រឡាយសុំកាយ ហើយដំបូងអត់និយាយស្រួលទេ ហើយយកយើងទៅគំរាមរហូត អាងអី រំលាយប្លង់ចោលៗ បើយើងមិនព្រមក៏គេកាយដែរ»។
ស្រដៀងគ្នានេះដែរ លោក មុំ សាវុធ ដែលជាពលរដ្ឋរងគ្រោះម្នាក់ទៀត បានលើកឡើងថាលោកចង់បានព័ត៌មានច្បាស់លាស់ដែលបញ្ជាក់អំពីពេលវេលានៃការធ្វើប្រឡាយនេះ។
លោកលើកឡើងថា៖ «ខ្ញុំក៏អត់ព្រមដែរ បើអត់មានកិច្ចសន្យាច្បាស់លាស់ ខ្ញុំចង់បានពេលវេលាមួយច្បាស់លាស់ ខ្ញុំត្រូវការដីផ្ទះខ្ញុំដើម្បីសាងសង់លំនៅដ្ឋានរបស់ខ្ញុំវិញ ខ្ញុំអត់ចង់ជួលផ្ទះគេរហូតទេ ព្រោះវាយូរខែយូរឆ្នាំទៅហើយ ខ្ញុំចង់បានតែពេលវេលាដែលក្រុមហ៊ុនធ្វើហ្នឹងមានកាលបរិច្ឆេទច្បាស់លាស់ អីចឹងទេខ្ញុំចង់បានព័ត៌មានឱ្យជាក់លាក់ ដល់ពេលខ្ញុំសុំតែប៉ុណ្ណឹង អាជ្ញាធរអត់មានផ្តល់ព័ត៌មានឱ្យខ្ញុំច្បាប់លាស់ផង ចេះតែបង្វៀងរហូត»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអភិបាលរងខណ្ឌមានជ័យ លោក ឡុង ងែត និងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ។
លោក ឡាយ អូន ដែលអះអាងជាមន្រ្តីនៃរដ្ឋបាលខណ្ឌមានជ័យ និងបានចូលរួមក្នុងការដោះស្រាយវិវាទនេះ មានប្រសាសន៍ថា មកដល់ពេលនេះ រដ្ឋបាលខណ្ឌ បានព្យាយាមដោះស្រាយជូនពលរដ្ឋ ២វគ្គទៅហើយ ដោយបានដោះស្រាយនូវសំណងគោលនយោបាយ ដោយមានការព្រមព្រាងពីពលរដ្ឋ ក្នុងកាផ្តល់សិទ្ធិជូនរដ្ឋបាលខណ្ឌអនុវត្តគម្រោងនេះ។
លោកបន្ថែមថា៖ «មកដល់ពេលនេះ រដ្ឋបាលខណ្ឌមានជ័យ បានធ្វើការដោះស្រាយ និងផ្តល់សំណងជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់នៃប្រឡាយពង្វៀងទឹក បាន៦០%ហើយ ដោយឡែកនៅសល់ប្រជាពលរដ្ឋ ៤០%ទៀត រដ្ឋបាលខណ្ឌកំពុងបន្តដោះស្រាយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការអភិវឌ្ឍប្រឡាយជារឿងមួយ ចំណែករឿងប៉ះពាល់កម្មសិទ្ធិរបស់ពលរដ្ឋ គឺជារឿងមួយ ដែលមិនអាចយករឿងអភិវឌ្ឍន៍ទៅដាក់គំនាបប្រជាពលរដ្ឋបាននោះទេ។
លោកថា៖ «អាជ្ញាធរគួរតែជជែកជាមួយពលរដ្ឋឱ្យបានម៉ត់ចត់ ហើយកំណត់ពេលវេលាគម្រោងឱ្យបានត្រឹមត្រូវ និងមានដំណោះស្រាយពិតប្រាកដ ដើម្បីកុំឱ្យពេលអភិវឌ្ឍន៍ធ្វើតាមគម្រោងផែនការ តែប៉ះពាល់ដល់ពលរដ្ឋ»៕