ពលរដ្ឋរស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរង​ផលប៉ះពាល់ពីគម្រោង​​ធ្វើប្រព័ន្ធលូបង្ហូរទឹក ស្នើ​អាជ្ញាធរ​​ធ្វើកិច្ចសន្យាបញ្ជាក់​អំពី​ពេលវេលាច្បាស់​លាស់​នៃ​ការ​អនុវត្តគម្រោង​នេះ និងផ្តល់​សំណង​ចំនួន ​៣០០​ដុល្លារ​ក្នុង​មួយខែ សម្រាប់ឱ្យ​ពួកគាត់​ដោះស្រាយការបន្តស្នាក់នៅតំបន់ផ្សេងជាបណ្តោះអាសន្ន​។

កន្លងមក​ អាជ្ញាធរ​ខណ្ឌមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រែកតាគង់២ ស្តីពីគម្រោងធ្វើ​​ប្រឡាយ​​ពង្វៀង​​ទឹក​​ទី១ និង​ទី២ ដែលជាមធ្យោបាយ​ក្នុង​ការ​ពង្វៀងទឹកចេញពីរាជធានីភ្នំពេញ និងជាផ្នែកមួយនៃការអនុវត្តគម្រោង​មេ ស្តារ​ប្រឡាយ និង​ស្តារអាងស្តុកទឹកបឹងជើងឯក។ បើតាមទំព័រហ្វេស​ប៊ុករបស់រដ្ឋបាល​ខណ្ឌ ​អាជ្ញាធរបាន​ដោះស្រាយសំណងផលប៉ះពាល់ជូន​​​ប្រជាពលរដ្ឋម្តងរួចមកហើយ​​កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពដដែលបន្តថា ដោយសារ​បញ្ហាអាកាសធាតុភ្លៀងធ្លាក់ខ្លាំងនៅក្នុងឆ្នាំ២០២៣ ធ្វើ​ឱ្យ​​គម្រោង​នេះ​មានការយឺតយ៉ាវជាងការគ្រោងទុក និងត្រូវការពេលវេលា បន្ថែម​ដើម្បីអនុវត្តឱ្យ​​ទទួលបានជោគជ័យ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកស្រី ស្វាយ សុគន្ធី រស់នៅក្នុងសង្កាត់ចាក់អង្រែលើ ដែលជាពលរដ្ឋរងផលប៉ះពាល់ដោយសារការកាយដី ដើម្បីធ្វើប្រព័ន្ធលូបង្ហូរទឹក​ បានឱ្យ​ដឹងថា ការកាយដី​សម្រាប់ធ្វើប្រព័ន្ធលូរំដោះទឹក ដែល​ចាប់ផ្តើម​ធ្វើកាលពីដើមឆ្នាំ២០២៣នោះ បានបង្កផលប៉ះពាល់ដល់ដី និង​ផ្ទះសម្បែង​របស់ពលរដ្ឋប្រមាណ ២០គ្រួសារ​ ក្នុងនោះមានពលរដ្ឋជាង១០គ្រួសារមានប័ណ្ណកម្ម​សិទ្ធិ​ត្រឹម​ត្រូវ។ អ្នកស្រីបន្តថា កន្លងមក អាជ្ញាធរ​ប្រាប់ថា គម្រោង​នេះនឹងប្រើពេល​ចំនួន ៦ខែ គឺចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២៣ ​​ហើយ​អាជ្ញាធរបានធ្វើកិច្ចសន្យា​ផ្តល់សំណងចំនួន ៥០០ដុល្លារក្នុងរយៈពេល​៦ខែនោះ ​ដល់ពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីឱ្យពួកគាត់​ទៅតាំងរស់នៅនៅ​តំបន់ផ្សេងជាបណ្តោះអាសន្ន​សិន។

តែយ៉ាងណា អ្នកស្រីថា គិត​មកដល់ដើម​ខែមករានេះ ការសាងសង់ប្រឡាយទឹកនោះនៅមិនទាន់បញ្ចប់នៅឡើយ ហើយអាជ្ញាធរថានឹងបន្តធ្វើកិច្ចសន្យារយៈពេល​១ឆ្នាំទៀត ដោយផ្តល់សំណងត្រឹមចំនួន ៥០០ដុល្លារ។​ ករណីនេះ អ្នកស្រីថា ពលរដ្ឋមិនអាចទទួលយកបាន និង​​​​ស្នើឱ្យអាជ្ញាធរធ្វើកិច្ចសន្យាជាក់លាក់ពីការបញ្ចប់គម្រោង ព្រមទាំង​ផ្តល់​សំណង​ចំនួន ៣០០ដុល្លារក្នុងមួយខែ សម្រាប់ឱ្យ​ពួកគាត់ដោះស្រាយជីវភាព។

អ្នកស្រីថា៖ «អាជ្ញាធរមិនរកដំណោះស្រាយជូនពលរដ្ឋ និងមិនគោរពតាមពាក្យសន្យា សុំកាយដីធ្វើប្រឡាយបណ្តោះអាសន្នរយៈពេល ៦ខែ តែរហូតមកដល់ពេលនេះ បែរជាចង់បន្ត​១ឆ្នាំបន្តទៀត ដោយផ្តល់សំណងត្រឹម៥០០$ ដដែល​ក្នុង​មួយឆ្នាំ។ […] ហើយដល់ពេលតេទៅលើកដាក់គ្នា ខណ្ឌ​រុញទៅរងខណ្ឌ​ ខណ្ឌរុញមកអភិបាល អភិបាលរុញទៅខណ្ឌវិញ»

​អ្នកស្រី ស្វាយ សុគន្ធី បន្ថែមថា៖ «យើង​ចង់​បានកុងត្រាច្បាស់លាស់ ហើយនឹងប្រាក់មួយខែមួយគ្រួសារ ៣០០ដុល្លារ​ ព្រោះពួកខ្ញុំរាល់ថ្ងៃជួលផ្ទះគេដែរ ខ្ញុំខំចាក់ដីដើម្បីធ្វើផ្ទះនៅ ដល់ហើយគម្រោងធ្វើប្រឡាយសុំកាយ ហើយដំបូង​អត់​និយាយស្រួលទេ ហើយយកយើងទៅគំរាម​រហូត អាងអី រំលាយប្លង់ចោលៗ បើ​យើងមិនព្រមក៏គេកាយដែរ»។

ស្រដៀងគ្នានេះដែរ លោក មុំ សាវុធ ដែលជាពលរដ្ឋរងគ្រោះម្នាក់ទៀត បានលើកឡើងថាលោកចង់បាន​ព័ត៌មានច្បាស់លាស់​ដែលបញ្ជាក់អំពីពេលវេលានៃការធ្វើប្រឡាយនេះ។

លោកលើកឡើងថា៖ «ខ្ញុំក៏អត់ព្រមដែរ បើអត់មានកិច្ចសន្យាច្បាស់លាស់ ខ្ញុំចង់បានពេលវេលាមួយច្បាស់​លាស់ ខ្ញុំ​ត្រូវការដីផ្ទះខ្ញុំ​ដើម្បីសាងសង់លំនៅដ្ឋានរបស់ខ្ញុំវិញ ខ្ញុំអត់ចង់ជួលផ្ទះគេរហូតទេ ព្រោះវាយូរខែយូរឆ្នាំទៅហើយ ខ្ញុំចង់បានតែពេលវេលាដែលក្រុមហ៊ុនធ្វើហ្នឹង​មានកាលបរិច្ឆេទច្បាស់លាស់ អីចឹងទេខ្ញុំចង់បានព័ត៌មានឱ្យជាក់លាក់ ដល់ពេលខ្ញុំសុំតែប៉ុណ្ណឹង អាជ្ញាធរអត់មានផ្តល់ព័ត៌មានឱ្យខ្ញុំច្បាប់លាស់ផង ចេះតែបង្វៀងរហូត»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអភិបាលរងខណ្ឌមាន​ជ័យ លោក ឡុង ងែត និងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បាន​ទេ។

លោក ឡាយ អូន ដែលអះអាង​ជាមន្រ្តីនៃរដ្ឋបាល​ខណ្ឌមានជ័យ និង​បានចូលរួមក្នុងការដោះស្រាយវិវាទនេះ មានប្រសាសន៍​ថា មក​ដល់ពេលនេះ រដ្ឋបាលខណ្ឌ បានព្យាយាមដោះស្រាយជូនពលរដ្ឋ ២វគ្គទៅហើយ ដោយ​បាន​ដោះស្រាយនូវ​សំណងគោលនយោ​បាយ ដោយមានការ​ព្រមព្រាងពីពលរដ្ឋ ក្នុងកាផ្តល់សិទ្ធិ​ជូនរដ្ឋបាលខណ្ឌ​​អនុវត្តគម្រោង​នេះ។

លោកបន្ថែមថា៖ «មកដល់ពេលនេះ រដ្ឋបាលខណ្ឌមានជ័យ បានធ្វើការដោះស្រាយ និងផ្តល់​សំណងជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់នៃប្រឡាយពង្វៀងទឹក បាន​៦០%ហើយ ដោយឡែក​នៅសល់ប្រជាពលរដ្ឋ ៤០%ទៀត រដ្ឋបាលខណ្ឌកំពុងបន្តដោះស្រាយ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការអភិវឌ្ឍប្រឡាយជារឿងមួយ ចំណែក​រឿងប៉ះពាល់កម្មសិទ្ធិរបស់ពលរដ្ឋ​ គឺជារឿងមួយ ដែលមិនអាច​យករឿងអភិវឌ្ឍន៍ទៅដាក់គំនាបប្រជាពលរដ្ឋបាននោះទេ។

លោកថា៖ «អាជ្ញាធរគួរតែជជែកជាមួយពលរដ្ឋឱ្យបានម៉ត់ចត់ ហើយកំណត់ពេលវេលាគម្រោងឱ្យបានត្រឹមត្រូវ និងមានដំណោះស្រាយពិតប្រាកដ ដើម្បីកុំឱ្យពេលអភិវឌ្ឍន៍​ធ្វើតាមគម្រោងផែនការ តែប៉ះពាល់ដល់ពលរដ្ឋ»៕