ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងជួបជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ នៅសប្តាហ៍​ក្រោយ ដើម្បីដាក់ចេញ​នូវ​វិធានការ​ និងធ្វើយុទ្ធនាការ​រួមគ្នា​ក្នុងការបង្ការ ទប់ស្កាត់ និង​ដោះ​ស្រាយ​បញ្ហាគ្រោះអគ្គិភ័យនៅតាមរោង​ចក្រ​សហគ្រាស។

គម្រោង​នៃការរៀបចំកិច្ចប្រជុំអន្តរក្រសួងនេះ បានធ្វើឡើង​ក្រោយពីមានហេតុការណ៍គ្រោះអគ្គិភ័យ​បានកើតឡើងនៅរោង​ចក្រយីដា ហ្គាមេន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹក​​ថ្ងៃទី១៨ ខែមករា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បាន​លើកឡើងថា គ្រោះអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុ​គីមី​សម្រាប់បោកគក់​នៃ​រោង​ចក្រ យីដា ហ្គាមេន បានបណ្តាលឱ្យ​កម្មករនិយោជិតរងគ្រោះ​ចំនួន ២១នាក់ ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ម្នាក់ បន្ទាប់ពីបានបញ្ជូន​ទៅដល់​មន្ទីរពេទ្យ។

ក្រសួងបន្តថា តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្តាល បាន​រៀបចំវិភាជន៍បូជា​សព ផ្នែកហានិភ័យការងារចំនួន ១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយ​ទុក្ខលំបាក​របស់កម្មករ​និយោជិតជាជនរងគ្រោះ ​ដែលកំពុងសម្រាកព្យាបាល​នៅតាមមូល​ដ្ឋាន​សុខាភិបាល និងក្រុមគ្រួសារ​ស្របតាមច្បាប់ស្តីពីរបបសន្តិសុខ​សង្គម។

ក្រោយហេតុការណ៍នេះ ក្រសួងការងារបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធាន​ការ​ និងយុទ្ធនាការ​រួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយ​បញ្ហាគ្រោះអគ្គិភ័យ​ដែល​អាច​កើតមាននៅតាម​សហគ្រាស គ្រឹះស្ថាន​ជាយថាហេតុ»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ លោក កត្តា អ៊ន មានប្រសាសន៍បន្ថែម​លើសេចក្តីប្រកាសព័ត៌មាន​ថា ក្រសួងនឹងដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី២៥ ខែមករា សប្តាហ៍ក្រោយ​នេះ។

លោកបាន​ថ្លែងថា៖«ក្រសួងនឹងដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី២៥ ខែមករា ២០២៤ នេះ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងទេសចរណ៍ រួមទាំងអគ្គនាយកដ្ឋានជំនាញសុវត្ថិភាពអាគារ រោងចក្រ សំណង់ និងអគ្គិភ័យ ដើម្បីប្រជុំពិនិត្យចេញវិធានការណ៍ ឬយុទ្ធនាការរួមគ្នាទប់ស្កាត់ និងបង្ការអគ្គីភ័យនៅតាមរោងចក្រ សហគ្រាស និងសណ្ឋាគារ»។ 

ចំណែក ករណីអគ្គិភ័យនៅរោងចក្រយីដាវិញ លោកថា មន្ត្រីជំនាញ​ដែលមានការ​សហការជាមួយសមត្ថកិច្ច​ពាក់ព័​ន្ធ បាននិងកំពុងស៊ើបអង្កេត និងមានវិធានការ។

លោក ព្រំ សារ៉ាត អាយុ ៤៣ឆ្នាំ ជាកម្មករម្នាក់ដែលធ្វើការងារនៅ​រោងចក្រយីដា អស់រយៈពេល៩ឆ្នាំ គាំទ្រឱ្យមានកិច្ចប្រជុំពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា​ និងបង្ការ​គ្រោះអគ្គិភ័យនៅតាមរោងចក្រ ខណៈកម្មករមានក្តីបារម្ភជាខ្លាំងចំពោះបញ្ហានេះ។ ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរ​ដល់​បេឡាជាតិរបបសន្តិសុខសង្គម (បសស) គិតគូរជួយឧបត្ថម្ភថវិកា​បន្ថែមដល់គ្រួសារអ្នកស្រី សុខ ឆវី ជា​ជន​រងគ្រោះដែល​បាន​ស្លាប់​ ខណៈកូនៗរបស់ជនរងគ្រោះនៅតូច ដែលត្រូវការឱ្យមានការ​មើលថែបន្ថែម។

លោកថា៖«ខ្ញុំគិតថា ក្រសួងគាត់ត្រៀមនឹងមកប្រជុំ អំពីបញ្ហាយក​មកដោះស្រាយ វាជារឿងមួយដែលល្អ មកប្រជុំដើម្បីរកចំណុចណាមួយ [ដោះស្រាយ] ឱ្យ​វាប្រសើរទៅមុខ។ យល់ល្អប្រសិនជាគេបានចុះប្រជុំមកដោះស្រាយទៅ មិនខ្លាចមានហានិភ័យដែលកើតឡើង។ ក្រុមហ៊ុនក៏ដោយ ជាអ្នកបញ្ជីទិញអីហ្នឹង ជួយមកពិនិត្យមើលឱ្យមានការកែប្រែ មានការប្រុងប្រយ័ត្ន ពីព្រោះយើងមានបទពិសោធន៍ហើយ»។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ​កម្មករ​កាត់ដេរកម្ពុជា លោក គង់ អាទិត្យ បានបង្ហាញការ​​សោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គិភ័យដែលបណ្តាលឱ្យមានកម្មករស្លាប់ និងរបួស​។ លោកក៏បានបង្ហាញ​គាំទ្រចំពោះការផ្តល់សំណងជូន​កម្មករ​​ជន​រងគ្រោះ។  

ក្នុងនាមជាប្រធានសហជីពមួយរូប លោក គង់ អាទិត្យ បានអំពាវនាវដល់​គ្រប់បណ្តារោងចក្រ​សហគ្រាស និងអាជ្ញាធរពាក់ព័ន្ធ​​ រៀបចំ​ប្រព័ន្ធការពារសុវត្ថិភាព​ និង​សុខភាព​កម្មករឱ្យបាន​ប្រសើរជាងនេះ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់​ដល់អាយុជីវិត។

លោកថ្លែងថា៖«ចឹងយើងគួរតែមានអធិការកិច្ច ត្រួតពិនិត្យសម្រាប់រោងចក្រពាក់ព័ន្ធ​នឹង​ប្រព័ន្ធសុវត្ថិភាពរោងចក្រ ឱ្យ​​ខ្លាំងជាងមុន ខាងក្រសួង និង​សមត្ថកិច្ច​។ ហើយមួយទៀតទៅ តើយើងគួរបង្កើត ឬរៀបចំគណៈកម្មាធិការសុខភាព​សុវត្ថិ​ភាពនៅរោងចក្រ ដែលមានកម្មករនិងសហជីពចូលរួមដើម្បីត្រួតពិនិត្យ ថាតើកន្លែងណា​ដែលអាចរៀបចំបាន។ បើឱ្យ​តែនិយោជកតែម្ខាង ជាទូទៅគាត់មិនបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនោះទេ ចឹងយើងត្រូវមានគណៈកម្មាធិការចម្រុះ ដែល​មានកម្មករសហជីពចូលរួម»៕