អ្នកស្រី សាន សាវ៉ូន ជាកសិករចិញ្ចឹមជ្រូកម្នាក់នៅក្នុងភូមិឃុនមោយ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងរយៈពេល១៣ឆ្នាំដែលអ្នកស្រីបើកកសិដ្ឋានចិញ្ចឹមជ្រូក អ្នកស្រីមិនដែលប្រឈមននឹងបញ្ហាតម្លៃជ្រូកធ្លាក់ចុះខ្លាំងដូចឆ្នាំនេះនោះទេ។ អ្នកស្រីនិយាយថា ក្នុងរយៈពេលប្រហែល៣ខែកន្លងមកនេះ កសិដ្ឋានចិញ្ចឹមជ្រូកស្ទើរតែទាំងអស់ ជួបការលំបាកក្នុងការចិញ្ចឹមជ្រូក ខណៈតម្លៃធ្លាក់ចុះខ្លាំង ហើយស្ទើរតែមិនមានឈ្មួញចុះមកទិញ ព្រោះតែវត្តមានសាច់ជ្រូកបង្កកនាំចូលរាប់តោន។
ស្រ្តីវ័យ៤២ឆ្នាំរូបនេះនិយាយថា៖ «ខាតតែមួយពេញទំហឹងហ្នឹងឯង ឧទាហរណ៍ របស់យើងធ្លាប់ចិញ្ចឹមត្រូវបានចំណេញ១០០០រៀល(ក្នុងមួយគីឡូ) ក៏ចូលដើម១០០០រៀល ទៅ១៥០០រៀលទៀត (ក្នុងមួយគីឡូ) […] ធ្លាក់ខ្លាំងណាស់ ធ្លាក់សឹងដល់ចំណុចសូន្យ បើសិនណាមិនមានជ្រូកនាំចូលមកពីគេហើយមិនមានសាច់បង្កក បើផ្គត់ផ្គង់តែនៅខ្មែរយើងក៏ជ្រូកខ្មែរយើងមិនដុនដាបដល់ថ្នាក់នេះដែរ»។
ប្រជាជនជាច្រើនគ្រួសារក្នុងខេត្តសៀមរាបដែលពឹងផ្អែកជីវភាពលើការចិញ្ចឹមជ្រូកដូចជាអ្នកស្រី សាវ៉ូន កំពុងប្រឈមនឹងការក្ស័យធនព្រោះតែតម្លៃជ្រូកធ្លាក់ថ្លៃខ្លាំង ដោយសារការនាំចូលសាច់ និងសាច់បង្កកពីក្រៅប្រទេសច្រើនពេក។
និយាយដោយមានសើចតិចៗផង អ្នកស្រី សាន សាវ៉ូន បន្ថែមថា ឈ្មួញដែលធ្លាប់មកចាប់ជ្រូកនៅកសិដ្ឋានរបស់អ្នកស្រីកាលពីមុន លែងទិញកន្លែងអ្នកស្រី ដោយពួកគេចាំយកជ្រូកនាំចូលមានតម្លៃថោកជាង និងដឹកមកដល់ទីតាំងរបស់ពួកគេស្រាប់។
កំពុងបាញ់ទឹកលាងទ្រុងជ្រូក អ្នកស្រី សាវ៉ូន ថ្លែងថា៖ «បើជ្រូកឡើងថ្លៃ ឈ្មួញចុះឡើងៗ ពិបាកតែយើងរកលក់មិនទាន់ទេ មួយខែ ឬកន្លះខែដឹងតែចូលមកមើលទ្រុងយើង ហើយល្មមៗបង្ខំឲ្យយើងលក់ហើយ ដល់ពេលជ្រូកចុះថោកអញ្ចេះតែទូរស័ព្ទឯងក៏មិនចង់លើកទៀត គេថាចាំទិញតែកុងស៊ីស្រួលជាង អត់ពិបាកមកចាប់តាមទ្រុងអស់ថ្លៃឈ្នួលឡានឈ្នួលអីទៀត បើកុងស៊ីគេដឹកឲ្យស្រាប់ៗ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចូលសាច់ពីក្រៅប្រទេស ជាពិសេសសាច់បង្កក មានចំនួនច្រើនៗ ដែលខ្លះមានទាំងសាច់ខូចគុណភាព និងមិនមានឯកសារនាំចូលជាដើម។ តួយ៉ាង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសសត្វបានសហការជាមួយការិយាល័យផលិតកម្ម ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកមួយកន្លែងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញសាច់បង្កកពុំទាន់មានឯកសារច្បាស់លាស់ចំនួនជិត៤០០ តោន ដែលរួមមានចុងស្លាបមាន់ គូទមាន់ សាច់មាន់កិន កោះមាន់ ជើងមាន់ សាច់ជ្រូក ជាដើម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមអ្នកចិញ្ចឹមសត្វដែលចេញកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
កំពុងដាក់បាយជ្រូកនៅរោងចិញ្ចឹមជ្រូកស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ដួង សាម៉ុន កសិករចិញ្ចឹមជ្រូកម្នាក់ទៀតអះអាងថា កសិករចិញ្ចឹមជ្រូកនាំគ្នាថ្ងូរ និងចាប់ផ្តើមដួលបណ្តើរៗ បន្ទាប់ពីតម្លៃជ្រូកមានការធ្លាក់ចុះខ្លាំង ដោយសារសាច់បង្កកនាំចូលច្រើន។ កសិករដែលបានចិញ្ចឹមជ្រូកតាំងពីឆ្នាំ២០០៩រូបនេះបន្ថែមថា ចំនួនជ្រូករបស់លោកកាលពីមិនទាន់មានការធ្លាក់ថ្លៃមានរហូតដល់ជាងមួយរយក្បាល ប៉ុន្តែបច្ចុប្បន្នថយចុះសល់ត្រឹមមេ២០ក្បាល ដោយសារលក់ជ្រូកខាតរកលុយមិនបានគ្រប់គ្រាន់ផ្គត់ផ្គង់ចំណី។
លោកបន្ថែមថា សម្រាប់តម្លៃក៏ធ្លាក់ចុះពី១,០០០រៀលក្រោយជំងឺរាតត្បាតកូវីត១៩ មកនៅសល់ត្រឹម ៦,០០០រៀលក្នុងមួយគីឡូ។
លោក សាម៉ុន បន្តថា៖ «អានេះទ្រាំឡើងចូលអស់ទ្រាំហើយ ព្រោះខាតពេក ខាតឡើងៗចូលពីរឆ្នាំ បីឆ្នាំហើយ ហើយដល់វគ្គនេះតម្លៃខ្លាំងណាស់ ដាក់ចង់ដាច់សរសៃឈាមកសិករទៅហើយព្រោះជ្រូកវគ្គនេះនៅតែគីឡូ៦០ [៦០០០ រៀល] ៦២ [៦២០០ រៀល] ៦៣ [៦៣០០ រៀល] »។
លោក សាម៉ុន បន្ថែមថា ជាធម្មតាខែមករាជាខែដែលជ្រូកមានតម្លៃខ្ពស់ ប៉ុន្តែឆ្នាំនេះបែរជាមានការធ្លាក់ថ្លៃខ្លាំងទៅវិញ។
លោកនិយាយថា៖ «យើងយកដើមធនាគារមកធ្វើទាំងអស់ បើយើងបោះបង់គឺវាមិនកើត ទីមួយយើងខំធ្វើទ្រុងធ្វើអីដែរ ប៉ុន្តែបើនៅតែទីផ្សារនៅតែយ៉ាងនេះក៏នៅមិនបានដែរ […] កាលពីមុនតម្លៃអាចទប់ទល់បានវាមាន៨០ជាង ៧០ជាង ដល់ពេលវគ្គនេះ៦០ ៦៥»។
លោកចង់ឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទប់ស្កាត់ការនាំចូលសាច់ និងសាច់បង្កកពីក្រៅប្រទេស ដើម្បីទប់តម្លៃសាច់ក្នុងស្រុកកុំឱ្យបន្តធ្លាក់ថ្លៃ។
លោកនិយាយថា៖ «ឱ្យរដ្ឋាភិបាលជួយកសិករ បើផុតពីនោះនឹងដួលអស់ហើយនៅមិនបានទេ ឱ្យជួយរកតម្លៃទីផ្សារជ្រូកឱ្យ សូមឱ្យរាជរដ្ឋាភិបាលជួយបិទសាច់បង្កក ខាងក្រសួងខាងអីជួយមើលកសិករផងបើមិនអញ្ជឹងមិនរស់ទេ ចំណាកស្រុកអស់ហើយ»។
ចំណែកអ្នកស្រី ខុប អ៊ន់ អាយុ២៩ឆ្នាំ ជាកសិករចិញ្ចឹមជ្រូកម្នាក់ទៀតនៅស្រុកបន្ទាយស្រីដែរនោះរៀបរាប់ថា អ្នកស្រីចាប់ផ្តើមចិញ្ចឹមជ្រូកតាំងពីឆ្នាំ២០២១មកដោយសារសាច់ជ្រូកនៅពេលនោះមានតម្លៃខ្ពស់។ អ្នកស្រីថា បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ រួមទាំងការនាំចូលសាច់បង្កកផងនោះ បានធ្វើឱ្យគ្រួសារអ្នកស្រីធ្លាក់ខ្លួនខាតបង់ខ្លាំង ព្រមទាំងជាប់បំណុលធនាគារស្ទើររើខ្លួនមិនរួច។
អ្នកស្រីនិយាយថា៖ «ពីមុនមកដល់ឥឡូវយ៉ាប់ខ្លាំង។ កាលពីមុនដំបូងទើបចិញ្ចឹម យើងចិញ្ចឹមតិច វាបានចំណេញ ដល់ពេលយើងចេះតែពង្រីកទ្រុង កាន់តែច្រើនទៅកាន់តែខាត […] ខាតរាល់ពេល ឲ្យតែពេលលក់ដឹងតែខាត»។
បន្ទាប់ពីកសិករចិញ្ចឹមជ្រូកត្អូញត្អែរពីការធ្លាក់ថ្លៃខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសអំពីវិធានការហាមឃាត់ការនាំចូលនូវគ្រឿងក្នុង និងបំណែកសាច់បង្កកជាបណ្តោះអាសន្នសម្រាប់រយៈពេលប្រាំមួយខែ។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការផ្អាកការនាំចូលសាច់បង្កកបានតែបណ្តោះអាសន្នប៉ុណ្ណោះដោយសារ ច្បាប់មិនអនុញ្ញាតឱ្យផ្អាកជាអចិន្ត្រៃយ៍ និងថា អាចបង្កឱ្យសាច់ឡើងថ្លៃ ធ្វើឱ្យមានអតិផរណា។
លោកបន្តថា ការផ្អាកនេះគឺទុកពេលដើម្បីឱ្យអ្នកចិញ្ចឹមក្នុងស្រុករៀបចំខ្លួនឡើងវិញ ប៉ុន្តែក្រសួងក៏បាន សម្របសម្រួលដើម្បីឱ្យអ្នកដែលទិញបំណែកសាច់បង្កកនាំចូលឱ្យជួយអ្នកផលិតក្នុងស្រុក ហើយក្រសួងបានព្យាយាមឱ្យអ្នកក្នុងស្រុកបង្កើនសមត្ថភាពផលិតសាច់បង្កកដើម្បីលក់ឱ្យទីផ្សារសាច់បង្កកផងដែរ។
លោកបញ្ជាក់ថា៖ «ជាធម្មតាច្បាប់ពាណិជ្ជកម្មរបស់យើងគឺយើងមិនអាចបិទទាំងស្រុងទេ បើសិនជាយើងធ្វើការបិទការនាំចូលរបស់ប្រទេសដទៃមកប្រទេសយើង គេក៏អាចបិទការនាំចេញប្រទេសយើងទៅប្រទេសដទៃដែរ ហើយនៅលើពិភពលោកគឺមិនមានគោលនយោបាយណាបិទការនាំចេញកសិផលពីប្រទេសណាមួយទេ»។
ត្រលប់មកអ្នកស្រី សាវ៉ូន ដែលជាកសិករចិញ្ចឹមជ្រូកដែលកំពុងប្រឈមនឹងការខាតបង់ និងជំពាក់បំណុលដោយសារតែតម្លៃជ្រូកធ្លាក់ចុះវិញ អ្នកស្រីបាននិយាយទាំងក្រៀមក្រំថា អ្នកស្រីតែបន្តចិញ្ចឹមរងចាំទីផ្សារជ្រូកឡើងថ្លៃមកវិញ ដោយសារគ្រួសារអ្នកស្រីពឹងផ្អែកទាំងស្រុងលើរបរនេះរាប់ឆ្នាំមកហើយ។
អ្នកស្រី សាវ៉ូន និយាយថា៖ «ខ្ញុំសំណូមពរឲ្យតែជ្រូកឡើងថ្លៃមកវិញមក គ្នាប្រជាជនមានកម្លាំងទឹកចិត្តឲ្យចិញ្ចឹមតទៅទៀត ដូចប្រជាជនមានអីក្រៅពីចិញ្ចឹមជ្រូកចិញ្ចឹមគោ បើអត់ឲ្យប្រជាជនចិញ្ចឹមជ្រូកចិញ្ចឹមគោ គ្នាទៅមានអី»៕