សហជីព និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៥ បានស្នើរដ្ឋាភិបាលសាងសង់ស្តូប«បញ្ឈប់វប្បធម៌និទណ្ឌភាព» នៅរាជធានីភ្នំពេញ និងបន្តទាមទាររកយុត្តិធម៌ជូនសព លោក ជា វិជ្ជា មេដឹកនាំសហជីព ដែលត្រូវឃាតករបាញ់សម្លាប់កាលពី ២០ឆ្នាំមុន ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា។
ការស្នើនេះធ្វើឡើងស្របពេលខួប២០ឆ្នាំនៃករណីឃាតកម្មទៅលើ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។ ការប្រារព្ធខួប២០ឆ្នាំដែលធ្វើឡើងនៅសួនច្បារក្បែរស្តុបវត្តលង្កា ក្នុងរាជធានីភ្នំពេញ មានការចូលរួមពីតំណាងអង្គការសមាគម សហជីព និងគណបក្សក្រៅរដ្ឋាភិបាលប្រហែល ១០០នាក់។
យោងតាមញត្តិរបស់អង្គការសមាគមចំនួន ៥៥ ដែលដាក់ជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែមករានេះ បានលើកឡើងថា បញ្ហានិទណ្ឌភាព គឺជាបញ្ហាដ៏រសើបមួយដែលកំពុងតែញាំញីនៅក្នុងសង្គម។
ញត្តិដដែលបន្តថា គិតចាប់ពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់ មានអ្នកសារព័ត៌មានចំនួន ១៥នាក់ (ក្នុងនោះមាន១២នាក់បានស្លាប់) ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ដោយពុំទទួលបានយុត្តិធម៌នៅឡើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានជនណាម្នាក់ត្រូវបាននាំយកមកកាត់ទោសតាមច្បាប់នៅឡើយ។ ក្រៅពីនោះ អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលតុលាការខេត្តស្វាយរៀងបានរកឃើញថាមានទោសពីបទបាញ់ប្រហារទៅលើកម្មការិនីរោងចក្រកាត់ដេរចំនួន ៣នាក់ ឱ្យរងរបួស ស្ទើរតែមិនបានទទួលទោសនៅក្នុងពន្ធនាគារ ដោយចំណាយពេលភាគច្រើននៅក្នុងមន្ទីរពេទ្យ ខណៈករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ក៏ការស៊ើបអង្កេតមិនបានបង្ហាញមុខជនល្មើសផ្សេងទៀត ក្រៅពីឃាតករម្នាក់ដែលត្រូវបានផ្តន្ទាទោស និងត្រូវសាធារណជនជឿជាក់ថាមិនមែនជាឃាតករពិតប្រាកដ។
ញត្តិដដែល ក៏បានលើកឡើងពីករណីឃាតកម្មទៅលើ លោក ជា វិជ្ជា ដែលត្រូវបានឃាតករបាញ់សម្លាប់នៅមុតតូបលក់កាសែត ខាងលិចវត្តលង្កា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក៏សមត្ថកិច្ចនៅមិនទាន់រកឃើញឃាតករពិតយកមកផ្តន្ទាទោសនៅឡើយ តែផ្ទុយទៅវិញ បុរសគ្មានកំហុស២រូប បែរត្រូវបានកាត់ទោស និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដោយមិនត្រឹមត្រូវ មុនពេលតុលាការបដិសេធការផ្តន្ទាទោសនេះចោលវិញ។
ករណីនេះ អង្គការសមាគមទាំង៥៥ ស្នើរដ្ឋាភិបាលសាងសង់ស្តូប «បញ្ឈប់វប្បធម៌និទណ្ឌភាព» នៅក្នុងរាជធានីភ្នំពេញ ដើម្បីជាការដាស់តឿន និងរំលឹកដល់ភាគីដែលពាក់ព័ន្ធ ឱ្យរួមគ្នាលុបបំបាត់វប្បធម៌និទណ្ឌភាព លើកកម្ពស់យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ញត្តិដដែលបញ្ជាក់ថា៖ «ប្រសិនបើវប្បធម៌នេះនៅតែបន្ត នោះជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅតែជាឧបសគ្គ និងជាបញ្ហាប្រឈមក្នុងដំណើរស្វែងរកយុត្តិធម៌»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាព ឬបញ្ចប់វប្បធម៌នៃការប្រព្រឹត្តបទល្មើសហើយមិនជាប់ទោសទណ្ឌនៅកម្ពុជា គឺត្រូវធានាឱ្យមានយុត្តិធម៌ក្នុងសង្គម លើកកម្ពស់នីតិរដ្ឋ និងការបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានពីសំណាក់អាជ្ញាធររដ្ឋ។
លោកបន្តលើកឡើងថា៖ «ការលុបបំបាត់ឱ្យបាននូវបញ្ហានិទណ្ឌភាព គឺទាមទារឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធររដ្ឋ និងការសហការជាមួយក្រុមសង្គមស៊ីវិល ទីភ្នាក់ងារជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរទាំងអស់»។
នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា លើកឡើងថា ការបាត់បង់លោកជា វិជ្ជា គឺជាការសោកស្តាយបំផុតសម្រាប់កម្ពុជា។ លោកបានជំរុញដល់រដ្ឋាភិបាល ពន្លឿនការស៊ើបអង្កេត និងផ្តល់នូវពន្លឺយុត្តិធម៌ពិតប្រាកដសម្រាប់សពលោក ជា វិជ្ជា ដើម្បីកុំឱ្យវប្បធម៌និទណ្ឌភាព នៅបន្តកើតមានក្នុងសង្គម។
លោកថា៖ «នៅពេលដែលមានករណីឃាតកម្មកើតឡើង រដ្ឋាភិបាលត្រូវតែតាមរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ហើយបើសិនជាយុត្តិធម៌មិនទាន់មានចំពោះជនរងគ្រោះដែលស្លាប់ទៅទាំងគ្មានកំហុស គឺជាវប្បធម៌និទណ្ឌភាពមួយ ដែលប្រទេសកម្ពុជាមិនអាចនឹងអនុញ្ញាតឱ្យមានទេ ពីព្រោះប្រទេសកម្ពុជាមានច្បាប់ទម្លាប់ត្រឹមត្រូវ»។
ចំណែក ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍នៅកម្ពុជា លោក ទូច កុសល សោកស្តាយចំពោះការបាត់បង់ លោក ជា វិជ្ជា ដែលជាវិរៈកម្មករ ដែលមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
លោកបន្តថា៖ «សូមស្នើសុំដល់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាខិតខំស្វែងរកចាប់ឃាតករពិតប្រាកដឱ្យបានមកផ្តន្ទាទោស […] ខ្ញុំជឿថាប្រាកដជារកឃើញ បើរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការស្វែងរក»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា បានទេ។
កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមអង្គការការពារសិទ្ធិមនុស្ស និងការពារអ្នកសារព័ត៌មានចំនួន ២០ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដោយទទូចទៅរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ លើករណីឃាតកម្មសម្លាប់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សប្រហែល ២០នាក់ ដែលបានកើតឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៤ ហើយគ្មានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីរកជនប្រព្រឹត្តិមកផ្ដន្ទាទោស។ អង្គការទាំងនោះលើកឡើងថា ការមិនស៊ើបអង្កេតលើករណីឃាតកម្មលើក្រុមអ្នកសារព័ត៌មាន រួមទាំងលើអ្នកវិភាគនយោបាយបណ្ឌិត កែម ឡី និងក្រុមអ្នកការពារសិទ្ធិមនុស្សជាច្រើនរូបទៀត ដូចជា សកម្មជនបរិស្ថានលោក ឈុត វុទ្ធី សកម្មជនសហជីពលោក ជា វិជ្ជា និងលោក រស់ សុវណ្ណារ៉េត បង្ហាញពីការរីករាលដាលខ្លាំងឡើង នៃវប្បធម៌និទណ្ឌភាពនៅកម្ពុជា។ អង្គការទាំងនោះ ជំរុញដល់រដ្ឋាភិបាលកម្ពុជា ត្រូវបើកការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពលើករណីឃាតកម្មទាំងនោះ៕