គណបក្សភ្លើងទៀន អំពាវនាវដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធនានា ពន្លឿនការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ ស្របទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដើម្បីធានាឱ្យការបោះឆ្នោតអសកលឆ្នាំ២០២៤ អាចប្រព្រឹត្តទៅដោយសេរី ស្មើភាព និងយុត្តិធម៌។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានលើកឡើងពីក្តីកង្វល់ និងការខកចិត្តរបស់ខ្លួន ចំពោះការរាំងស្ទះការងារក្នុងការផ្លាស់ប្តូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន។
គណបក្សនេះបន្តថា ការធ្វើឱ្យរាំងស្ទះក្នុងការផ្លាស់ប្តូរនេះ ហាក់ដូចជាចេតនារបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងការបំបាក់ស្មារតី អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន ដែលជាទង្វើបំពានដល់មាត្រា១៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងមិនស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។
ករណីនេះ គណបក្សភ្លើងទៀន ស្នើដោយទទូចឱ្យស្ថាប័នពាក់ព័ន្ធ និងក្រសួងមហាផ្ទៃ អនុវត្តការផ្លាស់ប្តូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ តាមសំណើរបស់គណបក្សឱ្យបានទាន់ពេលវេលា ដើម្បីធានាសិទ្ធិរបស់គណបក្សនយោបាយ ក្នុងការថែរក្សា និងការពារសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតអសកល ឆ្នាំ២០២៤ និងលទ្ធផលនៃការបោះឆ្នោតសកលនាពេលខាងមុខនេះ។
សេចក្តីថ្លែងការណ៍បានអំពាវនាវថា៖ «សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនានា និងក្រសួងមហាផ្ទៃ ពន្លឿនការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំសង្កាត់ ស្របទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីធានាឱ្យការបោះឆ្នោតអសកលឆ្នាំ២០២៤ នាពេលខាងមុខ អាចប្រព្រឹត្តទៅដោយសេរី ស្មើភាព និងយុត្តិធម៌»។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍ថា កន្លងមក គណបក្សបានស្នើផ្លាស់ប្តូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមបណ្តាឃុំសង្កាត់មួយចំនួន ដោយសារតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួន បានលាលែងចេញពីគណបក្ស សមាជិកខ្លះបានស្លាប់បាត់បង់ជីវិត និងសមាជិកមួយចំនួនទៀត ត្រូវបានគណបក្សបញ្ចប់សមាជិកភាពពីគណបក្ស។ ប៉ុន្តែលោកថា អាជ្ញាធរពាក់ព័ន្ធ និងក្រសួងមហាផ្ទៃ ហាក់មានភាពយឺតយ៉ាវក្នុងកិច្ចការងារនេះ ខណៈការស្នើដោះដូរនោះធ្វើឡើងតាំងពីដើមឆ្នាំ២០២៣ និងខ្លះទៀតនៅចុងឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា៖ «ការរាំងស្ទះដែលគណបក្សមិនអាចធ្វើការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតរបស់យើង គឺវាធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិរបស់គណបក្ស ក្នុងការរក្សា និងការពារសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនទី១។ ទី២ ប៉ះពាល់ដល់អង្គបោះឆ្នោត ពីព្រោះថាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតអសកលទាំង២ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ នាពេលខាងមុខ ហើយទី៣ប៉ះពាល់ទៅដល់លទ្ធផលនៃការបោះឆ្នោតអសកលតែម្តង»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក ទូច សុខៈ បានទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
ចំណែក អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានលើកឡើងថា ការផ្លាស់ប្តូរសមាសភាពនៃអង្គបោះឆ្នោតនោះ អាចធ្វើបានតែមួយករណីទេ គឺករណីមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទទួលមរណភាព ហើយការផ្លាស់ប្តូរក៏មានកំណត់ពេលវេលាយ៉ាងយូរបំផុត គឺមួយសប្តាហ៍មុនថ្ងៃបោះឆ្នោត។
លោកបានបន្ថែមថា៖ «បញ្ហារាំងស្ទះ[ការស្នើរសុំផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់] គឺដោយសារសាមីគណបក្សផ្ទាល់ដែលលោកមិនព្រមចាត់ចែងអ្វីៗទៅតាមពេលវេលា ប្រតិទិន ដែលបានប្រកាសតាំងពីប៉ុន្មានខែមុនរួចហើយ ដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ថា ការយឺតយ៉ាវក្នុងការផ្លាស់ប្តូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនយោបាយ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ នឹងប៉ះពាល់ដល់ដំណើរការនៃការរៀបចំការបោះឆ្នោត។ លោកចង់ឃើញការបោះឆ្នោតមួយប្រកបដោយតម្លាភាព និងយុត្តិធម៌។
លោកថា៖ «ទោះបីជាការបោះឆ្នោតអសកលក៏ដោយ ក៏អង្គបោះឆ្នោតចេញពីការបោះឆ្នោតរបស់ពលរដ្ឋ ជាពិសេសគឺក្រុមប្រឹក្សាឃុំសង្កាត់តែម្តង […]កាលណាការផ្លាស់ប្តូរនេះមានការយឺតយ៉ាវ ឬអូសបន្លាយ ហើយការបោះឆ្នោតព្រឹទ្ធសភាក៏ជិតមកដល់ដែរ អ៊ីចឹងវាមានផលប៉ះពាល់ដល់ការបោះឆ្នោតព្រឹទ្ធសភា»៕