គណបក្សភ្លើងទៀន អំពាវនាវដល់ក្រសួងមហាផ្ទៃ និង​អាជ្ញាធរពាក់ព័ន្ធនានា ពន្លឿនការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ ស្របទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដើម្បីធានាឱ្យការបោះឆ្នោតអសកលឆ្នាំ២០២៤ អាចប្រព្រឹត្តទៅដោយសេរី ស្មើភាព និងយុត្តិធម៌។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤ បានលើក​ឡើងពីក្តីកង្វល់ និងការខកចិត្តរបស់ខ្លួន ចំពោះ​ការរាំងស្ទះការងារ​​ក្នុងការផ្លាស់ប្តូរ ឬដោះដូរ​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតមកពីគណបក្ស​​ភ្លើងទៀន។

គណបក្សនេះបន្តថា​ ការធ្វើឱ្យរាំងស្ទះក្នុងការផ្លាស់ប្តូរនេះ ហាក់ដូចជាចេតនារបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងការបំបាក់ស្មារតី អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន ដែលជាទង្វើបំពានដល់មាត្រា១៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងមិន​ស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។

ករណីនេះ គណបក្សភ្លើងទៀន ស្នើដោយទទូចឱ្យស្ថាប័នពាក់ព័ន្ធ និងក្រសួងមហាផ្ទៃ អនុវត្តការផ្លាស់ប្តូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ តាមសំណើរបស់គណបក្សឱ្យបានទាន់ពេលវេលា ដើម្បីធានាសិទ្ធិរបស់​គណបក្សនយោបាយ ក្នុងការថែរក្សា និងការពារសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតអសកល ឆ្នាំ២០២៤ និងលទ្ធផល​នៃការបោះឆ្នោតសកលនាពេលខាងមុខនេះ។

សេចក្តីថ្លែងការណ៍បានអំពាវនាវថា៖ «សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនានា និងក្រសួងមហា​ផ្ទៃ ពន្លឿនការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំសង្កាត់ ស្របទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ និង​សេចក្តីណែនាំរបស់ក្រសួងមហា​ផ្ទៃ ដើម្បីធានា​ឱ្យការបោះឆ្នោត​អសកលឆ្នាំ២០២៤ នាពេលខាងមុខ អាចប្រព្រឹត្តទៅដោយសេរី ស្មើភាព និងយុត្តិធម៌»។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក​ លី សុធារ៉ាយុទ្ធ មានប្រសាសន៍​បន្ថែមលើសេចក្តីថ្លែង​ការណ៍ថា ​កន្លងមក គណបក្សបានស្នើ​ផ្លាស់ប្តូរ ឬដោះដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅតាមបណ្តាឃុំ​សង្កាត់​មួយចំនួន ដោយសារតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួន បានលាលែងចេញពីគណបក្ស ​សមាជិកខ្លះ​​​​បានស្លាប់បាត់បង់ជីវិត និង​សមាជិកមួយចំនួនទៀត​ ត្រូវបានគណបក្សបញ្ចប់សមាជិក​ភាព​​ពីគណបក្ស។ ប៉ុន្តែ​លោកថា អាជ្ញាធរ​ពាក់ព័ន្ធ និងក្រសួងមហាផ្ទៃ ហាក់​មាន​​ភាព​យឺតយ៉ាវក្នុងកិច្ចការងារនេះ ខណៈការស្នើដោះដូរនោះធ្វើឡើង​តាំងពីដើមឆ្នាំ២០២៣ និង​​ខ្លះ​ទៀត​នៅចុង​ឆ្នាំ២០២៣​។ 

លោកបានបញ្ជាក់​ថា៖ «ការ​រាំង​ស្ទះដែល​គណបក្សមិនអាចធ្វើការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតរបស់យើង គឺ​វា​ធ្វើឱ្យប៉ះពាល់​ទៅដល់សិទ្ធិរបស់គណបក្ស ក្នុងការរក្សា និងការពារសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនទី១។ ទី២ ប៉ះពាល់ដល់អង្គបោះឆ្នោត ពីព្រោះថាសមាជិកក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតអសកល​ទាំង២ គឺការបោះឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធ​សភា និង​ការជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ នាពេលខាងមុខ ហើយ​ទី៣ប៉ះពាល់ទៅដល់លទ្ធផលនៃការបោះឆ្នោតអសកលតែម្តង»។

គេហទំព័រ Newsroom Cambodia មិនអាច​​សុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី​អ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និងលោក ទូច សុខៈ បានទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។

ចំណែក អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត​ (គ.ជ.ប) លោក ហង្ស ពុទ្ធា បានលើកឡើង​ថា ការផ្លាស់ប្តូរសមាសភាពនៃអង្គបោះឆ្នោតនោះ អាចធ្វើ​បានតែមួយករណី​ទេ គឺ​ករណីមាន​សមា​ជិក​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ទទួលមរណភាព ហើយការផ្លាស់ប្តូរក៏មានកំណត់​ពេលវេលាយ៉ាងយូរបំផុត គឺមួយសប្តាហ៍មុនថ្ងៃបោះឆ្នោត។

លោកបានបន្ថែមថា៖ «​បញ្ហារាំងស្ទះ[ការស្នើរសុំផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់] គឺដោយសារសាមីគណបក្សផ្ទាល់ដែល​លោកមិនព្រមចាត់ចែងអ្វីៗទៅតាមពេលវេលា ប្រតិទិន​ ដែល​បានប្រកាសតាំងពីប៉ុន្មានខែមុន​រួចហើយ ដោយគណៈកម្មា​ធិការជាតិរៀបចំបោះឆ្នោត»។

នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ថា ការយឺតយ៉ាវក្នុងការ​ផ្លាស់ប្តូរ​ ឬដោះដូរសមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់គណបក្ស​នយោបាយ ពីសំណាក់​​​អាជ្ញាធរ​ពាក់ព័ន្ធ នឹងប៉ះពាល់ដល់ដំណើរការនៃការ​រៀបចំ​ការ​​បោះឆ្នោត​។ លោក​​ចង់ឃើញ​ការបោះឆ្នោតមួយប្រកបដោយតម្លាភាព និងយុត្តិធម៌។

លោកថា៖ «ទោះបីជាការបោះឆ្នោតអសកលក៏ដោយ ក៏អង្គបោះឆ្នោតចេញពីការបោះឆ្នោតរបស់ពលរដ្ឋ ជាពិសេសគឺក្រុមប្រឹក្សាឃុំសង្កាត់តែម្តង […]កាលណាការផ្លាស់ប្តូរនេះមានការយឺតយ៉ាវ ឬអូសបន្លាយ ហើយការបោះឆ្នោតព្រឹទ្ធសភាក៏ជិតមកដល់ដែរ អ៊ីចឹងវាមានផលប៉ះពាល់ដល់ការបោះឆ្នោតព្រឹទ្ធសភា»៕