រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បង្ហាញការព្រួយបារម្ភថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២៤នេះ អាចឈានចូលបន្ទាត់ក្រហម បើមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្ការ និងទប់ស្កាត់។
ការថ្លែងដូចនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
លោក ស សុខា បានទាញចំណាប់អារម្មណ៍ក្នុងអង្គសន្និបាតនោះ អំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។
ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ រដ្ឋមន្ត្រីរូបនេះ បានព្យាករជាមុនថា ប្រសិនបើនៅឆ្នាំនេះ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះទេ អត្រាអ្នកស្លាប់នឹងបន្តកើនឡើងលើសពីចំនួន ២ ០០០នាក់ក្នុងមួយឆ្នាំ ពុំខានឡើយ។
ករណីនេះ លោកបានជំរុញអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងឃុំសង្កាត់ ប្រជាពលរដ្ឋ និងស្ថាប័នសាធារណៈ បង្កើនការយកចិត្តទុកដាក់រឹតបន្តឹងការអនុវត្តច្បាប់ និងចូលរួមជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក ឱ្យបានខ្ជាប់ខ្ជួន។
អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ហ៊ឹម យ៉ាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាមួយ ក្នុងចំណោមបញ្ហាគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា ជំងឺអេដស៏ និងបញ្ហាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម ហើយបើប្រៀបធៀបជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់ កម្ពុជាស្ថិតនៅកម្រិតខ្ពស់ជាងគេ។
លោកថា៖«គ្រោះថ្នាក់សង្គមនានា គេចប់អស់ហើយ ដូចជា អេដស៍ មីន អីជាដើមហ្នឹង។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍សម្រាប់ប្រទេសយើងនេះ នៅមានកម្រិតខ្ពស់ជាងគេនៅឡើយ បើប្រៀបធៀបជាមួយប្រទេសគេ យើងក៏នៅកម្រិតច្រើនដែរ»។
លោកបានថ្លែងថា ៩០ភាគរយនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងដោយសារកត្តាមនុស្ស ដែលមនុស្សមិនបានគោរពច្បាប់ចរាចរណ៍បានជាប់លាប់ ខណៈ១០ភាគរយទៀត គឺបណ្តាលមកពីកត្តាគួបផ្សំ រួមមាន កត្តាយានយន្ត កត្តាផ្លូវ និងកត្តាអាកាសធាតុជាដើម។
លោកថា៖«ភាគច្រើនកើតឡើងដោយសារការមិនគោរពច្បាប់ ដែលរួមមានការបើកបរហួសល្បឿនកំណត់ ដែលមានច្រើនជាង ៣០ភាគរយ ហើយបន្ទាប់មកទៀតគឺការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ទោះផ្លូវមានរបាំងពុះចែកទ្រូវផ្លូវ ក៏នៅតែមានអ្នកជិះបញ្ច្រាសទិស។ អ្វីដែលសំខាន់នោះ គឺគ្រឿងស្រវឹង ទោះបីមានកម្រិតតិចជាងគេ តែវាមានផលប៉ះពាល់ខ្លាំង»។
លោក ហ៊ឹម យ៉ាន បានបញ្ជាក់បន្ថែមថា វិធានការដែលមានប្រសិទ្ធិភាពនោះ គឺការរឹតបន្តឹងនិងអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ រួមផ្សំនឹងវិធានការបង្ការ ការពិន័យទៅតាមច្បាប់ទៅលើអ្នកដែលបើកបរមិនត្រឹមត្រូវ និងត្រូវដាក់ទោសទណ្ឌដល់អ្នកបង្ក ដោយមិនអាចឱ្យជនណាម្នាក់រួចខ្លួនពីការទទួលទោសតាមផ្លូវច្បាប់នោះទេ។
លោកថា៖«មុនគេ គឺរឹតបន្តឹងច្បាប់ មិនទាន់ឱ្យមានជាបទល្មើសទេ យើងពិន័យជាមុនដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់កើតឡើងបាន […] ហើយត្រូវដាក់ទោសទណ្ឌដល់អ្នកបង្កឱ្យបានម៉ឹងម៉ាត់ទៅតាមច្បាប់ ច្បាប់របស់យើងបានចែងហើយ បុកគេស្លាប់ ត្រូវទទួលទោសប៉ុន្មានឆ្នាំ របួសត្រូវទទួលទោសប៉ុន្មាន ពិន័យជាប្រាក់ ពិន័យរដ្ឋប្បវេណី និងសំណងទៅជនរងគ្រោះ គួបផ្សំជាមួយការដកសិទ្ធិបើកបរជាដើមហ្នឹង»។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) លោក គីម បញ្ញា បង្ហាញក្តីបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណៈលោកសង្កេតឃើញករណីគ្រោះថ្នាក់កើតឡើងនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះមានចំនួនច្រើន និងកើងឡើងក្នុងរូបភាពធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សជាច្រើននាក់។
លោកថា៖«វាទាក់ទងនឹងបម្រែបម្រួលនៃឥរិយាបថរបស់ប្រជាពលរដ្ឋ ទាក់ទងជាមួយនឹងការបង្កគ្រោះថ្នាក់ហ្នឹង […] កាលពីមុនមក គ្រោះថ្នាក់ភាគច្រើនកើតឡើងនៅពេលថ្ងៃ តែក្រោយមកនេះ ភាគច្រើនកើតឡើងនៅពេលយប់ដែលភាគច្រើនទាក់ទងនឹងគ្រឿងស្រវឹង និងការបើកបរហួសល្បឿនកំណត់»។
លោក គឹម បញ្ញា ក៏បានជំរុញឱ្យមានការអនុវត្តច្បាប់តឹងរឹងទាំងចំពោះអ្នកបើកបរ និងមន្ត្រីនគរបាលចរាចរណ៍ ប្រកបដោយភាពស្មើគ្នា និងតម្លាភាព ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពសម្រាប់អ្នកបើកបរនៅតាមដងផ្លូវ និងកាត់បន្ថយចំនួនអ្នករងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកបន្ថែមថា៖«គួរតែមានការរៀបចំផ្លូវឱ្យមានភាពល្អប្រសើរ ដោយមានស្លាកសញ្ញាច្បាស់លាស់ មានរនាំងពុះចែកទ្រូងផ្លូវ […] និងបន្តការផ្សព្វផ្សាយបណ្តុះបណ្តាលទៅដល់សាធារណជន ជាពិសេសសិស្សានុសិស្ស កម្មករ កម្មការិនីរោងចក្រ ដើម្បីឱ្យពួគគាត់ប្រកាន់ខ្ជាប់នូវការគោរពច្បាប់ ជាពិសេសក្មេងៗ គួរតែបង្ហាត់ពួកគាត់តាំងពីថ្នាក់បឋមសិក្សាឡើងទៅ ទើបវាដុះជាទម្លាប់នៃការគោរពច្បាប់ និងការប្រុងប្រយ័ត្នផ្ទាល់ខ្លួនរបស់ពួកគាត់»។
របាយការណ៍របស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅឆ្នាំ២០២៣ មានចំនួន ៤ ៥១៥ករណី ដែលអត្រានេះមានការកើនឡើងជាងឆ្នាំ២០២២ ដែលមានត្រឹមតែ ៤ ០២៦ករណី។ ចំណែក អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ មានចំនួន ១ ៥៩០នាក់ មានការថយចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមាន ចំនួន ១ ៧០៩នាក់៕