រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បង្ហាញការព្រួយបារម្ភថា​ បញ្ហាគ្រោះថ្នាក់ចរា​ចរណ៍​នៅ​ឆ្នាំ​២០២៤នេះ អាចឈានចូលបន្ទាត់ក្រហម បើមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្ការ និងទប់ស្កាត់។​

ការថ្លែងដូចនេះ ធ្វើឡើងនៅក្នុង​ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើក​ទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កន្លង​ទៅ។

លោក ស សុខា បានទាញចំណាប់​អារម្មណ៍ក្នុង​អង្គសន្និបាតនោះ​ អំពីកំណើនគ្រោះថ្នាក់ចរាចរណ៍​នៅក្នុងប្រទេសកម្ពុជា ដោយ​បានចាត់ទុកឆ្នាំ២០២៤ នេះថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។

ផ្អែកលើ​តួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ រដ្ឋមន្ត្រីរូបនេះ បានព្យាករជាមុនថា ប្រសិនបើនៅឆ្នាំ​នេះ គ្រប់ភាគីពាក់ព័ន្ធមិនបាន​បង្កើនសកម្មភាព ជាពិសេសការ​គោរព និង​អនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះទេ អត្រាអ្នកស្លាប់​នឹង​បន្តកើនឡើង​លើស​ពី​ចំនួន ២ ០០០នាក់​ក្នុងមួយឆ្នាំ​ ពុំខានឡើយ។

ករណីនេះ លោក​បានជំរុញអគ្គស្នងការដ្ឋាន​នគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ និងឃុំ​​សង្កាត់ ប្រជាពលរដ្ឋ និងស្ថាប័នសាធារណៈ ​បង្កើនការយកចិត្តទុកដាក់រឹតបន្តឹង​ការ​អនុវត្តច្បាប់ និង​​​ចូលរួមជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់​ចរាចរណ៍ផ្លូវ គោក ឱ្យបានខ្ជាប់ខ្ជួន។

អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាន​​នគរបាលជាតិ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ហ៊ឹម​ យ៉ាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាមួយ​ ក្នុងចំណោមបញ្ហាគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា ជំងឺអេដស៏ និងបញ្ហាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ជាដើម ហើយបើប្រៀបធៀបជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់ កម្ពុជា​ស្ថិតនៅ​កម្រិត​ខ្ពស់​ជាង​គេ។​

លោកថា៖«គ្រោះថ្នាក់សង្គមនានា​ គេចប់អស់ហើយ ដូចជា អេដស៍ មីន អីជាដើម​ហ្នឹង។​ ប៉ុន្តែគ្រោះថ្នាក់ចរា​ចរណ៍សម្រាប់ប្រទេសយើងនេះ នៅមានកម្រិតខ្ពស់ជាងគេនៅឡើយ បើប្រៀបធៀបជាមួយប្រទេសគេ យើងក៏នៅកម្រិតច្រើនដែរ»។ 

លោកបានថ្លែងថា​ ៩០ភាគរយនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងដោយសារកត្តាមនុស្ស​ ដែលមនុស្ស​មិនបានគោរពច្បាប់ចរាចរណ៍បានជាប់លាប់ ខណៈ១០ភាគរយទៀត គឺបណ្តាលមកពីកត្តាគួបផ្សំ រួមមាន កត្តា​យានយន្ត​ កត្តា​​ផ្លូវ និងកត្តាអាកាសធាតុជាដើម។​

លោកថា៖«ភាគច្រើនកើតឡើងដោយសារការមិនគោរពច្បាប់ ដែលរួមមានការបើកបរហួសល្បឿនកំណត់ ដែលមាន​ច្រើនជាង ៣០ភាគរយ ហើយបន្ទាប់មកទៀតគឺការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ទោះផ្លូវមាន​របាំងពុះចែកទ្រូវផ្លូវ ក៏នៅតែមានអ្នកជិះបញ្ច្រាសទិស។ អ្វីដែលសំខាន់នោះ គឺគ្រឿងស្រវឹង ទោះបីមានកម្រិតតិចជាងគេ តែវាមានផលប៉ះពាល់ខ្លាំង»។

លោក ហ៊ឹម យ៉ាន បានបញ្ជាក់បន្ថែមថា វិធានការដែលមានប្រសិទ្ធិភាពនោះ គឺការរឹតបន្តឹងនិង​អនុវត្តច្បាប់ឱ្យ​បាន​ម៉ឹងម៉ាត់​ រួមផ្សំនឹង​វិធានការបង្ការ ការ​ពិន័យទៅតាមច្បាប់ទៅលើ​អ្នក​ដែល​បើកបរមិនត្រឹមត្រូវ និងត្រូវដាក់ទោសទណ្ឌដល់អ្នកបង្ក ដោយ​មិនអាចឱ្យ​​ជនណា​ម្នាក់​រួច​ខ្លួន​ពីការ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។​

លោក​ថា៖«មុនគេ​ គឺរឹតបន្តឹងច្បាប់ មិនទាន់ឱ្យ​មានជាបទល្មើសទេ យើងពិន័យជាមុនដើម្បីបង្ការកុំឱ្យ​មាន​គ្រោះថ្នាក់​កើត​ឡើង​បាន​​​​ […] ហើយត្រូវដាក់ទោសទណ្ឌដល់អ្នកបង្កឱ្យ​បានម៉ឹង​ម៉ាត់​ទៅ​តាមច្បាប់​ ច្បាប់របស់យើងបានចែង​ហើយ បុកគេស្លាប់ ត្រូវទទួលទោសប៉ុន្មានឆ្នាំ របួសត្រូវទទួលទោសប៉ុន្មាន ពិន័យជាប្រាក់ ពិន័យរដ្ឋប្បវេណី និងសំណងទៅជនរងគ្រោះ គួបផ្សំជាមួយការដកសិទ្ធិបើកបរជាដើមហ្នឹង»។

នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) លោក គីម បញ្ញា បង្ហាញក្តីបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណៈលោកសង្កេតឃើញ​ករណីគ្រោះថ្នាក់កើតឡើង​​នៅ​ចុង​ឆ្នាំ២០២៣ និង​ដើមឆ្នាំ២០២៤នេះមាន​ចំនួន​ច្រើន និងកើងឡើង​ក្នុងរូបភាពធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្ស​ជាច្រើននាក់​។

លោកថា៖«វាទាក់ទងនឹងបម្រែបម្រួលនៃឥរិយាបថរបស់ប្រជាពលរដ្ឋ ទាក់ទងជាមួយនឹងការបង្កគ្រោះថ្នាក់ហ្នឹង […] កាលពីមុនមក គ្រោះថ្នាក់ភាគច្រើនកើតឡើងនៅពេលថ្ងៃ តែក្រោយមកនេះ ភាគច្រើនកើតឡើងនៅពេលយប់ដែល​ភាគច្រើនទាក់ទងនឹងគ្រឿងស្រវឹង និងការបើកបរហួសល្បឿនកំណត់»។​

លោក គឹម បញ្ញា ក៏បានជំរុញ​ឱ្យមានការអនុវត្តច្បាប់តឹងរឹងទាំងចំពោះ​អ្នកបើកបរ និងមន្ត្រីនគរបាលចរាចរណ៍ ប្រកបដោយ​ភាពស្មើគ្នា និងតម្លាភាព ដើម្បីធានាឱ្យ​បាននូវសុខសុវត្ថិភាព​សម្រាប់អ្នកបើកបរនៅតាមដងផ្លូវ និងកាត់បន្ថយចំនួនអ្នករងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកបន្ថែមថា៖«គួរតែមានការរៀបចំផ្លូវឱ្យ​មានភាពល្អប្រសើរ ដោយមានស្លាកសញ្ញាច្បាស់លាស់ មានរនាំងពុះ​ចែកទ្រូងផ្លូវ […] និងបន្តការផ្សព្វផ្សាយបណ្តុះបណ្តាលទៅដល់សាធារណជន ​ជាពិសេសសិស្សានុសិស្ស​ កម្មករ កម្មការិនីរោងចក្រ ដើម្បីឱ្យ​ពួគគាត់ប្រកាន់ខ្ជាប់​នូវការគោរពច្បាប់ ជាពិសេសក្មេងៗ គួរតែបង្ហាត់ពួកគាត់តាំងពីថ្នាក់បឋម​សិក្សាឡើងទៅ ទើបវាដុះជាទម្លាប់នៃការគោរពច្បាប់ និងការប្រុងប្រយ័ត្នផ្ទាល់ខ្លួនរបស់ពួកគាត់»។

របាយការណ៍របស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង​​​​នៅឆ្នាំ២០២៣ មានចំនួន​ ៤ ៥១៥ករណី ដែលអត្រានេះមានការ​កើនឡើង​​ជាងឆ្នាំ២០២២ ដែល​​មាន​ត្រឹម​តែ ៤ ០២៦​ករណី។ ចំណែក អត្រា​​អ្នកស្លាប់​ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ មាន​ចំនួន ១ ៥៩០នាក់ មានការថយចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមាន​ ចំនួន ១ ៧០៩នាក់៕