សហជីព និងកម្មករមួយចំនួន ស្នើដល់ក្រសួងការងារ និងភាគីរោង​ចក្រ រៀបចំឱ្យ​មាន​​គណៈ​​កម្មការ​ផ្នែក​សុខភាព និងសុវត្ថិភាព នៅតាមបណ្តារោង​ចក្រសហគ្រាសនានា ដើម្បី​បង្ការគ្រោះអគ្គិភ័យ និងធានាសុវត្ថិភាពទៅដល់កម្មករ ខណៈពួកគេ​មើលឃើញ​ថា ការអនុវត្តស្ដង់ដាបង្ការ​អគ្គិភ័យនៅតាមរោងចក្រនៅមានកម្រិត។

ការស្នើនេះ បាន​ធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាព​ការងាររបស់កម្មករនិយោជិត​នៅតាមសហគ្រាស គ្រឹះស្ថានកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ ក្នុងសេចក្ដីណែនាំនោះ ក្រសួង​បានណែនាំឱ្យ​បង្កើន​​ការ​ត្រួត​ពិនិត្យ​ជាប្រចាំនូវបណ្ដាញផ្ដល់អគ្គីសនី បណ្ដុះបណ្ដាលកម្មករ​ពីសញ្ញាសុវត្ថិភាព និងការជម្លៀសខ្លួន ព្រមទាំងការ​ត្រួតពិនិត្យមធ្យោបាយសង្គ្រោះបឋម និងពិនិត្យច្រកចេញអាសន្នជាដើម។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) លោក គង់ អាទិត្យ ស្វាគមន៍ចំពោះការណែនាំរបស់ក្រសួង ប៉ុន្តែលោកបានស្នើបន្ថែម​ឱ្យ​មានការ​បង្កើត​គណៈកម្មការ​សុខភាព និងសុវត្ថិភាពបន្ថែម​​នៅ​គ្រប់​រោងចក្រ ដើម្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពនៅក្នុង​​រោងចក្រជាប្រចាំ។

លោកបន្ត​ថា៖«ហើយគណៈកម្មការនោះ គឺត្រូវជាគណៈកម្មការដែលមានរួមទាំងថៅកែ កម្មករនៅក្នុងហ្នឹង ហើយ​​សហជីព​​ ដើម្បីតាមដានជាប្រចាំ ហើយសមាជិកក្នុងគណៈកម្មការហ្នឹងត្រូវមានសមត្ថភាព និង​ត្រូវមានការបណ្ដុះបណ្ដាលពីក្រសួង បណ្ដុះបណ្ដាលពីរោងចក្រ ឬក៏បណ្ដុះបណ្ដាលពីណាផ្សេងៗ អ្នកជំនាញផ្សេងៗដើម្បីឱ្យ​គាត់គ្រប់គ្រងកា​រងារហ្នឹងជាប្រចាំ»។

បើតាមការសង្កេត​របស់​លោក គង់ អាទិត្យ កន្លងមក នៅតាមរោងចក្រមិនមានការអនុវត្តវិធានសុវត្ថិភាពបានត្រឹមត្រូវទេ ដោយអ្នកគ្រប់​គ្រង​ផ្នែក​ផលិត​ក្នុងរោងចក្រ ពេលខ្លះរំលងជំហានសុវត្ថិភាព ដើម្បីមានពេលផលិតទំនិញបានលឿន។ ជាមួយគ្នានេះ លោកក៏បានជំរុញទៅ​ក្រសួងការងារ ត្រូវពិនិត្យមើលចំណុចហានិភ័យ និងដាក់អាទិភាពអនុវត្តវិធាន​សុវត្ថិភាព​ឱ្យបានតឹងរឹង​ ទាំង​ចំពោះនិយោជក និងកម្មករ។

លោកថ្លែងថា៖«យើងស្ដាប់សំឡេងតែពីខាងរោងចក្រមួយចំហៀងក៏អត់ល្អដែរ។ រោងចក្រពេលខ្លះទៅ ប្រធានផ្នែក​ប្រធានក្រុមយើងហ្នឹងគាត់ចង់បានឥវ៉ាន់លឿន គាត់ចង់ខ្ជិលក៏ខ្ជិលដើរតាមអាជំហ៊ានសុវត្ថិភាពហ្នឹង គាត់ទុកគីមី​ផ្ដេសផ្ដាស គាត់ទុក​ប្រដាប់ការពារប្រព័ន្ធភ្លើង​ផ្ដេសផ្ដាស ចេះតែទុកទៅ អាង​ថាមិនអីទេ មិនអីទេអ៊ីចឹងទៅ។ អត់ទេអាហ្នឹងត្រូវតែច្បាស់លាស់ ហើយត្រូវតែមានគណៈកម្មការហ្នឹងច្បាស់លាស់នៅនឹងមូលដ្ឋានហ្នឹង»។

ប្រធានសហព័ន្ធសហជីពឯករាជ្យ (INTUFE) លោក រី សិទ្ធីណែត ក៏បាន​ស្វាគមន៍ចំពោះការណែនាំបង្ការអគ្គិភ័យរបស់ក្រសួងការងារ ប៉ុន្តែលោកចង់ឱ្យក្រសួងចុះបណ្ដុះបណ្ដាល​កម្មករឱ្យទៀងទាត់ និងជំរុញឱ្យខាងរោង​ចក្រអនុវត្ត​វិធានការសុវត្ថិភាពបន្ថែមទៀត​ ដូចជា ការដាក់ឧបករណ៍វាស់កម្តៅ និងតាមដានជាប្រចាំ។ លោកបន្តថា កន្លងមក ក្រសួងមានភាពយឺតយ៉ាវក្នុងការណែនាំ ដោយកើតមានបញ្ហាហើយ ទើបណែនាំតាមក្រោយ។

លោកថ្លែងថា៖«ចៀសវាងកន្លងមកយើងឃើញហើយ​ ភាគច្រើនទាល់តែមានការសន្លប់កម្មករ បានក្រសួងចេញសេចក្ដីណែនាំស្ដីពីការឡើងកម្ដៅ និងការបម្រែបម្រួលអាកាសធាតុ ដល់​ពេលរោងចក្រឆេះហើយ បានគាត់ចាប់ផ្ដើមណែនាំ​។ តាមពិតជាកស្ដែងក្រសួងការងារ គួរតែបណ្ដុះបណ្ដាលកម្មករ ឬក៏បង្រៀនកម្មករពីការជម្លៀសខ្លួននៅពេលមាន​អគ្គិភ័យហ្នឹង​មុនពេលហ្នឹងទៀតបានត្រឹមត្រូវ»។

ចំណែក ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ(FUFI) លោក សយ ចន្ធូ ក៏បាន​គាំទ្រ​ឱ្យបង្កើតគណៈកម្មការសុខភាព និង​​សុវត្ថិភាព​នៅគ្រប់រោងចក្រ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត​ ដូចករណីគ្រោះអគ្គិភ័យនៅរោង​ចក្រយីកា នៅ​ខេត្តកណ្តាល ដែលបណ្តាលឱ្យ​កម្មការិនីម្នាក់ស្លាប់។ លោក ក៏បាន​ស្នើឱ្យអនុវត្តយន្ដការសុវត្ថិភាពនៅតាម​រោង​ចក្រ​ទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ដោយដាក់ពិន័យរោងចក្រណាដែលមិនគោរពគោលការណ៍សុវត្ថិភាព។

លោកថា៖«សុំឱ្យមានយន្តការដើរទូទាំងប្រទេស។ យើងសំណូមពរខាងក្រសួង ជាពិសេសក្រសួងការងារធ្វើម៉េចជំរុញ​ឱ្យមានយន្តការហ្នឹង[យន្តការសុវត្ថិភាព]គ្រប់រោងចក្រ ហើយអនុវត្តកុំឱ្យមានតែយន្តការ។ បើរោងចក្រណាមួយគាត់អត់គោរពអត់អី គឺអាចផាកជា​ពិន័យ ឬក៏ដាក់ទណ្ឌកម្មដើម្បីឱ្យគាត់គោរព​ ដើម្បីសុវត្ថិភាពរបស់កម្មករ​ខ្មែរ​យើង»។

លោក ឈន ចាន់ ជាតំណាងកម្មករនៅរោងចក្រកាត់ដេរបូវឃើរ(Bowker) បានប្រាប់ Newsroom Cambodia ថា ការចេញសេចក្ដីណែនាំពីការបង្ការអគ្គិភ័យរបស់ក្រសួងការងារជារឿងល្អ ក៏ប៉ុន្តែលោកបារម្ភថាគ្មានការអនុវត្តត្រឹមត្រូវ។

លោកថា៖«ក្រសួងគាត់ចេញវាល្អហើយ ឱ្យយើងមានការប្រុងប្រយ័ត្ន មានការជម្លៀស​មានអីវាល្អ។ ខ្លាចតែតាមរោងចក្រ បណ្ដារោងចក្រមួយចំនួនតូច គាត់អត់សូវខ្វល់ពីបញ្ហាអស់ហ្នឹងទេ ទាល់តែមានរឿងកើតបានគាត់ចាប់ផ្ដើមស្វះស្វែង តែបើឱ្យអនុវត្តវិញវាអត់សូវខ្វាយ​ខ្វល់»។

ជុំវិញការស្នើនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានចោទជា​សំណួរទៅ​វិញ​ថា តើរោងចក្រដែលមានគណៈកម្មការសុខភាព និង​​សុវត្ថិភាពនោះ អាចធានាបានទេថានឹង​មិនមានគ្រោះ​អគ្គិភ័យ?។ លោក​បន្តថា ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ នឹងប្រជុំដើម្បីដាក់គោលការណ៍រួមក្នុងការបង្ការគ្រោះ​អគ្គិភ័យ​នៅរោងចក្រ ក្នុងសប្តាហ៍នេះ។

លោកថា៖«នៅថ្ងៃទី២៥[ខែមករា ឆ្នាំ២០២៤]នេះ យើងនឹងជជែកគ្នាដើម្បីចេញគោលការណ៍រួមមួយ ធ្វើយ៉ាងណា​ឱ្យការងារការទប់ស្កាត់អគ្គិភ័យហ្នឹង ឱ្យចេញជាគោលការណ៍​រួម​ ហើយជាស្ដង់ដារមួយ ហើយយើងធ្វើអ្វីទុក​ជា​មុន​តែម្ដង ទើបវាមានប្រសិទ្ធភាព ចៀសវាងអគ្គិភ័យកើតឡើងហើយយើងរកដំណោះស្រាយ»។

ចំណែក ​លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា យល់ថា វាជារឿងល្អក្នុង​ការបង្កើត​គណៈ​កម្មការសុខភាព និង​សុវត្ថិភាពនៅគ្រប់រោង​ចក្រ ទោះជាលោកគិតថា គណៈកម្មការនេះមិនអាចធានាកុំឱ្យមានបញ្ហាអគ្គិភ័យក៏ដោយ។

លោកថា៖«ល្អណាស់អាហ្នឹងជាព័ត៌មានល្អ! គណៈកម្មការមានអីយើងស្វាគមន៍ដែរ ហើយគណៈកម្មការគួរតែកើតឡើង មានន័យថា គួរតែមានទាំងកម្មករ ទាំងសហជីព ទាំងភាគីបុគ្គលិក ទាំង management [អ្នកគ្រប់​គ្រង​]​នៅ​តាម​រោងចក្រ[…] ទោះបីជាមានគណៈ​កម្មការ ក៏អត់អាចធានាថាអត់មានកើតឡើងបញ្ហាអគ្គិ​ភ័យឆាប​ឆេះទេ យល់ទេ?»។

គួរបញ្ជាក់ថា ការដាក់ចេញនូវសេចក្តីណែនាំនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងការ​ស្នើ​របស់សហជីពជាបន្តបន្ទាប់នេះ បានធ្វើឡើងក្រោយពីមានករណីគ្រោះអគ្គិភ័យមួយ​ ឆាបឆេះឃ្លាំង​ស្តុកទុក និងចែកចាយសារធាតុគីមីសម្រាប់បោកគក់ ​នៅរោងចក្រកាត់ដេរយីដា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យកម្មការិនីម្នាក់ឈ្មោះ សុខ ឆវី អាយុ ៣៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងមនុស្ស​ ២០នាក់ទៀតបានរងរបួស៕