កម្ពុជារកឃើញជំងឺ«អុតស្វា»មួយករណីថ្មីបន្ថែមទៀត ខណៈក្រសួងសុខាភិបាលបន្តក្រើនរំលឹកឱ្យប្រ​​ជា​ពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ទុកដាក់ និងការពារឱ្យខ្ពស់។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២៤ មករា នេះថា មានករណីជំ​​ងឺ​អុតស្វាមួយករណីបន្ថែមទៀតលើបុរសម្នាក់ដែលពេលនេះ​អ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាលដាច់ដោ​​យឡែកនៅក្នុងមន្ទីរពេទ្យ។ 

ប្រភពបន្តថា ផ្អែកលើលទ្ធផល ដែលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វាចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែ​​ល​​បានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ។ដូច្នេះការរកឃើញថ្មីទៀតនេះ បានធ្វើឱ្យជំងឺអុតស្វានេះ​​បន្ត​​កើ​​ន​​​​ឡើ​​​​ងចំនួន ៤ករណី។ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏អំពាវនាវក្រើនរំលឹកឱ្យពលរដ្ឋ ត្រូវយកចិត្ត​​ទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា ដោយស្វែងយល់ពីរបៀបឆ្លង និងត្រូ​​វអនុវត្តនូវវិធានការបង្ការនានា។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជាវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពទូទៅ និងសុខភាពសាធារណៈ បានឲ្យដឹងថា ជំងឺអុតស្វា ជាជំងឺបង្កដោយវីរុសដែលកើតមកពីសត្វស្វា កណ្តុរ ប្រចៀវ និងកំប្រុកជាដើម ហើ​​យ​​វាជាជំងឺកម្រនៅក្នុងប្រទេសកម្ពុជា។​​

លោកបន្តថា ជំងឺប្រភេទនេះងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់រប​​ស់​​រួមគ្នា និងសកម្មភាពនានាដែលទាក់ទងនឹងការប៉ះពាល់ ហើយលោកបានជម្រុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ ការពារ និងថែរក្សាខ្លួន។​

លោកបន្តថា៖​«វាជាជំងឺកម្រមែនទែននៅក្នុងប្រទេសកម្ពុជា ដែលវាកើតរមាស់ដុំៗពេញខ្លួន ហើយវាឆ្លងដោយទឹករងៃ ការរួមភេទ […]អ៊ីចឹងយើងគួរតែមានការយកចិត្តទុកដាក់ ពាក់ម៉ាស លាងដៃជាមួយសាប៊ូ និងរក្សាគម្លាតជាមួតមនុស្សដទៃ។យើងមិនចង់ឲ្យវាកើតឡើងច្រើនទេនៅស្រុកខ្មែរយើង ដោ​​សារតែវារាលដាលលឿន »

បើតាមលោក វេជ្ជបណ្ឌិត គួច ម៉េងលី អាការៈនៃជំងឺអុតស្វានេះ ស្រដៀងទៅនឹងគ្រុនផ្ដាសាយធំដូចគ្នាដែរ ដែលមានសភាពក្តៅរងារស្រៀវស្រាញ អស់កម្លាំង ឈឺសន្លាក់ដៃសន្លាក់ជើង និងមានកន្ទួលរមា​​ស់​ជាដើម។​ដោយឡែក ជំងឺអុតស្វានេះ គឺមិនមានថ្នាំព្យាបាលជាក់លាក់នៅឡើយទេ គឺមានតែវិធីសាស្ត្រព្យាបាលបឋមចំពោះអ្នកដែលកើត និងឆ្លងជំងឺប្រភេទនេះ។​

លោកបន្តថា៖ «ជំងឺហ្នឹង វាធ្វើឲ្យយើងឈឺសាច់ដុំ ឈឺឆ្អឹង ឈឺឆ្អែង មានសីតុណ្ណភាពខ្ពស់ អស់កម្លាំង និងពិសេសជាងគេនោះ មានកន្ទួលរមាស់ ដែលបន្សល់សន្លាកចន្លោះពី៦ខែ ទៅ១ឆ្នាំ​[…]ជំងឺអុតស្វានេះ មិនមានថ្នាំព្យាបាលច្បាស់លាស់ទេ គឺគេធ្វើការព្យាបាលបឋម ដើម្បីព្យាបាលមុខសញ្ញាដែលកើតមានឡើងប៉ុណ្ណោះ ដូចជាព្យាបាលផ្ដាសាយធំអ៊ីចឹង»

របាយការណ៍សិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ដែលចេញកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២​​០​២២រកឃើញថាមនុស្សភាគច្រើនអាចជាសះស្បើយពីជំងឺប្រភេទនេះដោយមិនចាំបាច់ព្យាបាលទេ។ ប៉ុន្តែក្នុងករណីខ្លះ ពួកគេអាចធ្លាក់ខ្លួនឈឺធ្ងន់ ហើយជំងឺនេះត្រូវគេហៅថា ជាជំងឺអុតស្វា ព្រោះវាត្រូវបា​​ន​រកឃើញដំបូងលើសត្វស្វា។ 

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​សុខភាព​ពិភពលោក​បានប្រកាសចាត់​ទុក​ជំងឺ​អុតស្វា ​ជា​ភាព​អាសន្ន​ពិភពលោក​ ដែល​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​សាធារណៈ ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប។

ដោយឡែក របាយការណ៍ចុងក្រោយដែលចេញដោយគេ​​ហ​​ទំ​​ព័រដែលមានឈ្មោះថា«មជ្ឈមណ្ឌលគ្រប់​​គ្រង និងបង្ការជំងឺ (Centers for Disease Control and Prevention) » កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២​​០​​២៣ បង្ហាញថាករណីវិជ្ជមានសរុបនៃជំងឺអុតស្វាមានសរុបជាង៩ម៉ឺនករណី (​៩២​ ៥៤៦) និងស្លាប់ស​​រុបចំនួន ១៧០នាក់ ក្នុង​ចំណោម១១៧ប្រទេសនៅលើសកលលោក៕

គួរបញ្ជាក់ផងដែរថា ករណីដំបូងនៃជំងឺអុតស្វានៅកម្ពុជាបានកើតឡើងទៅលើបុរសអាយុ២៨ឆ្នាំម្នាក់ ស្នាក់នៅភូមិពពែ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ធ្នូ ២០២៣។

ក្រោយមកទៀត មានករណីចំនួន២បន្ថែមទៀតដែលបានកើតឡើងមកលើប្រជាពលរដ្ឋកម្ពុជា​ កាលពីថ្ងៃទី០៣ មករា ថ្មីៗនេះ និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ការព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែក្រសួងមិនបានបញ្ចេញអត្តសញ្ញាណអ្នកជំងឺនោះទេ។

នេះបើតាមក្រសួងសុខាភិបាលកម្ពុជា​បានឲ្យដឹងថា វីរុសអុតស្វាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមទម្រង់ និងរូបភាពផ្សេងៗគ្នា ដែលអាចឆ្លងតាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស។

វីរុសនេះ ក៏អាចចម្លងតារយៈម្តាយ ទៅដល់កូនក្នុងផ្ទៃផងដែរ ដោយឆ្លងតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអុតស្វា។