លោកនាយរដ្ឋមន្រ្តី បានកំណត់ឱ្យអគ្គស្នងការនគរបាលជាតិ ពង្រឹងការពិនិត្យជាតិអាល់កុលបន្ថែមទៀត នៅតាមដងផ្លូវ និងបញ្ឈប់ការយកមនុស្ស ឬតម្រូវឱ្យពិធីករ-ពិធីការិនីទៅគាស់ស្រាបៀរលើឆាកប្រគុំតន្រ្តី។
ការថ្លែងដូចនេះនេះរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាចរាចរណ៍ដែលបានកើតឡើងដោយសារគ្រឿងស្រវឹងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះជារឿងដែលមិនគួរកើតមានទេជាក់ស្តែងដូចករណីដែលបានបុកមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នៅស្ពានឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោយសារតែគ្រឿងស្រវឹង។
លោកបន្តថា៖«បណ្តាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ គប្បីត្រូវមានកម្រិតដោយមិនត្រូវឱ្យពិធីករ ពិធីការិនី ឬប្រជាពលរដ្ឋ ជាពិសេសគឺយុវជន-យុវនារី គាស់កំប៉ុងភ្លក់ស្រាបៀដែលកំពុងមានការឡាយ ក្នុងកម្មវិធីអ្វីនោះឡើយ ខណៈរូបភាពដែលបង្ហាញពីយុវជនឱ្យមានការភ្លក់ស្រាបៀនៅលើប្រព័ន្ធផ្សព្វផ្សាយទៅកាន់មហាជននោះ វាជះឥទ្ធិពលអាក្រក់ដល់សង្គមទាំងមូល»។
លើសពីនេះទៀត លោក ហ៊ុន ម៉ាណែត ជំរុញឱ្យស្ថាប័នដែលមានសមត្ថកិច្ចត្រូវតែអនុវត្តន៍ និងពិនិត្យជាតិអាល់កុលចំពោះអ្នកបើកបរតាមដងផ្លូវបន្ថែមទៀត ឱ្យបានតឹងរឹងចាប់ពីពេលនេះទៅ។
លោកបន្តថា៖ «ខ្ញុំសុំឱ្យឯកឧត្តម ស ថេត ពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាកុល[…]បួននាក់ថ្ងៃមុនសុទ្ធតែជាអ្នកខំប្រឹងរៀន អ្នកខ្លះគ្រួសារក្រីក្រ អណាគត់វែងឆ្ងាយ យើងសង្វែកណាស់ ហើយគ្រោះថ្នាក់ធំរបស់យើងឥឡូវ គឺរឿងគ្រោះថ្នាក់ចរាចណ៍ហ្នឹងឯង ស្លាប់ច្រើជាងគ្រាប់បែក គ្រាប់មីនទាំងអស់ អញ្ជឹងសូមពិនិត្យមើល ជាពិសេសអនុវត្តនូវវិធានច្បាប់ដែលយើងមានហើយ »។
តួលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បានព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះទេ អត្រាអ្នកស្លាប់នឹងបន្តកើនឡើងលើសពី២ ០០០នាក់ក្នុងមួយឆ្នាំពុំខាន។
ដោយឡែក លោក គីម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រាប់ Newsroom Cambodia ថា លោកគាំទ្រចំពោះវិធានការ និងសកម្មភាពរបស់រដ្ឋាភិបាល ពិសេសកងកម្លាំងនគរបាលចររាចរ ក្នុងការត្រួតពិនិត្យ និងអនុវត្តច្បាប់។
លោកលើកឡើងថា៖ «គ្រោះថ្នាក់ចរាចរណ៍មានមូលហេតុច្រើន អញ្ជឹងគ្រឿងស្រវឹងនេះ ជាមូលហេតុមួយក្នុងមូលហេតុផ្សេងទៀត មានទាក់ទងជាមួយនឹងល្បឿន ការនិយាយទូរស័ព្ទក្នុងពេលបើកបរ ការមិនពាក់មួកសុវត្ថិភាពជាដើម »។
ក្នុងនាមស្ថាប័នដែលគាំពារការអនុវត្តច្បាប់ លោក គីម បញ្ញា ស្នើឱ្យនគរបាលចរាចរណ៍ត្រួតពិនិត្យអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ និងជាប់លាប់ជាពិសេសពេលយប់ គឺផ្តោតលើជាតិអាកុល ឬគ្រឿងស្រវឹងជាចម្បង។ជាងនេះទៀតការអនុវត្តច្បាប់ដោយនគបាលចរាចរណ៍ផ្លូវគោកត្រួតពិនិត្យឱ្យបានត្រឹមត្រូវដោយគ្មានការអនុគ្រោះ ទាក់ទងគ្រឿងស្រវឹង ហើយត្រូវមានច្បាប់ឬគោលនយោបាយគ្រប់គ្រង ឬត្រួតពិនិត្យ។
លោកបន្តថា៖ « មិនត្រឹមតែការផ្សព្វផ្សាយពាណិជ្ជកម្មទេ តែការលក់ដូរ អាយុដែរអាចទិញបានអាហ្នឹងក៏យើងត្រូវតែគ្រប់គ្រងដែរ[…]យើងចាំបាច់ត្រូវមានច្បាប់ ឬគោលនយោបាយត្រួតពិនិត្យ គ្រប់គ្រងគ្រឿងស្រវឹងហ្នឹង បន្ថែមពីលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ដែលមានជាធរមាន »។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន លើកឡើងថាកន្លងមកក៏មានការត្រួតពិនិត្យជាតិអាកុលនេះដែរ។
លោកបន្តថា៖ « មានផែនការរួចស្រេចទៅហើយទាក់ទងនឹងការត្រួតពិនិត្យអាល់កុលនៅតាមដងផ្លូវនេះ ប៉ុន្តែក្រោយពីការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីមកយើងនឹងពង្រឹងបន្ថែមទៀតឱ្យបានតឹងរឹងបំផុត ចំណែកការផ្សាយមិនមែនជាសមត្ថកិច្ច មិនចេះតែធ្វើអ្វីគេបានទេ […] បើមានច្បាប់ថាគាស់ស្រាមានច្បាប់កាត់ទោស អីចឹងបានប៉ូលីសមានសិទ្ធិទៅធ្វើបាទ »។
ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា ក្នុងរយៈពេញមួយឆ្នាំ ២០២៣ មានជនរងគ្រោះជាង១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍ ចំណែកមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
លោករដ្ឋមន្ត្រីរូបនេះបន្ថែមថា៖«ក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត »។
របាយការណ៍របស់ក្រសួងមហាផ្ទៃដែលចេញកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២៤ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅឆ្នាំ២០២៣ មានជាង៤ពាន់ករណី(៤ ៥១៥) ដែលអត្រានេះមានការកើនឡើងជាងឆ្នាំ២០២២ ដែលមានប្រមាណ៤ពាន់ករណី(៤ ០២៦)។ចំណែក អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ មានជាង១ពាន់នាក់(១ ៥៩០)។តួលេខនេះមានការថយចុះ៧ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានប្រមាណ១ពាន់នាក់(១ ៧០៩)៕